ព័ត៌មានជាតិ
ជីសរីរាង្គចេញពីអាចម៍មាន់ ប្រជាកសិករកំពុងចាប់អារម្មណ៍ខ្លាំង ខណៈតម្លៃសមរម្យ ទទួលទិន្នផលខ្ពស់
ជីសរីរាង្គចេញពី”អាចម៍សត្វមាន់” បច្ចុប្បន្នកសិករក្នុងខេត្តបាត់ដំបង កំពុងចាប់អារម្មណ៍ប្រើប្រាស់ទៅលើផលដំណាំ ឧស្សាហកម្ម និងវប្បកម្ម រួមនឹងដំណាំកសិកម្មផង ស្របពេលតម្លៃជីកសិកម្មហក់ឡើងខ្ពស់នៅលើទីផ្សារជាងមួយឆ្នាំកន្លងទៅនេះ។

បន្ថែមពីនោះ កសិករប្រឈមមុខរបរកសិកម្ម ខណៈប្រើប្រាស់ “ជីគីមី” មួយចំនួននៅក្នុងខេត្តបាត់ដំបង ទទួលបានទិន្នផលទាប ហើយតម្លៃជីហក់ឡើងខ្ពស់ រីឯផលចំណេញស្ទើរមិនបាន។ នេះបើតាមការលើកឡើងពីប្រជាកសិករប្រាប់ឲ្យ កម្ពុជាថ្មី បានដឹង។

កសិករដាំដំឡូងមីនៅស្រុកភ្នំព្រឹក លោក ចាន់ ក្នុងចំណោមកសិករផ្សេងទៀត បានបញ្ជាក់ប្រាប់ឲ្យ កម្ពុជាថ្មី ដឹងកាលពីចុងសប្ដាហ៍ថា ជាច្រើនឆ្នាំកន្លងមកនេះ លោកធ្លាប់តែប្រើប្រាស់ជីគីមីដាក់ដំណាំដំឡូងមី ទទួលបានទិន្នផលច្រើនបំផុតត្រឹមជិត ៣០ តោន ក្នុងមួយហិកតា។ ក្រោយពីងាកមកប្រើប្រាស់ជីសរីរាង្គ “អាចម៍មាន់” តាំងពី ១ ឆ្នាំកន្លងមកនេះ លោកទទួលបានទិន្នផលដំឡូងមីខ្ពស់ជាងការប្រើជីគីមី ចន្លោះពី ៤០ ដល់ ៤៥ តោន ក្នុង ១ ហិកតា។

លោកបន្តថា ដោយសារតែការប្រើជីអាចម៍មាន់ទទួលទិន្នផលខ្ពស់ជាងជីគីមី រូបលោក ក៏ដូចជាកសិករផ្សេងទៀត បានកាត់បន្ថយការប្រើជីគីមីហើយ។ ក្នុងនោះ លោកបានកុម្ម៉ង់ទិញជីអាចម៍មាន់ម្ដងជាង ៥០ តោន សម្រាប់ប្រើលើដំណាំ ដំឡូង និងដំណាំដទៃទៀតផងដែរ។ ជីអាចម៍មាន់ ចំណាយសោហ៊ុយតិចជាងប្រើប្រាស់ ជីគីមី ហើយទទួលបានផលច្រើនគួរសម សេដ្ឋកិច្ចគ្រួសារល្អប្រសើរ ហើយលើដំណាំផ្សេងៗដូចជា ស្រូវ ដំឡូងមី តាង៉ែន ដូង និងដំណាំផ្នែកវប្បកម្ម ឧស្សាហកម្ម ផ្សេងៗទៀត ក៏មិនប៉ះពាល់ដល់សុខភាពដែរ ធ្វើឲ្យដីមានជីវជាតិថែមទៀតផង។
ការលើកឡើងរបស់ប្រជាកសិករខាងលើនេះ លោកស្រី ណុប សោភ័ណ្ឌ វ័យ ៤០ ឆ្នាំ រស់នៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាឈ្មួញលក់ជីអាចម៍មាន់ដ៏ធំមួយក្នុងខេត្តបាត់ដំបង បានឲ្យ កម្ពុជាថ្មី ដឹងដែរថា មុខរបរលក់ជីអាចម៍មាន់នេះ អ្នកស្រីបានដំណើរការអស់រយៈពេល ៤ ឆ្នាំហើយ ដោយយល់ឃើញថា វាមានអត្ថប្រយោជន៍ដល់ប្រជាកសិករដែលនិយមប្រើប្រាស់ជីប្រភេទអាចម៍មាន់នេះ។ បន្ថែមនោះ សម្រាប់លើដំណាំផ្សេងៗ ស្របតាមការនិយមពីកសិករសម័យដើមរបស់ខ្មែរយើងផង មិនមានសារធាតុគីមីប៉ះពាល់ដល់សុខភាពទេ។ ស្របតាមតម្រូវការរបស់ប្រជាកសិករនិយមប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន លើទីផ្សារ ជីគីមីគ្រប់ប្រភេទ ហក់ឡើងតម្លៃខ្ពស់។

អ្នកស្រីបន្តថា ការចាប់មុខរបរនេះ តាមរយៈម្ដាយមីងអ្នកស្រីបានបើកកសិដ្ឋានចិញ្ចឹមសត្វមាន់ ដែលមានទីតាំងស្ថិតក្នុងភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ បច្ចុប្បន្ន មាន់មាន ៧រោង ដោយក្នុង ១ រោង មាន់ចាប់ពី ១២,០០០ ទៅ ១២,៥០០ ក្បាល សរុបទាំងអស់ជិត ១០ ម៉ឺនមាន់។ ចំណែកការប្រមូលអាចម៍មាន់ ធ្វើឡើងសម្រាប់ ២ ខែម្ដង ដោយប្រមូលម្តងៗ ក្នុង ១ រោង បាន ២០ តោន។ ក្នុងនោះប្រើអង្កាម ៥ តោន សម្រាប់ក្រាលយកអាចម៍មាន់ និងមានបាចកំបោរសម្រាប់សម្លាប់មេរោគផង បើសរុបទាំង ៧ រោង ក្នុង ២ ខែម្តង បានចំនួន ១៤០ តោន។
អ្នកស្រីបន្តទៀតថា ការលក់ជីនេះមិនមានទីតាំងស្តុកនោះទេ គឺអាស្រ័យលើប្រជាកសិករកុម្ម៉ង់តាមលេខទូរស័ព្ទចំនួន ២ ប្រព័ន្ធ ៖ ០៧៦ ៩៩៩ ៩៨៩៦/០៦០ ៥៦៣ ៨៣៨។ បច្ចុប្បន្នរកតែជីតម្រូវតាមការកុម្ម៉ង់របស់ប្រជាកសិករស្ទើរមិនគ្រប់គ្រាន់ផង ទាំងក្នុងខេត្តបាត់ដំបង និងតាមបណ្ដាខេត្តផ្សេងៗមួយចំនួនទៀត។ ជាពិសេសកសិករក្នុងខេត្តបាត់ដំបងតែម្ដង ដែលតម្រូវការខ្ពស់ជាងបណ្ដាខេត្តផ្សេង ខណៈជីគីមីឡើងថ្លៃរហូតដល់ ១ ការុង ជាង ១០ ម៉ឺនរៀល(ជីមកពីវៀតណាម)។ រីឯជីពីប្រទេសថៃ ១ ការុង មានតម្លៃជិត ២០ ម៉ឺនរៀល “១៨ ដល់ ១៩ ម៉ឺនរៀល”។ បើធៀបនឹងជីអាចម៍មាន់ អ្នកស្រីលក់ឲ្យកសិករ ក្នុង ១ តោន តែ ២០ ម៉ឺនរៀលប៉ុណ្ណោះ ហើយប្រើប្រាស់លើដំណាំបានច្រើនយ៉ាង ហុចទិន្នផលខ្ពស់ និងបង្កឲ្យដីមានជីវជាតិល្អ។
លោក ហេង សិទ្ធ មន្ត្រី នៃមន្ទីរកសិកម្មខេត្ត បានពន្យល់ថា ជីប្រភេទអាចម៍សត្វដូចជា ជ្រូក មាន់ ទា គោ ក្របី អាចប្រើបានទៅលើផលដំណាំគ្រប់ប្រភេទ អាស្រ័យលើកសិករមានជំនាញលាយជាល្បាយរបស់វាមុននឹងប្រើប្រាស់ទៅលើផលដំណាំ។
លោកបន្ថែមថា ជីអាចម៍មាន់ ពិតជាពិសេសណាស់ កសិករប្រើប្រាស់លើគ្រប់ដំណាំកសិកម្ម ដោយយកផេះអង្កាមធ្វើជាល្បាយរបស់វាសម្រាប់ប្រើឲ្យដំណាំហុចផលល្អ និងបង្កើនជីវជាតិដល់ដីស្រែ ឬចម្ការបានយ៉ាងល្អផងដែរ។ កសិករ ក៏បានកាត់បន្ថយថវិកាសម្រាប់ចំណាយលើតម្លៃជីគីមីគ្រប់ប្រភេទផងដែរ៕
អត្ថបទ ៖ សៅ សារិទ្ធ






-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក