Connect with us

ព័ត៌មានជាតិ

ដឹងទេ! តើត្រូវឆ្លងកាត់លក្ខខណ្ឌអ្វីខ្លះ ទើបអាចចូលរៀននៅបណ្ឌិត្យសភានគរបាលកម្ពុជាបាន?

បានផុស

នៅ

ក្រោយការបង្កើតនគរបាលជាតិជាផ្លូវការក្នុងឆ្នាំ១៩៤៥ សាលាបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ ត្រូវបានបង្កើតឡើង និងផ្លាស់ប្តូរឈ្មោះជាបន្តបន្ទាប់។ ផ្អែកលើសភាពការណ៍នយោបាយសង្គមមានការវិវត្តយ៉ាងឆាប់រហ័ស ក្រសួងមហាផ្ទៃ បានកែសម្រួលរចនាសម្ព័ន្ធថ្មីនៃសាលាបណ្ដុះបណ្ដាលនគរបាលជាតិ ដោយនៅក្នុងឆ្នាំ២០០៧ បណ្ឌិត្យសភានគរបាលកម្ពុជា ត្រូវបានបង្កើតឡើងដែលប្រែក្លាយចេញពីសាលាភូមិន្ទនគរបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត្យសភានគរបាលកម្ពុជា គឺជាគ្រឹះស្ថានសិក្សាសាធារណៈ ដែលជាសេនាធិការឲ្យក្រសួងមហាផ្ទៃលើការងារស្រាវជ្រាវវិទ្យាសាស្ត្រនគរបាលក្នុងវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការងារបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ និងមន្ត្រីពន្ធនាគារទូទាំងប្រទេស។ បណ្ឌិត្យសភានគរបាលកម្ពុជា មានកម្មវិធីសិក្សាគ្រប់កម្រិត ជាអាទិ៍ ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ បរិញ្ញាបត្រពិសេស និងវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី។

ដើម្បីអាចចូលរៀននៅបណ្ឌិត្យសភានគរបាលកម្ពុជានេះបាន តើនិស្សិត និងសិក្ខាកាម ក៏ដូចជា យុវជនទូទៅ ដែលមានបំណងចង់រៀននៅទីនោះត្រូវធ្វើយ៉ាងណា ហើយត្រូវឆ្លងកាត់នូវលក្ខខណ្ឌអ្វីខ្លះ? ខាងក្រោមនេះ «កម្ពុជាថ្មី» នឹងបង្ហាញអំពីលក្ខខណ្ឌនៃការជ្រើសរើសបេក្ខជនឲ្យសិក្សានៅបណ្ឌិត្យសភានគរបាលកម្ពុជា៖

១/ លក្ខខណ្ឌនៃការជ្រើសរើសសម្រាប់ការសិក្សាថ្នាក់បណ្ឌិត

បេក្ខជនទាំងពីរភេទ ដែលមានបំណងសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្រ្តនគរបាលនៅ​បណ្ឌិត្យ​​​សភានគរបាលកម្ពុ​ជា​ ត្រូវមាន​លក្ខណៈសម្បត្តិជាមន្រ្តីនគរបាលជាតិ ឬជាមន្រ្តីពន្ធនាគារ។ បេក្ខជន ត្រូវឆ្លងកាត់ការសិក្សាគ្រប់កម្រិត (បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ) និងមានមធ្យមភាគនៃពិន្ទុនិទ្ទេសសរុប (GPA) ៣.០០ ឡើងទៅ ឬសរសេរសារណាក្នុងការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ បន្ថែមពីនេះ ត្រូវមានសមត្ថភាពក្នុងការស្រាវជ្រាវ ដូចជា មានសំណើគម្រោងស្រាវជ្រាវបឋមច្បាស់លាស់ សមត្ថភាពភាសាបរទេសណាមួយ មានមូលដ្ឋានគ្រឹះព័ត៌មានវិទ្យាសម្រាប់ការប្រើប្រាស់ក្នុងការស្រាវជ្រាវ និងត្រូវមានអាយុចាប់ពី ៥០ឆ្នាំចុះ គិតត្រឹមថ្ងៃចូលសិក្សា ជាពិសេសត្រូវមានបទពិសោធយ៉ាងតិច ៥ឆ្នាំក្នុងការងារដឹកនាំ ឬការងារអប់រំបណ្តុះបណ្តាលក្នុងវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ចាប់ពីថ្នាក់នាយការិយាល័យឡើងទៅ។

២/ លក្ខខណ្ឌនៃការជ្រើសរើសសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ចំពោះការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា គឺត្រូវជាមន្រ្តីនគរបាលជាតិ ឬមន្រ្តីពន្ធនាគារ ដែលកំពុងបម្រើការងារ។ មន្ត្រីនគរបាល ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ហើយត្រូវទទួលស្គាល់ដោយបណ្ឌិត្យសភានគរបាលកម្ពុជា និងព្រឹត្តិបត្រពិន្ទុ។ ទន្ទឹមនេះ បេក្ខជនត្រូវមានប្រវត្តិការងារល្អ មានអាយុយ៉ាងច្រើន ៤៨ឆ្នាំ (គិតត្រឹមថ្ងៃចូលសិក្សា) មិនធ្លាប់មានពិរុទ្ធភាព ដែលសម្រេចដោយតុលាការ និងឆ្លងកាត់ការវាយតម្លៃ និងវាស់ស្ទង់សមត្ថភាព។

៣/ លក្ខខណ្ឌនៃការជ្រើសរើសសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ

កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ ត្រូវបានអនុញ្ញាតសម្រាប់ទាំងមន្ត្រីនគរបាល និងទាំងនិស្សិតអាហារូបករណ៍ដែលមិនមែនជាមន្ត្រីនគរបាលជាតិ។ សម្រាប់មន្ត្រីនគរបាល ឬមន្ត្រីពន្ធនាគារ គឺត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ មានប្រវត្តិការងារល្អ និងជាមន្រ្តីត្រៀមបម្រុងបន្តវេន មានចំណេះដឹងផ្នែកកុំព្យូទ័រ និងភាសាអង់គ្លេស​ (សម្រាប់ជំនាញព័ត៌មានវិទ្យា និងភាសាអង់គ្លេស​) និងមានអាយុយ៉ាងច្រើន ៣៥ឆ្នាំ។

ដោយឡែក​និស្សិតអាហារូបករណ៍​ ត្រូវមានសញ្ជាតិខ្មែរ និងមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ។ លក្ខខណ្ឌនៃនិស្សិតអាហារូបករណ៍ត្រូវមានអាយុយ៉ាងច្រើន ២៥ឆ្នាំ កម្ពស់ ១.៧០ម៉ែត្រឡើង ទម្ងន់ចាប់ពី ៦០ គីឡូក្រាមឡើង (សម្រាប់បុរស) និងកម្ពស់ ១.៦០ម៉ែត្រឡើង និងមានទម្ងន់ចាប់ពី ៤៨ គីឡូក្រាមឡើង (សម្រាប់នារី)។ បេក្ខជនទាំងពីរភេទ ត្រូវនៅលីវ (ចាប់ពីពេលដាក់ពាក្យប្រឡង រហូតដល់ពេលបញ្ចប់ការសិក្សា)  មិនធ្លាប់មានពិរុទ្ធភាព និងឆ្លងកាត់ការធ្វើតេស្តកាយសម្បទា មុននឹងផ្ដល់ពាក្យសុំប្រឡងប្រជែងតាមរយៈវិញ្ញាសារទាក់ទងនឹងកិច្ចការនគរបាល និងចំណេះដឹងទូទៅ។

៤/ លក្ខខណ្ឌនៃការជ្រើសរើសសម្រាប់ថ្នាក់បរិញ្ញាបត្រពិសេស

លក្ខខណ្ឌនៃការជ្រើសរើសចូលសិក្សាវគ្គបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រពិសេស គឺ​តម្រូវឲ្យបេក្ខជនទាំងពីរភេទ ជាមន្ត្រីនគរបាល។ មន្ត្រីនគរបាល ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ទៅតាមលក្ខខណ្ឌកំណត់នៃជំនាញនីមួយៗ មានប្រវត្តិការងារល្អ ​អាយុយ៉ាងច្រើន ៤៥ឆ្នាំ និងឆ្លងកាត់ការវាយតម្លៃរបស់គណៈកម្មការជ្រើសរើស។

៥/ លក្ខខណ្ឌនៃការជ្រើសរើសសិក្ខាកាមសម្រាប់វគ្គសិក្សាខ្លីៗ

សិក្ខាកាមទាំងពីរភេទ ជាមន្ត្រីគំរូ មានស្នាដៃឆ្នើម និងគោរពវិន័យបានល្អ ហើយជាមន្រ្តីត្រៀមបម្រុងសម្រាប់បន្តវេន ឬមន្ត្រីដែលត្រូវបំប៉នបន្ថែមលើជំនាញវិជ្ជាជីវៈ។ សិក្ខាកាម ត្រូវមានអាយុយ៉ាងច្រើន ៥០ឆ្នាំ និងមានមុខតំណែងតាមការកំណត់នៃជំនាញនីមួយៗ។

ចំពោះសិក្ខាកាមសម្រាប់វគ្គអប់រំក្រមសីលធម៌វិជ្ជាជីវៈនគរបាល ជាមន្ត្រីនគរបាលជាតិទាំងពីរភេទ ដែលមិនទាន់អនុវត្តបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈនគរបាល និងវិន័យការងារ ព្រមទាំងជាមន្រ្តីនគរបាលដែលមានឋានៈចាប់ពីមន្រ្តីដល់ស្នងការរងរាជធានីខេត្ត និងអនុប្រធាននាយកដ្ឋាន​នៃអង្គភាពនគរបាលចំណុះក្រសួងមហាផ្ទៃ។ ដោយឡែកសិស្សនាយនគរបាល និងសិស្សនាយនគរបាលរងដែលទើបជ្រើសរើសតាមរយៈការប្រឡងប្រជែងឲ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីនគរបាល ឬមន្ត្រីរាជការស៊ីវិលទើបផ្ទេរមកក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ គឺត្រូវទទួលវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល៕

ដោយ៖ ធឿន វ៉ាន់សុង ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១៦ នាទី មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១៩ នាទី មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ២០ នាទី មុន

រដ្ឋមន្ត្រីសុខាភិបាល ជំរុញឱ្យយកចិត្តទុកដាក់បន្ថែមទៀត និងកុំមើលរំលងចំពោះបញ្ហាជំងឺរបេង

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម