ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញជំរុញឱ្យមន្ទីរកសិកម្ម និងអាជ្ញាធរខណ្ឌទាំង១៤ មើលថែដើមឈើឱ្យបានល្អ
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ពិនិត្យមើលថែដើមឈើគ្រប់ប្រភេទដែលបានដាំរួចនៅក្នុងរាជធានីភ្នំពេញឱ្យបានល្អ ពិសេសត្រូវជួយបំផុសប្រជាពលរដ្ឋឱ្យចេះស្រលាញ់ថែដើមឈើ។

លោក ឃួង ស្រេង លើកឡើងក្នុងពិធីដាំដើមឈើអបអរសាទរ រុក្ខទិវា ០៩ កក្កដា ឆ្នាំ២០២២ នៅបរិវណវត្តឆ្លៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី ២១ ខែកក្កដានេះ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ នៅរាជធានីភ្នំពេញថ្វីត្បិតតែពុំមានផ្ទៃដីទំនេរ មានទំហំធំសម្រាប់ដាំឈើជាចម្ការក៏ពិតមែន តែពិធីនេះតែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំដូចបណ្តាខេត្តនានាទូទាំងប្រទេសដែរ លើកលែងតែឆ្នាំ២០២០ និង២០២១ ដែលពិធីនេះត្រូវអាក់ខានដោយសារការឆ្លងរាលដាលនូវជំងឺកូវីដ-១៩។

ពាក់ព័ន្ធនិងជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនូវវិធានការនានា រួមទាំងវិធាន ការ៣ និង៣ការពារ ដើម្បីទប់ស្កាត់ការពារការឆ្លងរាលដាលជំងឺកូវីដ-១៩ សំដៅការពារអាយុជីវិតប្រជាពលរដ្ឋ រហូតធ្វើឱ្យប្រទេសកម្ពុជា បានរួចផុតពីវិបត្តិនៃជំងឺរាតត្បាតនេះ។
ប៉ុន្តែទោះជាយ៉ាងនេះក្តី សកម្មភាពបណ្តុះកូនឈើ និងចែកចាយកូនឈើជូនសាធារណជន អង្គភាពសាធារណៈ សាលារៀន វត្តអារាម សម្រាប់យកទៅដាំ ត្រូវបានអនុវត្ត ជាធម្មតាស្របតាមរដូវកាលដាំដុះមិនមានការអាក់ខានឡើយ ដោយគ្រាន់តែមិនមានការជួបជុំគ្នាប្រារព្ធពិធីប៉ុណ្ណោះ។

លោក ឃួង ស្រេង បានបន្តទៀតថា នៅភ្នំពេញអាជ្ញាធរបានត្រៀមដើមឈើចំនួន២សែនដើម ដើម្បីដាំនៅឧទ្យាន។ សម្រាប់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវយកចិត្តទុកដាក់ ក្នុងការ ពិនិត្យ មើលថែដើមឈើគ្រប់ប្រភេទដែលយើងបានដាំរួច ព្រោះមានមនុស្សខ្លះ លួចសម្លាប់ដើមឈើរបស់យើង។ នេះជាបញ្ហាមួយដែលយើងត្រូវតែយកចិត្តទុកដាក់ មើលថែដើមឈើអោយបានម៉ត់ចត់។
លោក ចាន់ រិទ្ធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ រុក្ខទិវា ត្រូវប្រារឰធ្វើឡើងនៅថ្ងៃទី០៩ ខែកក្កដា ជារៀងរាល់ឆ្នាំ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឬព្រះរាជតំណាង។

ការរៀបចំពិធីអបអរសាទរទិវាដាំដើមឈើជាប្រពៃណីជាតិឆ្នាំនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានកំណត់យកបរិវេណ វត្តឆ្លៀតសិម្ពលី ស្ថិតក្នុងភូមិស្វាយ សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ជាទីតាំងសម្រាប់ប្រារព្ធពិធី។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ពីធីដាំដើមឈើអបអរសាទរពិធីរុក្ខទិវា ០៩ កក្កដា ឆ្នាំ ២០១៩ ត្រូវបានធ្វើឡើងនៅវត្តនិគ្រោធវ័ន (ហៅវត្តគល់ទទឹង) តែសម្រាប់ពិធី ឆ្នាំនេះ យើងដាំដើមឈើចម្រុះប្រភេទ (មានក្រញូង ធ្នង់ នាងនួន បេង គគីរ ឈើទាល គីនីន ច្រេស កកោះ សាគូរ៉ា ត្នោត ក្ងោក អំពិលបារាំង ឥន្ទនេល រាំងភ្នំ រាំងទឹក និងដើមពោធិ៍) សរុបចំនួន ១ ០៧២ដើម ។
រដ្ឋបាលរាជធានីភ្នំពេញ បានដាំដើមឈើចំនួន ៣ ១១៦ ដើមទៀតនៅតាមបណ្តាវត្តអារាម សាលារៀន និងដងផ្លូវសាធារណៈនានា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញខណ្ឌរដ្ឋបាលព្រៃឈើ ភ្នំពេញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ បានធ្វើការបណ្តុះកូនឈើជាច្រើនប្រភេទ ចំនួនប្រមាណ ៣០០០០ដើមក្នុង១ឆ្នាំ សម្រាប់ទុកប្រគេនព្រះសង្ឃ និងចែកជូនប្រជាពលរដ្ឋយកទៅដាំដែលសម្រាប់ឆ្នាំ២០២២ ដោយគិតត្រឹមដំណាច់ខែមិថុនានេះ មានកូនឈើទុកត្រៀមសម្រាប់ចែកជូនដល់សាលារៀន វត្តអារាម សាលាខណ្ឌ គ្រឹះស្ថានសាធារណៈ និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០ ០០០ដើម៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


