Connect with us

ព័ត៌មានជាតិ

កម្ពុជា ជំរុញ អាស៊ាន បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើសុខុមាលភាពពលករទេសន្តរប្រវេសន៍

បានផុស

នៅ

កម្ពុជា ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខុមាលភាព​ពលករ​ទេសន្តរប្រវេសន៍។ ក្នុង​នោះ ឈរ​លើ​មូលដ្ឋាន​ការ​អនុវត្ត​សិទ្ធិ​ការងារ និង​កិច្ច​គាំពារ​សង្គម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ គឺជា​ការ​អនុវត្ត​សិទ្ធិមនុស្ស ទោះបីជា​ជំងឺ​កូវីដ-១៩ មាន​ស្ថានភាព​ល្អ​ប្រសើរ​ក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បើក​វេទិកា​អាស៊ាន​ស្ដីពី​ទេសន្តរប្រវេសន៍​ការងារ​លើក​ទី ១៥ ក្រោម​មូលបទ “ការ​បើក​ដំណើរការ​ឡើងវិញ នៃ​ទេសន្តរប្រវេសន៍​ការងារ និង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​តំបន់” នៅ​សណ្ឋាគារ​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី ១៩ តុលា លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា «ទោះបីជា​ជំងឺ​កូវីដ-១៩ មាន​ស្ថានភាព​ល្អ​ប្រសើរ​ជា​បន្ត​បន្ទាប់​ក៏ដោយ វា​ជា​ការ​ចាំបាច់​ជាង​ពេល​ណាៗ​ទាំងអស់ ដែល​យើង​ទាំងអស់​គ្នា ត្រូវតែ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​សុខុមាលភាព​ពលករ​ទេសន្តរប្រវេសន៍ ដោយ​ឈរ​លើ​មូលដ្ឋាន​ថា ការ​អនុវត្ត​សិទ្ធិ​ការងារ និង​កិច្ច​គាំពារ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ គឺជា​ការ​អនុវត្ត​សិទ្ធិមនុស្ស​»។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា យ៉ាងណាមិញ ការ​បើក​ដំណើរការ​ឡើងវិញ នៃ​ទេសន្តរប្រវេសន៍​ការងារ​ក្នុង​តំបន់​អាស៊ាន ដែល​មាន​ការងារ​សមរម្យ បរិយាបន្ន និង​យុត្តិធម៌​សង្គម ស្របតាម​គន្លង​ប្រក្រតី​ភាព​ថ្មី ក៏​ជា​កិច្ចការ​ដ៏​សំខាន់​ត្រូវ​ធ្វើ​ផង​ដែរ។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ទៀត​ថា ការ​ធ្វើ​ទេសន្តរប្រវេសន៍​ដើម្បី​ស្វែងរក​ការងារ​ធ្វើ គឺជា​ចរន្ត​សកល​មួយ​ដែល​ជះឥទ្ធិពល​ស្ទើរ​គ្រប់​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក។ ដោយសារ​ការ​ធ្វើ​ទេសន្តរប្រវេសន៍ការងារ​ជា​បាតុភូត​សង្គម​ដែល​មិន​អាច​លុបបំបាត់​បាន ការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​របស់​ពលករ​ទេសន្តរប្រវេសន៍ គឺជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់ និង​ចាំបាច់​បំផុត។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ក្នុង​បុព្វហេតុ​នេះ ប្រមុខ​រដ្ឋាភិបាល នៃ​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន​បាន​ដាក់​ចេញ និង​អនុម័ត​នូវ​សេចក្ដីថ្លែងការណ៍​អាស៊ាន​ស្ដីពី​ការ​ការពារ និង​ការ​លើក​កម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍ ក្នុង​ឆ្នាំ ២០០៧ និង​ឯកច្ឆន្ទ​ភាព​អាស៊ាន ស្ដីពី​ការ​ការពារ និង​ការ​លើក​កម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍ ក្នុង​ឆ្នាំ ២០១៧។ តាមរយៈ​សេចក្ដីថ្លែងការណ៍​ខាងលើ គណៈកម្មការ​សម្រាប់​អនុវត្ត​សេចក្ដីថ្លែងការណ៍​អាស៊ាន ស្ដីពី​ការ​ការពារ និង​ការ​លើក​កម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍ (ACMW) ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០០៧ ដើម្បី​អនុវត្ត​សកម្មភាព​/​គម្រោង​នានា​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ និង​អត្ថប្រយោជន៍​របស់​ពលករ​ទេសន្តរប្រវេសន៍។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ក្នុងនាម​ជា​រដ្ឋ​សមាជិក​អាស៊ាន កម្ពុជា បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជាច្រើន ដើម្បី​គាំពារ​សិទ្ធិ និង​អត្ថប្រយោជន៍ ទាំង​ពលករ​ទេសន្តរប្រវេសន៍កម្ពុជា​ដែល​ទៅ​ធ្វើការ​នៅ​បរទេស ទាំង​ពលករ​ទេសន្តរប្រវេសន៍បរទេស​ដែល​មក​ធ្វើការ​នៅ​កម្ពុជា។

ទន្ទឹម​នឹង​នេះ កម្ពុជា បាន​ធ្វើ និង​កំពុង​អនុវត្ត​កិច្ច​ព្រមព្រៀង​ទ្វេភាគី ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​ការងារ ជាមួយ​បណ្ដា​ប្រទេស​នានា​ទាំង​នៅ​ក្នុង និង​ក្រៅ​តំបន់​អាស៊ាន​ផង​ដែរ។

ឆ្លៀត​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការ​អបអរសាទរ និង​បញ្ជាក់​ឲ្យ​ដឹង​ថា “សេចក្ដី​ថ្លែងការណ៍​អាស៊ាន ស្ដីពី​ចល័ត​ភាព​របប​សន្តិសុខ​សង្គម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​ក្នុង​តំបន់​អាស៊ាន” ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​អាណត្តិ​កម្ពុជា​ជា​ប្រធាន​អាស៊ាន ឆ្នាំ ២០២២ ទើបតែ​ទទួល​បាន​ការ​ឯកភាព​ដោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សង្គម-វប្បធម៌​អាស៊ាន កាលពី​ថ្ងៃ​ទី ១៣ ខែ​តុលា ឆ្នាំ ២០២២ ថ្មីៗ​នេះ ហើយ​នឹង​ត្រូវ​ដាក់​ជូន​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី ៤០ និង ៤១ ដើម្បី​អនុម័ត និង​ប្រកាស​ក្នុង​ខែ​វិច្ឆិកា ខាងមុខនេះ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា សេចក្ដីថ្លែងការណ៍​នេះ​ជា​សមិទ្ធផល​ដ៏​សំខាន់​មួយទៀត​របស់​អាស៊ាន និង​ជា​ការ​បោះជំហាន​ដ៏​ធំ​ឆ្ពោះ​ទៅ​កាន់​ការ​ធ្វើ​ចល័ត​ភាព នៃ​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​អាស៊ាន ស្របតាម​ស្មារតី នៃ​សេចក្ដីថ្លែងការណ៍ និង​ឯកច្ឆន្ទ​ភាព​អាស៊ាន​ស្ដីពី​ការ​ការពារ និង​ការ​លើក​កម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍។

នៅ​ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី បាន​ផ្តល់​អនុសាសន៍​ដល់​វេទិកា​ទាំងមូល ឲ្យ​ខិតខំ​ប្រឹងប្រែង និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​កិច្ចពិភាក្សា ហើយ​ចែករំលែក​បទពិសោធន៍ និង​ឧត្តមានុវត្តន៍ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការ​ដាក់​ចេញ​អនុសាសន៍​របស់​វេទិកា​អាស៊ាន​លើក​ទី ១៥ នេះ សម្រាប់​គណៈកម្មការ ACMW យក​ទៅ​ធ្វើជា​ធាតុ​ចូល​ក្នុង​ការ​រៀបចំ​សកម្មភាព​ការងារ​របស់​ខ្លួន ក្នុង​ការ​ចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច តាមរយៈ​ការ​ស្តារ​ឡើងវិញ នៃ​ទេសន្តរប្រវេសន៍​ការងារ បន្ទាប់ពី​វិបត្តិ​កូវីដ-១៩ ក៏ដូចជា​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​របស់​អាស៊ាន​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា វេទិកា​អាស៊ាន​នេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី​គណៈប្រតិភូ នៃ​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន លេខាធិការដ្ឋាន​អាស៊ាន សហព័ន្ធ​និយោជក​អាស៊ាន អង្គការ​សហជីព​អាស៊ាន សមាគម​និយោជក សហជីព អង្គការ​សង្គម​ស៊ីវិល នៃ​បណ្ដា​រដ្ឋ​សមាជិក​អាស៊ាន ក្រុមការងារ​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍អាស៊ាន និង​តំណាង​អង្គការ​អន្តរជាតិ សរុប​ប្រមាណ ១០០ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម