ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ កំណើនអតិផរណាបានបង្កឱ្យប៉ះពាល់ដល់ប្រជាជនក្រីក្រខ្លាំងជាងគេ
មន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា បញ្ហាកំណើនអតិផរណានាពេលបច្ចុប្បន្នបានបង្កឱ្យប៉ះពាល់ដល់ ប្រជាជនក្រីក្រខ្លាំងជាងគេដែលទាមទារឱ្យមានការពង្រីកការគាំពារសង្គមបន្ថែមដើម្បីជួយសម្រាលបន្ទុកដល់ប្រជាពលរដ្ឋក្រីក្រ។

ថ្លែងបើកសន្និសីទស្តីពីម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ ស្តីពីដំណើរឆ្ពោះទៅកាន់ការស្តារសេដ្ឋកិច្ចឡើងវិញ និងភាពធន់ក្រោយវិបត្តិជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះ លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានបន្តថា វិបត្តិកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងទំហំមិនដូចគ្នានោះទេ ដោយប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះទទួលរងការប៉ះទង្គិចខ្លាំងជាង។ ដូចគ្នានេះដែរ បញ្ហាកំណើនអតិផរណានាពេលបច្ចុប្បន្នក៏បានប៉ះពាល់ដល់ប្រជាជនក្រីក្រ ខ្លាំងជាងគេផងដែរ។
លោកស្រីបានបន្តថា នៅកម្ពុជា ក្រុមម្ហូបអាហារនិងថាមពលមានសមាមាត្រប្រមាណ៦០% នៃសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់សរុប ដូចនេះការឡើងថ្លៃនៃក្រុមម្ហូបអាហារ និងថាមពលបណ្តាលឱ្យក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះដែលមានប្រាក់សន្សំទាប ឬគ្មានប្រាក់សន្សំទាល់តែសោះជួបការលំបាកក្នុងការរក្សាអំណាចនៃការទិញទំនិញប្រើប្រាស់ចាំបាច់ផ្សេងៗប្រចាំថ្ងៃ។
លោកស្រីបានបន្តទៀតថា ហេតុដូច្នេះការពង្រីកការគាំពារសង្គមពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះស្របពេលដែលការជំរុញក្រុមហ៊ុន-សហគ្រាសនិងនិយោជិតដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ មានភាពចាំបាច់ដើម្បីអាចទទួលបានការគាំពារកាន់តែប្រសើរជាងមុន។ លោកស្រីបានរំលឹកថាកន្លងមក ធនាគារ ជាតិនៃកម្ពុជា ក៏បានខិតខំសម្រាលបន្ទុកប្រជាពលរដ្ឋក្រីក្រតាមរយៈការរក្សាស្ថិរភាពអត្រា ប្ដូរប្រាក់ដែលបានរួមចំណែកកាត់បន្ថយសម្ពាធអតិផរណា ហើយថ្មីៗនេះគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក៏ត្រូវបានលើកទឹកចិត្តឱ្យមានការរៀបចំឥណទានឡើងវិញសម្រាប់អ្នកដែល ទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់។

លោកស្រីបានបញ្ជាក់ថា ត្រង់ចំណុចនេះ ធនាគារជាតិនៃកម្ពុជាក៏បានអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញ ក្នុងចំណោមប្រជាពលរដ្ឋនិងក្រុមហ៊ុន-សហត្រាស ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩ នាពេលកន្លងមកផងដែរ។
គួរបញ្ជាក់ថាបញ្ហាកំណើនអតិផរណានៅកម្ពុជាក៏ដូចជានៅលើសកលលោកនេះត្រូវបានគេស្តីបន្ទោសទៅលើរុស្សីឈ្លានពានប្រទេសអ៊ុយក្រែនដែលធ្វើឱ្យប្រេងសាំង និងស្បៀងអាហារឡើងថ្លៃបង្កឱ្យមានអតិផរណាខ្ពស់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២១ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?