ព័ត៌មានជាតិ
សេដ្ឋីមានងារជាអ្នកឧកញ៉ា ៨រូប កំពុងវិនិយោគលើវិស័យធនាគារនៅកម្ពុជា
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យធនាគារ និងហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញ និងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ សម្រាប់នៅកម្ពុជា ប្រព័ន្ធធនាគារត្រូវបានបែងចែកជាពីរថ្នាក់ គឺប្រព័ន្ធធនាគារសាធារណៈ (ធនាគារជាតិនៃកម្ពុជា) និងប្រព័ន្ធធនាគារឯកជន រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

ប្រព័ន្ធធនាគារឯកជន គឺជាការចូលរួមវិនិយោគដោយក្រុមហ៊ុនឯកជនទាំងជាតិ និងបរទេស។ ក្នុងនោះ សេដ្ឋីកម្ពុជាដែលមានងារជាអ្នកឧកញ៉ាមួយចំនួនក៏បានសម្រេចចិត្តបោះទុនវិនិយោគលើវិស័យនេះជាបន្តបន្ទាប់ដែរ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍលើវិស័យធនាគារនៅកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន។ តើអ្នកឧកញ៉ាកម្ពុជារូបណាខ្លះកំពុងតែធ្វើជំនួញលើវិស័យធនាគារ និងហិរញ្ញវត្ថុ?
១/ អ្នកឧកញ៉ា គិត ម៉េង
ប្រជាពលរដ្ឋបានស្គាល់យ៉ាងច្បាស់នូវឈ្មោះអ្នកឧកញ៉ា គិត ម៉េង ដែលជាសេដ្ឋីលំដាប់កំពូលមួយនៅកម្ពុជា។ អ្នកឧកញ៉ា គិត ម៉េង កំពុងកាន់កាប់ក្រុមហ៊ុនជាច្រើននៅក្នុងដៃក្រោមដំបូលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ ក្នុងនោះ អ្នកឧកញ៉ារូបនេះ ក៏កំពុងគ្រប់គ្រងលើធនាគារចំនួនពីរផងដែរ គឺធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងធនាគារ វីង ខេមបូឌា ដែលលោកជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ។

២/ អ្នកឧកញ៉ា លី ហួរ
នៅពេលនិយាយឈ្មោះ លី ហួរ សាធារណជនច្បាស់ណាស់នឹងនឹកឃើញដល់ហាងដូរលុយ លី ហួរ ដែលនៅជិតផ្សារអូរឬស្សី រាជធានីភ្នំពេញ។ មែនទែនទៅ លី ហួរ គឺជាឈ្មោះរបស់អ្នកឧកញ៉ា លី ហួរ ដែលជាប្រធានក្រុមប្រឹក្សា ភិបាលក្រុមហ៊ុន លី ហួរ គ្រុប។ ក្នុងចំណោមក្រុមហ៊ុនជាច្រើន អ្នកឧកញ៉ា លី ហួរ ក៏មានជំនួញលើវិស័យធនាគារដែរ គឺធនាគារ អេស ប៊ី អាយ លី ហួរ។

៣/ អ្នកឧកញ៉ា លាង ម៉េង កំពុងកាន់កាប់ជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ជីប ម៉ុង។ ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយទៀតរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ហើយបានបើកប្រតិបត្តិអាជីវកម្មជាផ្លូវការនៅអំឡុងខែមករា ឆ្នាំ២០១៩។

៤/ អ្នកឧកញ៉ា ពុង ឃាវសែ
អ្នកឧកញ៉ា ពុង ឃាវសែ ជាអ្នកជំនួញកម្ពុជាដ៏មានឥទ្ធិពលដែលកំពុងកាន់គម្រោងខ្នាតយក្សជាច្រើនគម្រោង ជាពិសេសគម្រោងព្រលានយន្តហោះភ្នំពេញថ្មី និងគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា។ មិនត្រឹមតែប៉ុណ្ណោះ អ្នកឧកញ៉ា ពុង ឃាវសែ ក៏មានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារប្រៃសណីយ៍កម្ពុជា និងធនាគារ កាណាឌីយ៉ា ហើយក៏ធ្លាប់ធ្វើជាប្រធានសមាគមធនាគារនៅកម្ពុជាផងដែរ។

៥/ អ្នកឧកញ៉ា ចេន ហ្ស៊ី
អ្នកឧកញ៉ា ចេន ហ្ស៊ី ជាអ្នកជំនួញជនជាតិចិនដែលបានមកវិនិយោគនៅកម្ពុជា និងទទួលបានគោរមងារជាអ្នកឧកញ៉ា។ បច្ចុប្បន្ន អ្នកឧកញ៉ា ចេន ហ្ស៊ី ជាម្ចាស់ភាគហ៊ុន និងជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ ព្រីនស៍ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៨។

៦/ អ្នកឧកញ៉ា សំ អាង
ប្រហែលជាសាធារណជនទូទៅបានស្គាល់រួចហើយនូវអគារ វឌ្ឍនៈ ដែលស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ។ ធនាគារ វឌ្ឍនៈ គឺជាកម្មសិទ្ធិរបស់អ្នកឧកញ៉ា សំ អាង និងភរិយារបស់លោក គឺអ្នកឧកញ៉ា ឈុន លាង។

៧/ អ្នកឧកញ៉ា លី ឃុនថៃ
អ្នកឧកញ៉ា លី ឃុនថៃ គឺជាប្រធានក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជ អាល់ហ្វា។ បន្ថែមពីនេះ អ្នកឧកញ៉ា លី ឃុនថៃ កំពុងកាន់កាប់តួនាទីជាច្រើនក្នុងវិស័យឯកជនដូចជា អគ្គនាយកក្រុមហ៊ុន អាល់ហ្វា គ្រុប ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសមាគមស្បែកជើងកម្ពុជា។ ទន្ទឹមនេះ អ្នកឧកញ៉ា លី ឃុនថៃ ក៏មានមុខតំណែងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាថែមទៀត។

៨/ អ្នកឧកញ៉ា កុក អាន
អ្នកឧកញ៉ា កុក អាន មិនត្រឹមតែជាស្ថាបនិកនៃក្លិបបាល់ទាត់ ភ្នំពេញក្រោន និងជាអ្នកជំនួញ រកស៊ីលើវិស័យកាស៊ីណូប៉ុណ្ណោះទេ លោកក៏ជាប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឯកទេស អានកូ ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានជាតិ២៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ