ព័ត៌មានជាតិ
សម្ដេចតេជោ ផ្ដាំផ្ញើទៅអ្នកនយោបាយ និងអ្នកវិភាគខ្លះ កុំយករឿងអនុវត្តច្បាប់ ទៅភ្ជាប់នឹងរឿងនយោបាយបន្តទៀត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដាំផ្ញើទៅអ្នកនយោបាយ និងអ្នកវិភាគខ្លះ កុំយករឿងអនុវត្តច្បាប់ ទៅភ្ជាប់នឹងរឿងនយោបាយបន្តទៀត ហើយព្រមានប្ដឹងទៅគណបក្សមួយចំនួន ដែលចេញសេចក្ដីថ្លែងការណ៍ បន្ទោសថា គណបក្សកាន់អំណាច គំរាមកំហែងខ្លួនឯងឲ្យសោះ។

ការផ្ដាំផ្ញើរបស់សម្ដេចតេជោ ហ៊ុន សែន បែបនេះ បន្ទាប់ពីគណបក្សភ្លើងទៀន និងអ្នកនយោបាយ នៃគណបក្សប្រឆាំងមួយចំនួនទៀត បាននិយាយថា ការឃាត់ខ្លួន និងឃុំខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការចេញសែកគ្មានសាច់ប្រាក់នោះថា ជារឿងនយោបាយ និងជារូបភាពគំរាមកំហែង។
សម្ដេចតេជោ ហ៊ុន សែន ក្នុងពេលពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» និងសំណេះសំណាលជាមួយកម្មករសំណង់ នៅក្នុងការដ្ឋានមន្ទីរពេទ្យនេះប្រមាណ ១,២០០ នាក់ នៅព្រឹកថ្ងៃទី ១៩ ខែមករានេះ បានផ្ដាំផ្ញើទៅអ្នកនយោបាយ និងអ្នកវិភាគខ្លះ កុំយករឿងអនុវត្តច្បាប់ ទៅភ្ជាប់នឹងរឿងនយោបាយបន្តទៀត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ខ្ញុំចង់ផ្ញើសារទៅអ្នកទាំងឡាយ កុំរឿងអីសុទ្ធតែរឿងនយោបាយទាំងអស់ ហើយខ្ញុំសុំទទូច ដោយទទូចៗ អង្វរកផង តែក៏មានវិធានការផ្លូវច្បាប់ចំពោះអ្នកឯងដែរ…អ្នកអត់អាចចេញសេចក្ដីថ្លែងការណ៍ បន្ទោសថា គណបក្សកាន់អំណាច គំរាមកំហែងអ្នកឯងទេ អ្នកឯងប្រយ័ត្នគណបក្សប្រជាជនប្ដឹង និយាយគ្នាឲ្យច្បាស់ជាមួយគ្នាអញ្ចឹងម៉ង»។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងដោយមិនបញ្ចេញឈ្មោះ តែគេអាចដឹងថា ចង់សំទៅលើលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួន ដោយសារតែចេញសែកស្អុយ (គ្មានសាច់ប្រាក់) ដែលជាការអនុវត្តច្បាប់របស់កម្ពុជា មិនមែនពាក់ព័ន្ធនឹងរឿងនយោបាយឡើយ។
គួររំលឹកថា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មាន ឲ្យដឹងថា នៅថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ដោយអនុវត្តទៅតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លេខ ៣៨ “ឈ១” ព្រ.ទ ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ។
បើតាមអ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ តំណាងអយ្យការ បានទទួលពាក្យបណ្តឹងពីក្រុមហ៊ុន រិន ឆាយ ផនសប បានប្តឹងពីឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ការចេញសែកដោយគ្មានសាច់ប្រាក់ចំនួន ០៥សន្លឹក)។
បន្ទាប់ពីបានធ្វើការស៊ើបអង្កេត ស្តាប់ចម្លើយរបស់ភាគីពាក់ព័ន្ធ ព្រមទាំងពិនិត្យលើភស្តុតាងនានា តាមនីតិវិធីរួចមក អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ថាច់ សេដ្ឋា ភេទប្រុស ពីបទ៖ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ ២០១៩។
បទល្មើសនេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ ស្តីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់ តាមដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួរលេខ ២០២៣ អយញ ចុះថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២១។
សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្នុងដំណាក់កាលស៊ើបសួរ ជនត្រូវចោទឈ្មោះ ថាច់ សេដ្ឋា ខកខានមិនបានចូលខ្លួនបំភ្លឺ តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន ២លើក របស់ចៅក្រមស៊ើបសួរដែលមានលេខ ៦៤ “ម” ព្រ.ទ ចុះ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ និងដីកាបង្គាប់ឲ្យចូលខ្លួនលេខ ១៩ “ឈ១“ព្រ.ទ ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ ដោយពុំមានមូលហេតុ។
រហូតមកដល់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣ ចៅក្រមស៊ើបសួរ បានសម្រេចចេញដីកាបង្គាប់ឲ្យនាំខ្លួនលើជនត្រូវចោទ ថាច់ សេដ្ឋា ដើម្បីស្តាប់ចម្លើយតាមនីតិវិធី។ ក្រោយពីបានស្តាប់ចម្លើយ និងពិនិត្យលើភស្តុតាងនានា ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទ ថាច់ សេដ្ឋា តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤១២ “ឈ១” ដ.ឃ.ដ ចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៣៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ប៉ូលិសរកឃើញ ក្បាលនិងឆ្អឹងជំនីរ តារាស្រីហុងកុង នៅក្នុងឆ្នាំងស៊ុប
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
មហាជនរិះគន់ Margie ក្រោយ Bella ក្លាយជាផ្ទាំងស៊ីប ដែលនាងមិនចង់រួមការងារជាមួយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Bella ត្រូវមនុស្សទូទាំងប្រទេសថៃកោតសរសើរ ក្រោយនិយាយប្រយោគមួយឃ្លា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រូបរាងរបស់ Janie កំពុងរងការរិះគន់ថា ដូចមនុស្សទាស់សរសៃ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
តារាប្រុសម្នាក់ ធ្វើអត្តឃាតសម្លាប់ខ្លួនទាំងវ័យក្មេង ដោយសារជំងឺផ្លូវចិត្តធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត