ព័ត៌មានជាតិ
កូនប្រុសមួយរូបរបស់លោក អ៊ិត សំហេង កំពុងកាន់តំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
លោក អ៉ិត សំហេង កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីអំឡុងឆ្នាំ២០១៣ បន្ទាប់ពីលោកធ្លាប់បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាំងពីឆ្នាំ២០០៣។ ចំណែក កូនប្រុសចំនួនពីររូបរបស់លោកវិញ គឺលោក សំហេង បុរស កំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខណៈលោក សំហេង បូរ៉ា ជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។

ចំណោមកូនប្រុសទាំងពីររបស់លោក អ៉ិត សំហេង គឺលោក សំហេង បុរស មិនត្រឹមតែកំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច ប៉ុណ្ណោះទេ លោក ក៏មានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីផងដែរ។
មុនទទួលបានការតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាមន្ត្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ច នាពេលនេះ លោក សំហេង បុរស បានឆ្លងកាត់បទពិសោធការងារជាបន្តបន្ទាប់ ដោយដំបូងឡើយលោកចាប់ផ្ដើមចូលបម្រើការងារជាមន្ត្រីរាជការនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាំងពីឆ្នាំ២០០២។ ជាមន្ត្រីនៃក្រសួងសង្គមកិច្ច យុវជនរូបនេះ ទទួលបានការតែងតាំងតួនាទីជាច្រើន ជាអាទិ៍ អនុប្រធានការិយាល័យហិរញ្ញវត្ថុ អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកខុទ្ទកាល័យរដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាដើម។

លុះនៅឆ្នាំ២០១៥ លោក សំហេង បុរស ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយទទួលភារកិច្ចជាប្រធានមូលនិធិជាតិសម្រាប់អតីតយុទ្ធជន និងប្រធានមូលនិធិសន្តិសុខជាតិសម្រាប់មន្ត្រីរាជការស៊ីវិល។ រហូតដល់ឆ្នាំ២០១៨ លោក ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។ បច្ចុប្បន្ននេះ លោក ក៏កំពុងបំពេញតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជំនួយសង្គមជាតិផងដែរ។ សម្រាប់កិច្ចការសង្គម លោក សំហេង បុរស ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

ដោយឡែក ប្រវត្តិសិក្សាវិញ គឺលោក សំហេង បុរស បានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ ឆ្នាំ១៩៩៦- ១៩៩៧ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ រីឯ កម្រិតឧត្តមសិក្សា លោក ទទួលបានសញ្ញាបត្របរិញ្ញាបត្រសេដ្ឋកិច្ច សញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី និងសព្វថ្ងៃនេះ លោកកំពុងបន្តការសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា។ បន្ថែមពីនេះ លោក ក៏មានសញ្ញាបត្រភាសាអង់គ្លេសទូទៅនៃមហាវិទ្យាល័យ Pikes Peak សហរដ្ឋអាមេរិក និងវគ្គបណ្ដុះបណ្ដាលវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ ឆ្នាំ២០១០-២០១១ នៅសាលាភូមិន្ទរដ្ឋបាល៕

ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


