Connect with us

ព័ត៌មានជាតិ

អ្នកការទូតជាស្វាមី ភរិយានឹងគ្នា១គូ កំពុងបំពេញតួនាទីជាតំណាងកម្ពុជានៅអាមេរិក

បានផុស

នៅ

ទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥០ ដែលគិតមកដល់ពេលនេះ មានរយៈពេល ៧១ឆ្នាំហើយ។ បច្ចុប្បន្ននេះ កម្ពុជាមានស្ថានតំណាងរបស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិកចំនួន២ដាច់ដោយឡែកពីគ្នា គឺទី១ ជាស្ថានតំណាងទ្វេភាគីកម្ពុជា-អាមេរិក ដែលហៅថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក និងទី២ ជាស្ថានតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើនិយាយអំពីឯកអគ្គរាជទូតកម្ពុជាដែលកំពុងបំពេញបេសកកម្មនៅឋអាមេរិកនាពេលនេះ គឺមានលោក កែវ ឈា ជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក និងលោកស្រី អ៊ាត សោភា ជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ។ ឥស្សរជនទាំង២រូបនេះ គឺជាអ្នកការទូតកម្ពុជាដ៏ឆ្នើមពោរពេញដោយសមត្ថភាព បទពិសោធន៍ និងចំណេះដឹងជ្រៅជ្រះ ជាពិសេស អ្នកការទូតទាំង២ ត្រូវជាស្វាមី ភរិយានឹងគ្នាថែមទៀត។ លោក កែវ ឈា និងលោកស្រី អ៊ាត សោភា ជាបញ្ញវន្តកម្ពុជាដែលទទួលបានការសិក្សាអប់រំទាំងនៅប្រទេសកម្ពុជា ឥណ្ឌា និងអូស្ត្រាលី។

លោក កែវ ឈា ជាអតីតនិស្សិតបរិញ្ញាបត្រផ្នែក​អក្សរសាស្ត្រ​អង់គ្លេសនៃសាកលវិទ្យាល័យ Jawaharlal Nehru ទីក្រុងញូដេលី និងបានបញ្ចប់ថ្នាក់ក្រោយឧត្តមសិក្សាផ្នែកច្បាប់អន្តរជាតិនៃវិទ្យាស្ថានច្បាប់អន្តរជាតិឥណ្ឌា។ លោកក៏ បានបញ្ចប់ថ្នាក់អនុបណ្ឌិតកិច្ចការបរទេស និងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យ Monash ប្រទេសអូស្ត្រាលីផងដែរ។

ក្នុងវ័យ ៦៦ឆ្នាំ លោក កែវ ឈា ត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក កាលពីដើមឆ្នាំ២០២២។ លោក កែវ ឈា ជាមន្ត្រីការទូតកម្ពុជាមួយរូបដែលមានបទពិសោធន៍ «ចាស់វស្សា» លើកិច្ចការទំនាក់ទំនងអន្តរជាតិ ក្រោយលោកបានចូលបម្រើការងារជាមន្ត្រីនៅក្រសួងការបរទេសតាំងពីក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩។ ជាមន្ត្រីនៃក្រសួងការបរទេស លោកធ្លាប់បានបំពេញការងារជាមន្ត្រីនៅនាយកដ្ឋានទំនាក់ទំនងសាធារណៈ ប្រធានផ្នែកទិដ្ឋាការ កុងស៊ុល និងកិច្ចការច្បាប់ និងជាជំនួយការផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា។

ជាបន្តបន្ទាប់ លោក កែវ ឈា ត្រូវបានក្រសួងការបរទេសចាត់ឲ្យទៅបំពេញការងារនៅក្រៅប្រទេសក្នុងតួនាទីជាលេខា ទី១ នៃស្ថានទូតកម្ពុជាប្រចាំប្រទេសឥណ្ឌា ជាលេខាទី១ នៃ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ប្រ៊ុយណេ ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអាស៊ាន និងជាទីប្រឹក្សាក្រសួងការបរទេស។ បន្ថែមពីនេះ លោកក៏ធ្លាប់បានទៅបំពេញការងារជាមន្ត្រីនៃលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ផងដែរ ដែលលោកកាន់តួនាទីជាប្រធានផ្នែកកម្មវិធីពិសេសដោះស្រាយកិច្ចសហប្រតិបត្តិការសន្តិសុខឆ្លងដែនអាស៊ាន និងជាប្រធានផ្នែកទំនាក់ទំនងខាងក្រៅសម្រាប់ដោះស្រាយកិច្ចសហប្រតិបត្តិការដៃគូសន្ទនាអាស៊ាន។

ដោយឡែក ភរិយារបស់លោក គឺលោកស្រី អ៊ាត សោភា មុនក្លាយជាមន្ត្រីការទូតជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា លោកស្រីបានចូលបម្រើការងារជាមន្ត្រីការិយាល័យព័ត៌មាននៃក្រសួងការបរទេសតាំងពីឆ្នាំ១៩៨៥។ ជាមួយគ្នានេះ លោកស្រី ធ្លាប់បានកាន់តំណែងជាអនុរដ្ឋលេខាធិការ ធ្លាប់បំពេញតួនាទីជាឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសថៃ រយៈពេលប្រមាណ ៣ឆ្នាំ និងជានាយកខុទ្ទកាល័យអតីតរដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង។

មុនពេលតែងតាំងជាឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅចុងឆ្នាំ២០២២នេះ លោកស្រី អ៊ាត សោភា កាន់តំណែងជារដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា។ ក្នុងនាមជាឧត្តមមន្ត្រីអាស៊ាន លោកស្រីបានចូលរួមដឹកនាំកិច្ចប្រជុំឧត្តមមន្រ្តីអាស៊ាន មុនពេលឈានដល់កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន កាលពីអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ។

ចំពោះការសិក្សាវិញ លោកស្រី អ៊ាត សោភា បានបញ្ចប់សញ្ញាបត្រថ្នាក់អនុបណ្ឌិតនយោបាយ និងរដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យ Flinders ប្រទេសអូស្ត្រាលី។ លោកស្រី ក៏មានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស នៅសាកលវិទ្យាល័យ Jawaharlal Nehru ប្រទេសឥណ្ឌា វិញ្ញាបនបត្រថ្នាក់ក្រោយឧត្តមសិក្សាផ្នែកច្បាប់អន្តរជាតិ និងការទូតនៃបណ្ឌិត្យសភាច្បាប់អន្តរជាតិ និងការទូតឥណ្ឌា និងបានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញការទូតនៅក្រសួងការបរទេសកម្ពុជាផងដែរ៕

ដោយ៖ ធឿន​ វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យខេត្តកោះកុង ៖ មិនទាន់មានការបង្រ្កាបទីតាំងល្បែងអនឡាញទេ មានតែករណីស្រាវជ្រាវឃាតកម្ម

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ការអប់រំកុមារតូចៗជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សិស្សទទួលបានការសិក្សាពេញមួយជីវិត

ព័ត៌មានជាតិ២ ម៉ោង មុន

ការដាក់​ពាក្យ​ប្រឡង​ក្រប​ខ័ណ្ឌ​មន្ត្រីពន្ធនាគារ នឹងចាប់ផ្តើម​ផ្តល់ពាក្យ​នៅ​ដើមសប្តាហ៍​ក្រោយ

ព័ត៌មានជាតិ២ ម៉ោង មុន

«កក្កដា»ជាខែដ៏ពិសិដ្ឋ មានអត្ថន័យធំធេងចំពោះកម្ពុជា ព្រោះសម្បត្តិបេតិកភណ្ឌជាតិចំនួន៣ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ព័ត៌មានជាតិ២ ម៉ោង មុន

ឥណ្ឌា ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ៤១ នាក់ ទៅបន្តការសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តមសិក្សា នៅប្រទេសឥណ្ឌា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម