Connect with us

ព័ត៌មានជាតិ

ការហោះហើរត្រង់ពីកូរ៉េមកកាន់ខេត្តសៀមរាប នឹងបើកឱ្យដំណើរការឆាប់ៗខាងមុខនេះ

បានផុស

នៅ

​លោក​ Park Sungjin អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា ការហោះហើរត្រង់ពីកូរ៉េមកកាន់ខេត្តសៀមរាបនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ និង​ធ្វើឱ្យ​កំណើន​ភ្ញៀវទេសចរ​ចូលមក​កាន់​ខេត្តសៀមរាប និង​មាន​ភាពប្រសើរ​ឡើងវិញ​។​ ការលើកឡើង​របស់លោក Park Sungjin​ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​ ០៣ ខែ​សីហា ​ក្នុងឱកាស​ដែល​លោក​បាន​ចូលជួប​សម្តែង​ការគួរសម និង​ជម្រាបលា​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​នៅ​សាលាខេត្ត​សៀមរាប ។

​នាឱកាស​នោះដែរ លោក Park Sungjin បាន​សម្តែង​នូវ​ការកោតសរសើរ ពី​ភាព​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី ក៏ដូចជា​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​អាជ្ញាធរខេត្ត​សៀមរាប លើ​កិច្ច​អភិវឌ្ឍន៍​នូវ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ សំខាន់​នៅក្នុង​បរិបទ​កូ​វីដ​-១៩ ខេត្តសៀមរាប មាន​កិច្ចអភិវឌ្ឍន៍​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ក្នុង​ក្រុង​សៀមរាប ដែលជា​ក្រុង​គោលដៅ​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ប្រវត្តិសាស្ត្រ ក្នុងការ​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត ហើយក៏​ជាទី​ក្រុង​មួយ​ដែលមាន​ការអភិវឌ្ឍន៍​ជឿនលឿន​ទៀតផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកក៏បាន​ថ្លែងអំណរគុណ​ផងដែរ ពី​ភាព​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា លើ​ការងារ​សុខភាព​សាធារណៈ សំខាន់​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ ដោយ​មិនបាន​ប្រកាន់ពូជសាសន៍​ពណ៌​សម្បុរ​ដោយ​ឥតគិតថ្លៃ សំខាន់​ប្រជាជន​កូរ៉េ នៅ​កម្ពុជា​បាន​ចាក់​គ្រប់ៗ​គ្នា​ផងដែរ ​ពិសេស​បាន​យកចិត្តទុកដាក់​លើ​សន្តិ​សុខសុវត្ថិភាព​ជូន​ដល់​ប្រជាជន​កូរ៉េ​ ខណៈ​បច្ចុប្បន្ននេះ​ មាន​ប្រជាជន​កូរ៉េ​ប្រមាណ ២០០០ ​នាក់ កំពុង​រស់នៅ​ប្រកបមុខរបរ​ការងារ​អាជីវកម្ម​នៅ​ខេត្តសៀមរាប​។ លោក​ក៏​នឹង​ជំរុញ​ដល់​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ខេត្ត ក្រុង​សម្ព័ន្ធមេត្រី ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ឡើង​ថែមទៀត​។

​លោក ទៀ សីហា បាន​លើកឡើងថា ​ក្នុង​រយៈពេល ៣​ ឆ្នាំ មកនេះ លោក អគ្គ​កុងស៊ុល បានធ្វើ​កិច្ចទំនាក់ទំនង​សហប្រតិបត្តិ​ការល្អ ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា​គួរឱ្យកត់សម្គាល់​។ ម្យ៉ាងទៀត​ក្នុងពេល​កន្លងមកអគ្គ​កុងស៊ុល​កូរ៉េ​ប្រចាំខេត្ត ក៏បាន​ធ្វើការ​សម្របសម្រួល​នូវ​ការងារ​មួយចំនួន ជាមួយ​បណ្តា​ខេត្ត ក្រុង​ចង​សម្ព័ន្ធ​មេត្រីភាព​ជាមួយ​ខេត្តសៀមរាប​។

​ក្នុងនោះ លោក​អភិបាលខេត្ត ក៏បាន​លើក​ផងដែរ ​ចំពោះ​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ​ជាមួយ​ខេត្តក្រុង​សម្ព័ន្ធ​មេត្រី​ជាមួយ​ខេត្តសៀមរាប ដែល​បាន​អសកម្ម​កន្លងមក​ដោយ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ ធ្វើឱ្យមាន​ការអាក់ខាន​ក៏ពិតមែន តែ​កិច្ចសហប្រតិបត្តិការ​ទំនាក់ទំនង​ក៏​រដ្ឋបាល​ខេត្តសៀមរាប នៅតែ​បន្ត​រក្សា​នូវ​ចំណង​មេត្រីភាព​នឹង​ទៅមុខ​ជានិច្ច​។ មួយវិញទៀត នៅ​ខែតុលា​ខាងមុខនេះ រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ក្រុម​ប្រតិភូ​មួយ ដឹកនាំ​ដោយ លោក​ទៅ​បន្ត​ការចុះហត្ថលេខា​កិច្ចការ​យោគយល់​គ្នា​រវាង​ខេត្ត ក្រុង​សម្ព័ន្ធមេត្រី ក្នុងការ​រឹតចំណង​មិត្តភាព​នៃ​ប្រទេស និងប្រជាជន​ទាំងពីរឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។

​លោក​អភិបាលខេត្ត ក៏បាន​លើក​ផងដែរ ពី​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ក​ន្ល​ង​មក លើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម ការផ្តល់​អាហារូបករណ៍​ទៅ​សិក្សា ព្រមទាំង​ការ​ផ្តល់នូវ​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត សំខាន់​ក្រុង​ស៊ូ​វ៉ុ​ន ក៏បាន​បង្កើត​ភូមិ​មិត្តភាព​ស៊ូ​វ៉ុ​ន ភ្នំ​ក្រោម ព្រមទាំង​សាងសង់ អគារសិក្សា​ថ្នាក់​បឋម​, អនុវិទ្យាល័យ និង​វិទ្យាល័យ​ទៀតផង​។ លោក​អភិបាលខេត្ត បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​កូរ៉េ ដែល​បាន​ជំរុញ​ដល់​វិស័យ​ទេសចរណ៍ ចូលមក​កម្ពុជា​នៅ​ថ្ងៃ​ខាងមុខ តាម​ជើងហោះហើរ​ឆ្ពោះ​ត្រង់​មក​ខេត្តសៀមរាប នឹងធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​ខេត្តសៀមរាប មានការ​រីកចម្រើន​ឡើងវិញ ក្រោយពី​បញ្ចប់​វិបត្តិ​ជំងឺ​កូ​វីដ​-១៩៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម