ព័ត៌មានជាតិ
វត្តចំណាស់មួយល្បីមានឈ្មោះក្នុងបទចម្រៀងជំនាន់អធិរាជលោកតា ស៊ីន ស៊ីសាមុត
វត្តបាការនិវេសន៍ ហៅវត្តកំផែងបច្ចុប្បន្ន ជាវត្តមួយដែលមានវ័យចំណាស់ក្នុងចំណោមវត្តទាំង ២៧ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ស្របតាមបណ្ដោយផ្លូវលេខ៣ ដែលមានចម្ងាយប្រមាណ ១៥០ម៉ែត្រ ខាងត្បូងឈៀងខាងលិចសាលា ខេត្តបាត់ដំបង។

បើតាមមន្ទីរទេសចរណ៍ខេត្តបាត់ដំបង វត្តកំផែងបានកកើត ដោយសារតែពុទ្ធបរិស័ទខ្មែរ រួបរួមគ្នាបង្កើតឡើងដើម្បីងាយស្រួលក្នុងការគោរពប្រតិបត្តិនិងការធ្វើបុណ្យទានតាមប្រពៃណីរបស់ខ្មែរ។
លោកព្រឹទ្ធាចារ្យ សៅរ៍ សាម៉ន ប្រធានអាចារ្យវត្តកំផែងបានរៀបរាប់ឱ្យដឹងពីប្រវត្តិនៃការកសាងវត្តនេះឡើង ដោយមានព្រះសង្ឃ អាចារ្យគណៈកម្មការវត្តបានឯកភាពគ្នាសាងសងនៅឆ្នាំ ២៤៤៤ ព.ស គ.ស ១៩០១ មានទទឹង ១៣.៥០ម៉ែត្រ បណ្ដោយ ២៦.១០ម៉ែត្រ សាងសង់អំពីឥដ្ឋបូកបាយអរ ជញ្ជាំងរៀបឥដ្ឋឌុបបួនជ្រុង និងធ្នឹមធ្វើពីឈើផ្ចឹកគគីរមានទំហំធំៗ មានក្បូរក្បាច់រចនាបូរាណជាក្បាច់សារពើសូត្រត្រង់។

ខឿនព្រះវិហារមានក្បូរក្បាច់រចនាបូរាណ ជាក្បាច់សារពើសូត្រត្រង់ មានកម្ពស់ ១.៣៣ម៉ែត្រ ដំបូលព្រះវិហារប្រក់ក្បឿងស្រកានាគ ពិតានធ្វើពីសំណាញ់បូកបាយអរ មានទ្វារចំនួន ៥ទ្វារនីមួយៗ មានទទឹង ១.៥២ម៉ែត្រ កម្ពស់ ២.៧៩ម៉ែត្រ បង្អួចមាន ១២បង្អួចនីមួយៗ មានទទឹង ១.១០ម៉ែត្រ កម្ពស់ ២.១២ ម៉ែត្រ ហើយកម្រាលខាងក្នុងព្រះវិហារ រៀបឥដ្ឋការ៉ូ កម្រាលជុំវិញ បរិវេណព្រះវិហារ រៀបឥដ្ឋតាន់ ដោយមានរចនាក្បាច់ផ្កាដូងផងដែរ។ ជាងនេះទៅទៀតវត្តនេះបើតាមការស្រាវជ្រាវ និងដកស្រង់ចេញពីឯកសារ របស់ក្រុមការងាររៀបចំផែនការតំបន់ខេត្តបាត់ដំបង ចុះថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០០៧ ដែលឧបត្ថម្ភដោយអង្គការសេវាកម្មអភិវឌ្ឍន៍នៃប្រទេសអាល្លឺម៉ង់ DED បញ្ជាក់ថា ព្រះវិហារវត្តកំផែងបើតាមការស្រាវជ្រាវបានធ្វើការជួសជុលចំនួន ៣ លើកមកហើយ ហើយការជួសជុលចុងក្រោយនៅឆ្នាំ ២០០២។

វត្តបាការនិវេសន៍ហៅវត្តកំផែង នាពេលបច្ចុប្បន្ននេះក៏មាននូវលក្ខណៈពិសេសជាច្រើនផងដែរ ដោយមិនត្រឹមតែជាកន្លែងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ សម្រាប់ប្រារព្ធពិធីផ្សេងៗប៉ុណ្ណោះទេ ថែមទាំងជាគោលដៅទាក់ទាញទេសចរមួយក្នុងក្រុងបាត់ដំបង។ ម្យ៉ាងដោយវត្តនេះ ស្ថិតនៅក្នុងទីតាំងសក្ដានុពល ស្ថិតនៅទីប្រជុំជន នៃក្រុងបាត់ដំបង អាចដើរដោយថ្មើរជើង ងាយស្រួលក្នុងកម្មវិធីទស្សនកិច្ចជាវត្តបុរាណ មានអាយុកាលយូរលង់ ជាវត្តពាក់ព័ន្ធប្រវត្តិសាស្ត្រខ្មែរ សៀម ហើយត្រូវបានអ្នកនិពន្ធដ៏ល្បីឈ្មោះ (លោក គង់ ប៊ុនឈឿន) សរសេររៀបរាប់ក្នុងបទចម្រៀងច្រៀងដោយអធិរាជសំឡេងមាស ស៊ិន ស៊ីសាមុត។

ក្រៅពីនេះ ក្នុងបរិវេណវត្តទាំងមូលមានសំណង់ បូរាណ សួនផ្កា គួបផ្សំទាំងចម្លាក់ជាច្រើនដូចជា ព្រះវិហារ (កសាងឆ្នាំ ១៩០១), ចេតិយបូរាណ តម្កល់ព្រះអរហន្តធាតុ (កសាងឆ្នាំ១៨៤០), ចេតិយបូរាណ (កសាងឆ្នាំ ១៩៤៨), ប្រាង្គតម្កល់អរហន្តធាតុ (កសាងឆ្នាំ ១៩០១), កុដិបូរាណ (កសាងឆ្នាំ ១៩១២), សាលាឆាន់ (កសាងក្នុងទស្សវត្ត៥០), ចេតិយតម្កល់ធាតុប្រជាពលរដ្ឋដែលបានស្លាប់តាមជំរុំជាយដែន កម្ពុជា ថៃ (កសាងឆ្នាំ ១៩០៦), បណ្ណាល័យវត្តកំផែង (កសាងរូចរាល់ឆ្នាំ ២០០០), សាលាពុទ្ធិកបឋមសិក្សាវត្តកំផែង (កសាងឆ្នាំ ១៩៦៨), និងសារមន្ទីរវត្តកំផែង ដែលមានវត្ថុបូរាណជាច្រើនប្រភេទ (កសាងឆ្នាំ ២០០៧) ដែលអាចទាក់ទាញទេសចរ ទៅទស្សនាឥតឈប់ឈរ។

គួរបញ្ជាក់ដែរថា តាំងពីការកកើតនៃការសាងសង់វត្តបាការនិវេសន៍ ហៅវត្តកំផែងបច្ចុប្បន្ន ក៏មានព្រះគ្រូចចៅអធិការវត្តប្រមាណ ១១អង្គ ដែលមានព្រះនាមដូចជា៖ ១-លោកគ្រូចៅអធិការវត្ត ព្រះនាម ទុំ ឯម ពីឆ្នាំ ១៩១២ ដល់ ឆ្នាំ ១៩៤៣, ២-លោកគ្រូចៅអធិការវត្ត ព្រះនាម កែវ សាង ពីឆ្នាំ ១៩៤៧ ដល់ ឆ្នាំ ១៩៧៥, ៣-លោកគ្រូចៅអធិការវត្ត ព្រះនាម គឹម ភួង ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩២, ៤-លោកគ្រូចៅអធិការវត្តព្រះនាម យិន ផាត់, ៥-លោកគ្រូចៅអធិការវត្តព្រះនាម ឃឿប បូរ, ៦-លោកគ្រូចៅអធិការវត្តព្រះនាម កៅ ប្រាជ្ញ, ៧-លោកគ្រូចៅអធិការវត្តព្រះនាម ឃុត ជំនោរ, ៨-លោកគ្រូចៅអធិការវត្តព្រះនាម ប្រាក់ សុភ័ត្រ (ចរណធម្មោ), ៩-លោកគ្រូចៅអធិការវត្តព្រះនាម ឃឿប បូរ (ញាណសរណោ), ១០-លោកគ្រូចៅអធិការវត្តព្រះនាម យ៉ិន សារឹម (អគ្គទិន្នកោ) ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៨, ១១-លោកគ្រូចៅអធិការវត្តព្រះនាម គឿន ប៉ិច (នេតុបណ្ឌិតោ) ពីឆ្នាំ ២០០៨ ដល់បច្ចុប្បន្ន៕
ដោយ៖ ថារី
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
ទំនាយ៦យ៉ាងរបស់លោកយាយ Baba Vanga ក្នុងឆ្នាំ២០២៤ ខ្លាំងជាង ២០២៣
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
សន្តិសុខសង្គម២ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ