ព័ត៌មានជាតិ
លោក ទៀ សីហា ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះមន្ដ្រីដែលចូលទៅកាន់កាប់ដីព្រៃលិចទឹកនៅបឹងទន្លេសាបក្រោយការកាត់ឆ្វៀល
ដីព្រៃលិចទឹកតំបន់៣នៅក្នុងស្រុក ក្រុងចំនួន៦ គឺមិនត្រូវមានឈ្មោះមន្ដ្រី ឬអាជ្ញាធរណាមួយកាន់កាប់ឡើយ។ នេះ គឺជាការលើកឡើងរបស់ លោក ទៀ សីហា អភិបាលខេត្ដសៀមរាបនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃទិន្នន័យក្បាលដីប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលមុនឆ្នាំ២០១២ ស្ថិតនៅក្នុងតំបន់៣ នៃបឹងទន្លេសាប ភូមិសាស្ត្រខេត្តសៀមរាប នៅរសៀលថ្ងៃសៅរ៍នេះ។

លោក ទៀ សីហា បន្ថែមថា ដីព្រៃលិចទឹកនៅតំបន់៣នៃបឹងទន្លេសាប ដែលគ្រោងដាក់សំណើទៅរាជរដ្ឋាភិបាល ដើម្បីចុះពិនិត្យបន្ដ និងកាត់ឆ្វៀលជូនប្រជាពលរដ្ឋនេះ ចាំបាច់ត្រូវសិក្សាឱ្យបានច្បាស់លាស់ បើសិនរកឃើញថា ជារបស់មន្ត្រី ឬអាជ្ញាធរណាមួយនោះ រដ្ឋបាលខេត្ត នឹងមានវិធានការផ្លូវច្បាប់។
របាយការណ៍នៃកិច្ចប្រជុំ បានបង្ហាញថា អនុវត្តន៍តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តសៀមរាប បានរៀបចំបង្កើតក្រុមការងារត្រួតពិនិត្យ និងអង្កេតវាស់វែង ប្រមូលទិន្នន័យក្បាលដីប្រជាពលរដ្ឋ ដែលបានកាន់កាប់អាស្រ័យផលមុនឆ្នាំ២០១២ ស្ថិតនៅក្នុងតំបន់៣ នៃបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្ត្រក្រុង-ស្រុកទាំង៦ ក្នុងខេត្តសៀមរាប។ ក្រុង ស្រុកទាំង៦នេះ រួមមាន ក្រុងសៀមរាប ស្រុកជីក្រែង ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង ស្រុកពួក និងស្រុកក្រឡាញ់ គ្របដណ្តប់លើផ្ទៃដី ១២ម៉ឺនហិកតា ក្នុងនោះ មានភូមិករស្ថិតនៅក្នុងតំបន់៣ ទាំងស្រុងសរុបចំនួន ២៣ភូមិ។

របាយការណ៍ដដែលបង្ហាញថា លទ្ធផលនៃការចុះពិនិត្យ និងវាយតម្លៃទិន្នន័យក្បាលដីរបស់ប្រជាពលរដ្ឋស្ថិតក្នុងតំបន់បី និងបានកាន់កាប់អាស្រ័យផលមុនឆ្នាំ២០១២ នៃបណ្ដាក្រុង ស្រុកទាំង៦ មានផ្ទៃដីជាង២ម៉ឺនហិកតា និងផ្ទៃដីលំនៅឋានប្រមាណជាង ១៦០ហិកតា។ ក្នុងនោះ ផ្ទៃដីដែលបានកាត់ឆ្វៀលនៅឆ្នាំ២០១២ មានជាង៨ពាន់៦រយហិកតា ផ្ទៃដីអាស្រ័យផលមុនឆ្នាំ២០១២ ដែលមិនទាន់កាត់ឆ្វៀលមានចំនួន ៦ពាន់៦រយហិកតា។ ផ្ទៃដីអាស្រ័យផលឆ្នាំ២០១២ ដល់ឆ្នាំ២០២១ មានចំនួនជាង៦ពាន់២រយហិកតា ផ្ទៃដីលំនៅឋានសរុបចំនួនជាង ១៦០ហិកតា និងផ្ទៃដីគម្រោងអេកូហ្សូនចំនួនជាង ៣៨ហិកតា ដែលស្មើរនឹង១៥ក្បាលដី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ចុះសិក្សាដីរបស់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ត្រូវធ្វើការកាត់ឆ្វៀលជូនប្រពលរដ្ឋដែលបានរស់នៅ និងអាស្រ័យផលចាប់ពី ១០ឆ្នាំឡើងទៅតាមភាពជាក់ស្ដែង និងយោងអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ស្តីពីការកំណត់បង្កើតដែនព្រៃលិចទឹក៕
ដោយ៖ គឿន វេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


