ព័ត៌មានជាតិ
ថៃ សន្យានឹងបន្តជួយ កម្ពុជា លើការបណ្ដុះបណ្ដាលធនធានមនុស្ស វិស័យTVET ឲ្យកាន់តែមានគុណភាពសំបូរបែប
ព្រះរាជាណាចក្រថៃ បានសន្យាថា នឹងជួយបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាលើផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ឲ្យមានគុណភាពកាន់តែច្រើនបន្ថែមទៀត ដើម្បីរួមចំណែកកសាងសេដ្ឋកិច្ចកម្ពុជាឲ្យមានវិបុលភាពស្របតាមការរីកចម្រើនរបស់បច្ចេកវិទ្យាពិភពលោក។

ការសន្យាបែបនេះធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមរវាង លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកបណ្ឌិតសាស្ត្រាចារ្យ Anek Laothamatas រដ្ឋមន្ត្រីក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ នៃព្រះរាជាណាចក្រថៃ កាលពីព្រឹកថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួងការងារ។

លោកបណ្ឌិត អ៊ិត សំហេង បានថ្លែងអំណរគុណដល់ប្រតិភូក្រសួងឧត្ដមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ (MHESI) ដែលនឹងផ្តល់អាហារូបករណ៍ជាក់លាក់ដល់មន្ត្រី គ្រូបច្ចេកទេស និងនិស្សិត នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល TVET របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកបណ្ឌិត អ៊ិត សំហេង ក៏បានសំណូមពរឲ្យភាគីថៃជួយក្នុងការពង្រឹងប្រព័ន្ធឌីជីថលសម្រាប់អភិបាលកិច្ច និងរដ្ឋបាល TVET, លើកកម្ពស់ការផ្សព្វផ្សាយជំរុញការចុះឈ្មោះចូលរៀន TVET ក៏ដូចជាលើកកម្ពស់ការស្រាវជ្រាវ និងនវានុវត្តន៍ TVET តាមរយៈការជំរុញឲ្យមានទស្សនកិច្ចសិក្សារវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបលោកបណ្ឌិតសាស្ត្រាចារ្យ Anek Laothamatas ក៏បានស្វាគមន៍ចំពោះការបើកឲ្យមានទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធន៍របស់គណៈប្រតិភូកម្ពុជានៅវិទ្យាស្ថានល្បីចំនួនបីនៅប្រទេសថៃ ដែលមានជំនាញបណ្ដុះបណ្ដាលលើផ្នែកវិស្វកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ គាំទ្រការវិនិយោគ និងលើកកម្ពស់សមត្ថភាពឧស្សាហកម្មជាដើម។

លោកបណ្ឌិត អ៊ិត សំហេង បានអរគុណដល់ភាគីថៃ ដែលបានផ្តល់ការគាំទ្រ និងជួយកម្ពុជាលើផ្នែកបណ្ដុះបណ្ដាលធនធានមនុស្សនេះ ហើយលោករដ្ឋមន្ត្រី នឹងជ្រើសរើសពេលវេលាសមរម្យណាមួយ ដើម្បីរៀបចំគណៈប្រតិភូដែលមានជំនាញតាក់តែងគោលនយោបាយផ្នែកTVET បានទៅសិក្សាស្វែងយល់បន្ថែមទៀតលើវិទ្យាស្ថានធំៗទាំងបីតបតាមការអញ្ជើញពីសំណាក់ភាគីថៃ។

លោកបណ្ឌិតសាស្ត្រាចារ្យ Anek Laothamatas មានប្រសាសន៍ថា ប្រទេសទាំងពីរ កម្ពុជា-ថៃ មានវប្បធម៌ ទំនៀមទម្លាប់ស្រដៀងគ្នាតាំងពីបុរាណកាលមក។ ដូច្នេះ លោក បានដឹកនាំគណៈប្រតិភូប្រមាណ ៥០ នាក់ មកកាន់កម្ពុជាសាជាថ្មីនេះ មកចងសម្ពន្ធភាពជាមួយក្រសួងស្ថាប័នមួយចំនួនរបស់កម្ពុជា ដើម្បីឲ្យក្រសួងស្ថាប័ន នៃប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំបន្ថែមមួយកម្រិតទៀត។

គួរបញ្ជាក់ជូនដែរថា ក្រុមការងារបច្ចេកទេសជាន់ខ្ពស់ នៃភាគីទាំងពីរ បានពិភាក្សាគ្នាក្នុងកិច្ចប្រជុំ ដាច់ដោយឡែក លម្អិតលើការផ្តល់អាហារូបករណ៍ដែលជាលទ្ធផល នៃកិច្ចពិភាក្សាគ្នាលើកមុនកាលពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២២ ដើម្បីកំណត់ពីតម្រូវការអភិវឌ្ឍន៍ធនធានមនុស្សរវាងភាគីទាំងពីរ។ រួមគ្នាកំណត់ពីវិធីសាស្ត្រក្នុងការបែងចែកអាហារូបករណ៍ និងចំនួនអាហារូបករណ៍សរុបដែលនឹងផ្តល់ឲ្យ។ លើកកម្ពស់កិច្ចសហប្រតិបត្តិការអប់រំកម្ពុជា-ថៃ និងពិនិត្យមើលលទ្ធភាពក្នុងការបង្កើតអនុស្សរណៈយោគយល់គ្នាកម្ពុជា-ថៃ ទាក់ទងនឹងការផ្តល់អាហារូបករណ៍នេះ។
ចំពោះលទ្ធផលកិច្ចសហការជាមួយភាគីថៃកន្លងមក បានកសាងហេដ្ឋារចនាសម្ព័ន្ធ អគារ បំពាក់ឧបករណ៍សម្ភារៈ បំប៉នសមត្ថភាពថ្នាក់ដឹកនាំ គ្រូ របស់វិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជា-ថៃ, បានបញ្ជូនមន្ត្រីរាជការថ្នាក់កណ្ដាល និងតាមគ្រឹះស្ថានTVET ទៅបណ្ដុះបណ្ដាលនៅប្រទេសថៃ ពីឆ្នាំ ២០១៧-២០១៩ បានចំនួន ១១២ នាក់ និងភាគីថៃបានបញ្ជូនគ្រូមកធ្វើការបណ្ដុះបណ្ដាលដល់គ្រូបច្ចេកទេសតាមគ្រឹះស្ថាន TVET នៅតាមព្រំដែនក្នុងប្រទេសកម្ពុជាពីឆ្នាំ ២០១៧-២០១៩ បានចំនួន ១០០ នាក់៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


