Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីគុយបានឹងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជានៅថ្ងៃទី ៤ ខែតុលានេះ

បានផុស

នៅ

លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបានឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៣ ថ្ងៃ ចាប់ពីថ្ងៃទី ៤-៦ ខែតុលា ឆ្នាំ២០២២។ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីគុយបាមកកាន់កម្ពុជានាពេលនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជានេះ លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នឹងចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្រត្សនៃកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

បន្ទាប់មក លោកនាយករដ្ឋមន្ត្រីគុយបា នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រោយជំនួប ប្រមុខរដ្ឋាភិបាលទាំងពីរ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ដែលនឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតរវាងកម្ពុជា-គុយបាលើវិស័យកីឡា អប់រំ និងវប្បធម៌ ក៏ដូចជាវិស័យផ្សេងៗទៀតផងដែរ។

ក្រសួងការបរទេសកម្ពុជាចាត់ទុកដំណើរទស្សនកិច្ចរបស់លោក ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្ត្រីគុយបា នឹងបញ្ជាក់ជាថ្មីអំពីទំនាក់ទំនងយូរអង្វែង ​និងប្រកបដោយមិត្តភាពរវាងកម្ពុជា-គុយបាក៏ដូចជាការគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតលើកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម