Connect with us

ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោក ទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី ១៤ ខែ​ធ្នូ ឆ្នាំ ២០២២ នៅ​ទីបញ្ជាការ​កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ ឯកឧត្ដម ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ទទួល​ជួប​សំណេះសំណាល​ជាមួយ​នឹង ឯកឧត្ដម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន មុននឹង ឯកឧត្ដម បញ្ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​នេះ ឯកឧត្ដម ឯកអគ្គរាជទូត បាន​សម្ដែង​ការ​អបអរសាទ​រចំពោះ​ភាព​ជោគជ័យ នៃ​ទំនាក់ទំនង​កម្ពុជា​-​ជប៉ុន ដែល​បាន​ឈាន​ទៅ​ដល់​កម្រិត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដោយ​គ្រោង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ឆ្នាំ ២០២៣ ខាងមុខ ជា​ខួប​ទី ៧០ នៃ​ការ​បង្កើត​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ។ ឯកឧត្ដម ក៏បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​លទ្ធផល​ដ៏​ត្រចះត្រចង់​របស់​កម្ពុជា ក្នុង​ការ​ដឹកនាំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤០ និង ៤១ រួម​ទាំង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា ព្រមទាំង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សំខាន់ៗ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​តំបន់ និង​សកលលោក ជាពិសេស​បញ្ហា មី​យ៉ាន់​មា អ៊ុយ​ក្រែ​ន​។​ល។ មួយវិញទៀត ឯកឧត្ដម ក៏បាន​កោតសរសើរ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​គ្រប់គ្រង​ការ​រីក​រាលដាល នៃ​ជំងឺ​កូវីដ​-១៩ បាន​យ៉ាង​ល្អ​ប្រសើរ។

ជា​ការ​ឆ្លើយតប ឯកឧត្ដម ហ៊ុន ម៉ាណែត បាន​រំលឹក​ឡើងវិញ​អំពី​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​របស់​ប្រទេស​ជប៉ុន និង​ប្រជាជន​ជប៉ុន ក្នុង​ដំណើរការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា និង​ការ​ស្ដារ​កសាង​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ។ លើស​ពី​នេះ​ក្នុង​ដំណាក់កាល នៃ​វិបត្តិ​កូវីដ-១៩ ជប៉ុន ក៏​ធ្លាប់​បាន​ផ្ដល់​ជំនួយ​ជា វ៉ាក់សាំង Astrazeneca, រថយន្ត​សង្គ្រោះ​, ទូ​ដាក់​វ៉ាក់សាំង​, បរិក្ខារ​ពេទ្យ និង​ប្រាក់​កម្ចីសម្បទាន ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​នេះ​ផង​ដែរ ដោយ​ទាំងនេះ​ពិតជា​បាន​ឆ្លុះបញ្ចាំង​អំពី​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​បាន​យ៉ាង​ស្អិត​រមួត និង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក​ក្នុងនាម​ជា​មិត្ត​ល្អ។

ជា​ចុងក្រោយ ឯកឧត្ដម អគ្គ​មេបញ្ជាការ​រង មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ថ្លែងអំណរគុណ ឯកឧត្ដម ឯកអគ្គរាជទូត ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​ការងារ​ជាច្រើន​ក្នុង​អាណត្តិ​ការទូត​អស់​រយៈពេល​ជាង ៣ ឆ្នាំ​កន្លង​មក​នេះ ព្រម​ជាមួយ​នឹង​ក្ដី​សង្ឃឹម​ថា ទំនាក់ទំនង​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន នឹង​នៅតែ​បន្ត​រីកចម្រើន​ឥត​ឈប់ឈរ​តទៅ​មុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម