Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ស៊ីប៊ីស៊ី (CBC) ប្រារព្ធកម្មវិធីអបអរសាទរខួប ១០ ឆ្នាំ នៃការបង្កើតឡើងប្រព័ន្ធចែករំលែកព័ត៌មានឥណទាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា

បានផុស

នៅ

​ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី (​ស៊ី​ប៊ី​ស៊ី​) បាន​ប្រារព្ធ​កម្មវិធី​អបអរសាទរ​ខួប ១០ ​ឆ្នាំ នៃ​ការបង្កើត​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ​កិ​ត្ដិ​បណ្ឌិត អ៊ុក ម៉ាលី ទេសាភិបាលរង​ធនាគារជាតិ នៃ​កម្ពុជា លោកជំទាវ​បណ្ឌិត ជា សិរី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី និង​ជា​ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​បច្ចេកទេស ធនាគារជាតិ​នៃ​កម្ពុជា​។

ជាមួយគ្នានេះ ក៏មាន​ការចូលរួម​ជា​កិត្តិយស​ពី​សំណាក់ មន្ត្រី​មកពី​ធនាគារជាតិ​នៃ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ពាក់ព័ន្ធ​សំខាន់ៗ​នានា ព្រមទាំង​ថ្នាក់ដឹកនាំ​មកពី​ស្ថាប័ន​វិស័យ​ហិរញ្ញវត្ថុ​ជា​សមាជិក​ទាំង ១៨១​ ស្ថាប័ន របស់​ស៊ី​ប៊ី​ស៊ី បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ ដើម្បី​អបអរសាទរ​ដល់ ស៊ី​ប៊ី​ស៊ី ក្នុង​ដំណើរការ​ប្រតិបត្តិការ​អស់​រយៈពេល ១០ ឆ្នាំ​របស់ខ្លួន​ដើម្បី​លើកកម្ពស់​វិស័យ​ហិរញ្ញវត្ថុ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​រយៈពេល​មួយ​ទស្សវត្ស​ចុងក្រោយ​នេះ ស៊ី​ប៊ី​ស៊ី បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​កាត់បន្ថយ​ផលប៉ះពាល់ ​និង​បង្កើន​ស្ថិរភាព​វិស័យ​ហិរញ្ញវត្ថុ​។ របាយការណ៍​ឥណទាន បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ផ្សារភ្ជាប់​គម្លាត​ព័ត៌មាន​រវាង​អ្នកផ្ដល់​កម្ចី និង​អ្នកប្រើប្រាស់​កម្ចី ដើម្បី​វាយតម្លៃ​ហានិភ័យ​ឥណទាន​យ៉ាង​ឆាប់រហ័ស និង​ធ្វើការ​សម្រេចចិត្ត​លើ​ប្រាក់កម្ចី​ដែលជា​ការស​ម្រួ​ល​ដល់​ការទទួលបាន​ហិរញ្ញវត្ថុ​។ ក្នុងនាម​ជា​ហេដ្ឋារចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ ដ៏​សំខាន់​នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា ស៊ី​ប៊ី​ស៊ី តែងតែមាន​ការអភិវឌ្ឍ​ផលិតផល និង​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​កំពុង​រីកចម្រើន ដើម្បី​បំពេញតម្រូវការ នៃ​ការកើនឡើង​នៃ​ស្ថាប័នហិរញ្ញវត្ថុ​ជា​សមាជិក​របស់ខ្លួន​។

​ស៊ី​ប៊ី​ស៊ី បាន​បង្កើតឡើង​នៅ​ថ្ងៃទី ​១៩ ខែមីនា ឆ្នាំ​ ២០១២ ដែល​ទទួលបាន​អាជ្ញាប័ណ្ណ ពី​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​គោលបំណង​ធ្វើឱ្យមាន​ភាពប្រសើរឡើង​នូវ​ការវាយតម្លៃ​ហានិភ័យ​ឥណទាន និង​ធ្វើឱ្យ​ទីផ្សារ​ឥណទាន​មាន​តម្លាភាព និង​ការគ្រប់គ្រង​បាន​យ៉ាង​ល្អប្រសើរ សម្រាប់​ស្ថាប័នហិរញ្ញវត្ថុ​ក្នុងប្រទេស​។ ស៊ី​ប៊ី​ស៊ី បាន​នឹង​កំពុង​ពង្រីក​ខ្លួន និង​បន្ដ​រីកចម្រើន ក្នុង​រយៈពេល មួយ​ទសវត្ស​ចុងក្រោយ​នេះ ពី​សមាជិក​ចំនួន ៥១ ក្នុង​ឆ្នាំ ២០១២ ដល់ ១៨១ ក្នុង​ឆ្នាំ ២០២២ នេះ​។

​ក្នុងឱកាស​គម្រប់​ខួប ១០ ​ឆ្នាំ​របស់ខ្លួន ស៊ី​ប៊ី​ស៊ី ក៏បាន​រៀបចំ​វេទិកា​ពិភាក្សា​ស្ដីពី «​ហានិភ័យ​ឥណទាន​ក្នុង​ភាពមិនច្បាស់លាស់ និង​ការរំខាន​ផ្នែក​ឌីជីថល​»​។ បណ្តា​អ្នកដឹកនាំ​ជាន់ខ្ពស់​មកពី​ឧស្សាហកម្ម​ហិរញ្ញវត្ថុ បាន​ចែករំលែក​នូវ ចំណេះដឹង និង​ការយល់ឃើញ​របស់​ពួកគេ​លើ​ការវិវត្ត និង​ការ​សម្រប​ខ្លួន​នៃ​ទីផ្សារ​ឥណទាន ចំពេល​មាន​វិបត្តិ និង​ភាពមិនប្រាកដប្រជា នៃ​សេដ្ឋកិច្ច តាមរយៈ​ការប្រើ​បច្ចេកវិទ្យា​ឈានមុខ​។

​សព្វថ្ងៃនេះ ស៊ី​ប៊ី​ស៊ី បាន​បើក​ដំណើរការ​ឧបករណ៍​វិភាគ​ទិន្នន័យ ដែល​ជំរុញឱ្យមាន​ប្រព័ន្ធ​អេកូឡូស៊ី ក្នុងការ​ធ្វើការ​សម្រេច​ចិត្ត លើកកម្ពស់ ការគ្រប់គ្រង​ហានិភ័យ​ឥណទាន​តាមរយៈ​បច្ចេកវិទ្យា​នៃ​អាជីវកម្ម​ឆ្លាត​វៃ ការវិភាគ​ទិន្នន័យ និង​ដំណោះស្រាយ​ការវិភាគ​ព្យាករណ៍ សម្រាប់ ការវាយតម្លៃ​សំណើសុំ​ប្រាក់កម្ចី ការត្រួតពិនិត្យ​ផលប័ត្រ និង​ការវិភាគ​យុទ្ធសាស្ត្រ​។ បន្ទាប់ពី​បាន​បើក​ដំណើរការ សេវា​វិភាគ​ទិន្នន័យ​ជំនាន់​ថ្មី (DAR) និង ពិន្ទុ ខេ ស្ករ (K-Score) ក្នុង​ឆ្នាំ ២០២០ កន្លងទៅ ស៊ី​ប៊ី​ស៊ី បាន​ដាក់ឱ្យ​ដំណើរការ​នូវ​ដំណោះស្រាយ ផែនទី​ហានិភ័យ​ឥណទាន ដំបូងបង្អស់​នៅ​កម្ពុជា សម្រាប់​សមាជិក​ទាំងអស់​របស់ខ្លួន​។

​ក្នុង​ពិធី​លៀង​សាយភោជន​ពេល​ល្ងាច នៃ​កម្មវិធី​អបអរសាទរ​ខួប ១០ ​ឆ្នាំនេះ ធនាគារជាតិ​នៃ​កម្ពុជា បានប្រគល់​ប័ណ្ណសរសើរ ជូន​ដល់ ស៊ី​ប៊ី​ស៊ី សម្រាប់​ការចូលរួមចំណែក​រប​ស់​ខ្លួន ក្នុងការ​គ្រប់គ្រង​ហានិភ័យ​ឥណទាន តម្លាភាព​ទីផ្សារ​ឥណទាន និង​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​។ ក្នុងអំឡុងពេល​នៃ​កម្មវិធី​ដ៏​ពិសេស​នេះ ស៊ី​ប៊ី​ស៊ី ក៏បាន​ប្រគល់​ប័ណ្ណសរសើរ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជា ជា​សមាជិក​ដៃគូ​ចំនួន ១០ ដែល​ប្រតិបត្តិការ​ប្រកបដោយ​ឧត្តមភាព ផ្នែក​គុណភាព​ទិន្នន័យ ការរួមចំណែក​ទិន្នន័យ ការសហការ​ក្នុង​ឧស្សាហកម្ម និង​នវានុវត្តន៍​ទិន្នន័យ​។

​លោកជំទាវ​បណ្ឌិត ជា សិរី ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បាន​មានប្រសាសន៍ថា​៖ «​ការនាំយក ព័ត៌មាន​ឥណទាន​បុគ្គល និង​អាជីវកម្ម​ទាំងអស់ ដែល​ស្ថិតនៅក្រោម​ប្រព័ន្ធ​ចែករំលែក​ព័ត៌មាន​ឥណទាន ដើម្បី​លើកកម្ពស់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ប្រកបដោយ ការទទួលខុសត្រូវ និង​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព គឺជា​ការប្តេជ្ញាចិត្ត​ដ៏​សំខាន់​មួយ​នៅក្រោម​ចក្ខុវិស័យ និង​បេសកកម្ម​របស់ ស៊ី​ប៊ី​ស៊ី​។ នៅពេល​យើង​ឈាន​ជើង​ចូលទៅក្នុង​ទសវត្ស​បន្ទាប់ ស៊ី​ប៊ី​ស៊ី សង្ឃឹមថានឹង​អនុញ្ញាត​ឱ្យមាន​ក្របខណ្ឌ​របាយការណ៍ ឥណទាន​ឆ្លង​ព្រំដែន ដើម្បី​បើក​លទ្ធភាព​ទទួលបាន​ហិរញ្ញវត្ថុ​ដោយ​គ្មាន​ព្រំដែន​ភូមិសាស្ត្រ​។ យើង​ជឿជាក់ថា​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខ ស៊ី​ប៊ី​ស៊ី អាច​ទាញយក ប្រភព​ទិន្នន័យ​ជំនួស​ជាច្រើន តាមរយៈ​ការសហការ​ជាមួយ​ប្រព័ន្ធ សេវា​ទឹក​ភ្លើង ទូរគមនាគមន៍ និង​ក្រុមហ៊ុន​ទូទាត់ ប្រាក់​ផ្សេងៗ​។​»

​លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ ក្រុមហ៊ុន ក្រេ​ឌី​ត ប្យួ​រ៉ូ (​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី បាន​លើកឡើងថា​៖ «​ក្នុងអំឡុងពេល​នៃ​ការធ្វើដំណើរ រយៈពេល​ ១០ ​ឆ្នាំ​កន្លងមកនេះ យើង​បាន​ផ្តល់ជូន​នូវ​ការរាយការណ៍ និង​ហេដ្ឋារចនាសម្ព័ន្ធ​វិភាគ​ដ៏​ទំនើប និង​សុវត្ថិភាព​ដល់​ស្ថាប័នហិរញ្ញវត្ថុ ជា​សមាជិក​របស់​យើង ដើម្បី​ធ្វើឱ្យ​ទីផ្សារ​ឥណទាន​ដំណើរការ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​។ ចក្ខុវិស័យ​របស់​យើង សម្រាប់​ទស្សវត្ស​ក្រោយ គឺ​ធ្វើឱ្យ​បរិយាកាស​ធ្វើការ​សម្រេចចិត្ត​គ្មាន​ការ​រង្កៀស​ចិត្ត​ដល់​សមាជិក​របស់​យើង ដោយ​គ្រាន់តែ​ចុច​ម្រាមដៃ​របស់ខ្លួន ដោយ​ប្រើ​ទិន្នន័យ និង​បច្ចេកវិទ្យា​ដែលមាន​ស្រាប់​។​»

​ជាមួយគ្នានេះ ស៊ី​ប៊ី​ស៊ី មានការ​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​សង្គម និង​ប្រជាជន​។ ក្នុងឱកាស​គម្រប់​ខួប ១០ ​ឆ្នាំនេះ ស៊ី​ប៊ី​ស៊ី បាន​បើក ដំណើរការ​កម្មវិធី​អាហារូបករណ៍​ស៊ី​ប៊ី​ស៊ី (CBC Scholarship Scheme) ជា​កិច្ចសហការ​លើកដំបូង​ផ្នែក​ឧស្សាហកម្ម -​វិស័យ​អប់រំ ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ រួមទាំង​សាកលវិទ្យាល័យ ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដើម្បី​រៀបចំ​ការងារ នាពេល​អនាគត សម្រាប់​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ផ្នែក​វិទ្យាសាស្ដ្រ​ទិន្នន័យ សេដ្ឋកិច្ច និង​គ្រប់គ្រង​។ លើសពីនេះ កម្មវិធី​នវានុវត្តន៍ បុគ្គលិក​របស់ ស៊ី​ប៊ី​ស៊ី គឺជា​វេទិកា​បើកចំហ ឱ្យ​បុគ្គលិក​របស់ខ្លួន​រួមចំណែក​ចែករំលែក​គំនិត សម្រាប់​ការរីកចម្រើន និង​ការអភិវឌ្ឍន៍​របស់ ក្រុមហ៊ុន ដែល​បច្ចុប្បន្ន​កំពុងដំណើរកា​រ​ក្នុង​ឆ្នាំ​ទី​ពីរ​ហើយ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខអ្នករងរបួសឧបទ្ទវហេតុរថភ្លើងបុកជាមួយរថយន្តក្រុង

ព័ត៌មានជាតិ៦ នាទី មុន

គ.ជ.អ.ប និងអង្គការទស្សនៈពិភពលោក រៀបចំវេទិកាផ្សព្វផ្សាយការអនុវត្តការងារគណនេយ្យភាពសង្គម

ព័ត៌មានអន្ដរជាតិ៤១ នាទី មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម