Connect with us

ព័ត៌មានជាតិ

លោក ជា សុផារ៉ា ជួបសំណេះសំណាល និងដោះស្រាយជូនពលរដ្ឋជិត១ម៉ឺននាក់ នៅឃុំព្រះដាក់

បានផុស

នៅ

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានជួបសំណេះសំណាលដោះស្រាយនូវទុក្ខកង្វល់របស់ពលរដ្ឋប្រមាណជាជិត១ម៉ឺននាក់ ក្នុងនោះពលរដ្ឋមកពីឃុំព្រះដាក់,ក្រុងសៀមរាប និងស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅសាលាឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមរម្លឹកថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលព័ត៌មានរបស់ប្រជាពលរដ្ឋចំនួន០៦ភូមិ ក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការតវ៉ា ពីការរុះរើ​លំនៅដ្ឋានដែលដូនតារបស់ពួកគាត់រស់នៅតគ្នារាប់ជំនាន់មកហើយនោះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី បានប្រគល់ភារកិច្ចឲ្យឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង សំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធចុះមកឃុំព្រះដាក់ប្រាប់ពលរដ្ឋពីសាររបស់សម្តេច។

ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិសមានប្រសាសន៍សំណេះសំណាលជាមួយពលរដ្ឋ និងលើកឡើងអំពីប្រវត្តិនៃការកសាង​ប្រាង្គប្រាសាទ ក៏ដូចជាការកសាងសំណង់ អាងទឹក (បារាយណ៍ខាងកើត) ក្នុងការតំកល់ទឹកសម្រាប់ទ្រទ្រង់គ្រឹះប្រាសាទ និងប្រកបការងារកសិកម្មនាសម័យដើម ។ ឯកឧត្តមបានបន្តទៀតថា រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ហើយការដាក់បញ្ចូលនេះដោយរាប់បញ្ជូលគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដែលមាននៅក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដ៏ទៃទៀត​ព្រមទាំងមរតកមនុស្សរស់​ទៀតផង។​ ម៉្យាងទៀតមុនការដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកក៏ត្រូវបានក្រុមការងារចុះធ្វើសម្រង់ស្ថិតិប្រជាពលរដ្ឋ និងខ្នងផ្ទះបងប្អូនរស់នៅក្នុងតំបន់ទាំងនោះបានរួចរាល់ហើយផងដែរ។

ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ក្នុងរយៈពេល១៨ឆ្នាំមកនេះ កំណើននៃសំណង់ដែលបានកើតឡើងថ្មីមាន ៤៨.០០០​គ្រួសារហើយ និយាយដោយឡែកនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី​មានដល់២.៨៥៩ខ្នងផ្ទះ​ក្នុងភូមិទាំង០៦ ដែលកើតឡើង​តាមរយៈការបំបែកគ្រួសារ និងការលក់ដូរឲ្យអ្នកចំណូលថ្មី។ ក្នុងនោះដែរឯកឧត្តមក៏បានលើកនូវប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី មកបញ្ជាក់​ជូនបងប្អូនដែលមិនធ្វើការុះ​រើនៅក្នុងភូមិ​ទាំង៦របស់ឃុំព្រះដាក់ សុំឲ្យប្រកាន់ភ្ជាប់នូវទំនៀម​ទម្លាប់ដូនតារបស់ខ្លួន មិនត្រូវផ្លាស់ប្តូរអត្តសញ្ញាណនៃកំណើតរបស់បងប្អូន និងសុំកុំឲ្យមានការសាងសង់សំណង់​ថ្មី ឬដោះដូរដីឲ្យអ្នកចំណូលថ្មី​ដែលធ្វើឲ្យអន្តរាយ​ខូចនូវអត្តសញ្ញាណក្នុងភូមិរបស់ខ្លួនតទៅទៀត។

ឯកឧត្តមបន្តថា បងប្អូនមានសិទ្ធិរស់នៅក្នុងភូមិបាននេះ ដោយមិនបានឲ្យរុះរើទៅណានោះឡើយហើយបងប្អូនមានសិទ្ធិគ្រប់គ្រង តែពុំបានផ្តល់កម្មសិទ្ធិឲ្យនោះឡើយហើយក៏មិនអាចបន្តដំណរកេរ្ត៍បាននោះដែរ។​ក្នុងនោះ​ដែរ​ឯកឧត្តម​ក៏​បានបញ្ជាក់ថា ដោយការយកចិត្តទុកដាក់របស់អង្គការយូនីស្កូ ឬ គណៈកម្មការ(ICC)អង្គរ បានធ្វើឲ្យកំណើតភ្ញៀវទេសចរ មានការកើនឡើងនៅក្នុងតំបន់សៀមរាប ព្រមទាំងបានធ្វើការអភិរក្សជួសជុល ថែទាំប្រាសាទជាដើម ។

ឯកឧត្តមក៏បានគូសបញ្ជាក់ទៀតថា ដើមី្បជួយដល់រាជរដ្ឋាភិបាលសូមបងប្អូនចូលរួមក្នុងការថែទាំអភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាមរតកកេរ្តិ៍ដូនតា ជាអត្តសញ្ញាណ និងដួងព្រលឹងរបស់ជាតិ ក៏ដូចជាតម្លៃជាសកលនៃសម្បត្តិបេតិកភណ្ឌពិភពលោក សម្រាប់មនុស្សជាតិទាំងមូល និងដើមី្បឲ្យចៀសផុតពីការព្រមាន ពីសំណាក់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ។

ឯកឧត្តមក៏បានសំណូមពរផងដែរ ចំពោះបងប្អូនប្រជាពលរដ្ឋ មានសង់ផ្ទះនៅបាតបារាយណ៍ប្រមាណជា ២០គ្រួសារ សុំធ្វើការបង្ខិតលំនៅដ្ឋានខ្លួន មកនៅទីទួលសុវត្ថិភាព ឬក៏ចង់បានទៅនៅទីតាំងថ្មី ក្រុមការងារនិង រៀបចំជូន និង ដើមី្បឲ្យក្រុមការងារអាជ្ញាធរជាតិអប្សរាធ្វើការរៀបចំបាតផ្ទៃបារាយណ៍ ដែលបងប្អូនមិនបានបង្កបង្កើនផល នោះក្នុងការបញ្ចូលទឹកតំកល់ទុកឲ្យមាននៅបាតអាង និង ជួយទ្រទ្រង់ដល់គ្រឹះប្រាសាទព្រមទាំងការស្រោចស្រពផលដំណាំរបស់បងប្អូនហើយ​ក៏ជាការលើកនូវសោភណ្ឌភាពតំបន់រមណីយដ្ឋានអង្គរ ឲ្យមានភាពស្រស់ស្រាយ ប្រកបទៅដោយពណ៌បៃតង ក្នុងការទាក់ទាញ់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តហើយក៏ជាការបង្កើននូវជីវភាព និងប្រាក់ចំណូលដល់​បងប្អូនទៀតផង។​ជាមួយគ្នានោះដែរពលរដ្ឋក្នុងឃុំព្រះដាក់,​ពលរដ្ឋមកពីក្រុងសៀមរាបនិងពលរដ្ឋមកពីស្រុកប្រាសាទបាគង បានសម្តែងការត្រេកអរយ៉ាងខ្លាំង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារតម្រង់ទិស ព្រមទាំងក្រុមការងារទាំងអស់ហើយជាពិសេសបំផុតនោះគឺថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលតែងតែគិតគូពីសុខទុក្ខរបស់ពលរដ្ឋជានិច្ច។

គួររម្លឹកផងដែរថា ភូមិចំនួន៤ក្នុងឃុំព្រះដាក់ បានក្លាយជាគោលដៅមួយក្នុងការឲ្យពលរដ្ឋចាកចេញទៅរស់នៅភូមិរុនតាឯកក្រោយរាជរដ្ឋាភិបាលប្រកាសពីបំណងស្ដារបារាយណ៍ខាងកើតឡើងវិញ។ ភូមិព្រះដាក់ អូរទទឹងថ្នល់ទទឹង និងថ្នល់បណ្ដោយ ព្រោះជាភូមិបុរាណតែវាស្ថិតនៅក្នុងបារាយណ៍ដែលរដ្ឋាភិបាលចង់បញ្ចូលទឹកក្នុងអាងបុរាណនេះឡើងវិញក្នុងបំណងប្រមូលទឹកដើម្បីប្រើប្រាស់ និងអភិរក្សប្រាសាទ។ សម្ដេច ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តចេញទៅរស់នៅភូមិរុនតាឯក កាលពីថ្ងៃទី១ ខែតុលា បញ្ជាក់ថា ចង់ឲ្យមានទឹកក្នុងបារាយណ៍ខាងកើត ដែលអាចស្ដុកទឹកបាន៣០លានម៉ែត្រគីប ហើយថា ទោះបីមិនបានទាំងអស់ ក៏បានពាក់កណ្ដាលដែរ៕

អត្ថបទ៖ កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

ខេត្តកំពង់ចាម ចាប់ឆ្នោតកំណត់លេខរៀងបក្សនយោបាយសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត​ ក្រុង ស្រុក ខណ្ឌ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

EU ​ជំរុញផែនការដកលុយបង្កក រុស្ស៊ី ទិញអាវុធឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ១៣ នាទី មុន

រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តប្រែក្លាយផ្លូវដីក្រហមនៅទីជនបទ ឲ្យក្លាយជាផ្លូវកៅស៊ូ ឬផ្លូវបេតុងបន្ថែមទៀត

ព័ត៌មានជាតិ២៤ នាទី មុន

ការប្រើប្រាស់ប្រាក់រៀល តាមប្រព័ន្ធអេឡិចត្រូនិក​កើន​ឡើង​ដល់ ៤៤%

ព័ត៌មានអន្ដរជាតិ២៥ នាទី មុន

រុស្ស៊ី ព្រមានម្តងទៀត! ជប៉ុន នឹងជួបផលវិបាក បើមីស៊ីល Patriot ធ្លាយដល់ដីអ៊ុយក្រែន មែន

Sokha Hotels

ព័ត៌មានពេញនិយម