Connect with us

ព័ត៌មានជាតិ

ដំណើរការការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ សម្រេចបានលើស ៦៥ភាគរយហើយ គ្រោងបញ្ចប់នៅខែសីហាខាងមុខ

បានផុស

នៅ

មកដល់ពេលនេះ ដំណើរការការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ សម្រេចបានលើស ៦៥ភាគរយ បន្ទាប់ពីបានបើកដំណើរការសាងសង់អស់រយៈពេល ១៣ខែរួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២២នេះ បានដឹកនាំប្រជុំ ស្ដីពី វឌ្ឍនភាព នៃការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ដែលស្ថិតនៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក សក់ សេដ្ឋា បានឲ្យដឹងថា គិតមកដល់ពេលនេះ ការសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី មានរយៈពេលជាង ១ឆ្នាំហើយ ដោយតាមកិច្ចសន្យារវាងក្រសួងមហាផ្ទៃ ជាមួយក្រុមហ៊ុនសាងសង់ គឺប្រើរយៈពេលសាងសង់ជាង ២០ខែ ដែលគម្រោងបញ្ចប់ការងារនៅខែសីហា ឆ្នាំ ២០២៣ខាងមុខ។

លោករដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានឲ្យដឹងបន្តថា បើតាមសេចក្ដីរាយការណ៍សង្ខេបពីក្រុមហ៊ុននាពេលកន្លងទៅ គម្រោងសាងសង់ទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ គឺសាងសង់បានលឿនជាងតាមផែនការដែលបានគម្រោងទុក។ អគារទីស្ដីការក្រសួងថ្មីនេះ គឺសាងសង់បានត្រឹមត្រូវ និងតាមស្ដង់ដារសំណង់ ដោយបានសាងសង់យ៉ាងយកចិត្តទុកដាក់បំផុតផងដែរ។ បើតាមលោក សក់ សេដ្ឋា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ក៏មានផ្ទៃក្រឡាទំហំធំជាងគេ ក្នុងចំណោមអគាររបស់រដ្ឋ នៅកន្លែងដទៃទៀត។

បើតាមលោកនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការសាងសង់អគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃ បានឲ្យដឹងថា តាមការសន្និដ្ឋាន និងវាយតម្លៃជាលទ្ធផលសរុបជារួមសម្រេចបានលើស ៦៥ភាគរយ ធៀបនឹងកិច្ចសន្យា ដូចជា៖ គ្រឿងបង្គុំសំណង់៖ ផ្ទៃក្រឡាចាក់បេតុងកម្រាលខណ្ឌរួច ចំនួន១០៥,៥៤៥ ម៉ែត្រការ៉េ ស្មើនឹង ១០០ភាគរយ នៃផ្ទៃក្រឡាសរុប និងគ្រឿងបង្គុំផ្នែកដំបូលសម្រេចបាន ៦០ភាគរយ ការងារសំអាតចុងក្រោយ ៖ ក្រុមហ៊ុនអនុវត្តការងាររៀបជញ្ជាំងខាងក្នុង ខាងក្រៅអគារ ក្រាលការ៉ូបាត បៀក និងលាបថ្នាំ សម្រេចលទ្ធផលជារួមស្មើនឹង ៤៥ភាគរយ ការងាររៀបចំប្រព័ន្ធ និងបណ្ដាញ ៖ ក្រុមហ៊ុន កំពុងអនុវត្តការងាររៀបចំបណ្ដាញទឹក ប្រព័ន្ធអគ្គិសនី ប្រព័ន្ធអគ្គិសនី ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធសុវត្ថិភាព សម្រេចលទ្ធផលជារួមស្មើនឹង ៤៥ភាគរយ ការងារដេគ័រផ្នែកខាងក្នុង ៖ ក្រុមហ៊ុនបានអនុវត្តការងារដេគ័រសាលប្រជុំនៅផ្ទាល់ដី សម្រេចលទ្ធផលបាន ៥៥ភាគរយ។

លោកនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានឲ្យដឹងបន្តថា ក្រុមហ៊ុនសាងសង់អនុវត្តការងារតាមកិច្ចសន្យា និងប្រតិទិនការងារ ដែលធៀបមកល់បច្ចុប្បន្ននេះ មានរយៈពេល ១៣ខែ គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២ សម្រេចលទ្ធផលបានមុន ផែនការកំណត់ចំនួន ២សប្ដាហ៍។ លើសពីនេះ លោកក៏បានស្នើល់ក្រុមហ៊ុនសាងសង់ ឲ្យពន្លឿនបញ្ចប់ការងារតាមជាន់នីមួយៗឲ្យបានសម្រេច ១០០ភាគរយ គឺចាប់ពីជាន់ចំណតរថយន្ដ រហូតដល់ជាន់ទី ៥ ឲ្យបានមុនបំណាច់ខែមីនា ឆ្នាំ ២០២៣ខាងមុខ។

ជាចុងក្រោយ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានណែនាំដល់ក្រុមហ៊ុនសាងសង់អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពនៅពេលដំណើរការសាងសង់។ លោក ក៏បានណែនាំបន្ថែមដល់ក្រុមមហ៊ុនសាងសង់ ត្រូវពន្លឿនកិច្ចការងាររបស់ខ្លួនឲ្យបានលឿន ដើម្បីបញ្ចប់ការសាងសង់ឲ្យបានរួចរាល់តាមការគ្រោងទុក និងត្រូវគោរពតាមបទដ្ឋាននៃសំណង់ឲ្យបានត្រឹមត្រូវជាប់ជាប្រចាំ ដើម្បីធានាបាននូវភាពរឹងមាំនៃសំណង ដែលអាវរក្សានូវគុណភាពបានយូរអង្វែង។

សូមជម្រាបថា អគារទីស្ដីការរបស់ក្រសួងមហាផ្ទៃថ្មី ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១កន្លងទៅ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ហើយគម្រោងបញ្ចប់ការងារសាងសង់នៅខែសីហា ឆ្នាំ ២០២៣ ខាងមុខ ដែលទទួលសិទ្ធិម៉ៅការសាងសង់ដោយក្រុមហ៊ុន គីម ម៉ិច ខនស្ត្រាក់សិន និងអ៊ិនវេសមេន។​

អគារទីស្ដីការក្រសួងមហាផ្ទៃថ្មី ផ្នែកខាងមុខនៃអគារនេះ បែរទៅទិសខាងកើតស្របតាមផ្លូវព្រះនរោត្តម និងបែរមុខចំទន្លេរធំៗទាំងបួន ដែលហៅថាទន្លេចតុមុខ។ អគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។

លើសពីនេះទៀត ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មីរបស់ក្រសួងមហាផ្ទៃនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូលប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោមតាមគោលការណ៍សមមាត្រនៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការបែបសម័យទំនើបថ្មី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម