សុខភាព
រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានជំនឿយ៉ាងមុតមាំថា យើងអាចបញ្ចប់ជំងឺរបេងបាន
សាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល មានជំនឿយ៉ាងមុតមាំថា យើងទាំងអស់អាចបញ្ចប់ជំងឺរបេងបាន។ ការលើកឡើងនេះ ធ្វើឡើងក្នុងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នេះ ក្នុងឱកាស សាស្ដ្រាចារ្យរដ្ឋមន្ដ្រី អញ្ជើញប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ២៤ មីនា ឆ្នាំ២០២៤ ក្រោមពាក្យស្លោក «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន» “Yes ! We Can End TB” ដែលប្រព្រឹត្ដទៅនៅវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្ដកំពង់ធំ។

សាស្រ្តាចារ្យរដ្ឋមន្ត្រី មានប្រសាសន៍ថា ការរៀបចំប្រារព្ធទិវានេះ គឺនៅក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការលើកកម្ពស់សុខភាពរបស់ប្រជាជនឱ្យបានកាន់តែទូលំទូលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ក្នុងការប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋឱ្យបានយល់អំពីទំហំ នៃបញ្ហា និងផលវិបាក នៃជំងឺរបេង សំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃ និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

ទន្ទឹមនឹងនោះ សាស្រ្តាចារ្យរដ្ឋមន្ត្រី មានជំនឿថា ប្រធានបទដែលបានលើកឡើងនៅក្នុងឆ្នាំនេះ បានសង្កត់ធ្ងន់ឱ្យពិភពលោកទាំងមូល មានជំនឿយ៉ាងមុតមាំថា យើងទាំងអស់អាចបញ្ចប់ជំងឺរបេងបាន ដោយយើងទាំងអស់គ្នារួបរួមបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសដើម្បីជំរុញឱ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែង និងសម្រាប់ជនគ្រប់រូប។

សាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងទៀតថា ក្នុងស្មារតីនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវបន្ត និងរួមគ្នាជំរុញបន្ថែមការយកចិត្តទុកដាក់លើបញ្ហាជំងឺរបេង ដោយយើងមិនអាចមើលរំលងនូវចំណុចសេសសល់នេះបានឡើយ ដើម្បីបន្តលើកកម្ពស់សុខភាព គុណភាព នៃការរស់នៅ សេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋយើង។ ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាពល្អ នឹងនាំឱ្យមានជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាព ដែលនឹងនាំមកនូវភាពរីកចម្រើនរុងរឿង។ យើងអាចនិយាយបានមួយបែបទៀតថា ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជា គឺអាស្រ័យលើសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗដែលជាអនាគតរបស់ប្រទេស។ ម៉្យាងវិញទៀត ក្រសួងសុខាភិបាលបាន និងកំពុងចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសជ្រុងទី៣ នៃបញ្ចកោណទី១ «លើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន»។

ឆ្លៀតក្នុងឱកាសនោះ តាងនាមឱ្យក្រសួងសុខាភិបាល សូមថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេច តែងតែជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខាភិបាល។

ជាមួយគ្នានោះ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន រាជធានី ខេត្ត មន្ត្រីរាជការសុខាភិបាលរាជធានី ខេត្ត ស្រុកប្រតិបត្តិ ដែលនៅតែប្រកាន់ជំហររឹងមាំ ក្នុងការទទួលខុសត្រូវលើការងារកំចាត់រោគរបេង រហូតទទួលបានសមិទ្ធផលជាទីមោទនៈ។ សាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក អង្គការ USAID អង្គការ មូលនិធិសកល អង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត ដែលបាននិងកំពុង ជួយឧបត្ថម្ភគាំទ្រដល់ការងារកំចាត់រោគរបេងគ្រប់លំដាប់ថ្នាក់ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។

ពិធីនេះ រៀបចំដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល រួមសហការជាមួយ អង្គការ KHANA ដោយមានការចូលរួមពី លោក អ៊ុន បុត្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា, លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា, លោក ជួប សុខចំរើន ប្រធានគម្រោងខមីត និងជានាយកប្រតិបត្តិអង្គការ KHANA រួមទាំងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនទៀត៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ