ព័ត៌មានជាតិ
មន្ត្រីជំនាញ ចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការអ៊ុតកៅស៊ូ លើបណ្ដោយផ្លូវជាតិលេខ ៦A ទាំងកម្ដៅ និងកម្រាស់
មន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចុះពិនិត្យលក្ខណៈបច្ចេកទេស នៃការអ៊ុតកៅស៊ូ ខណៈក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ លើបណ្ដោយផ្លូវជាតិលេខ ៦A ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

មន្ត្រីជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៧ មករានេះ បានពិនិត្យលក្ខណៈបច្ចេកទេសលើការអ៊ុតកៅស៊ូ និងវាស់កម្ដៅកៅស៊ូ មុន នៃការអ៊ុត ជាមួយនឹងការវាស់កម្រាស់សាច់កៅស៊ូដែលត្រូវអ៊ុតផងដែរ ដើម្បីឲ្យដឹងថា ការអ៊ុតកៅស៊ូនៅកំណាត់ផ្លូវជាតិលេខ៦Aនេះ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងត្រឹមត្រូវតាមកម្រាស់កៅស៊ូដែលបានកំណត់ឬទេ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី ២៧ មករានេះថា ៖ តាមប្រសាសន៍ណែនាំពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលគ្រឹះអ៊ុតកៅស៊ូ ដាក់លូ រៀបការ៉ូឡា គូសគំនូសចរាចរណ៍ ជាមួយនឹងដាំដើមឈើ តាមបណ្ដោយផ្លូវជាតិលេខ៦A ឲ្យបានរួចរាល់នៅមុនខែ ០៣ ឆ្នាំ ២០២៣ ពោលគឺឲ្យបានរួចរាល់មុនការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី ១២ នាខែឧសភា ឆ្នាំ ២០២៣ ខណៈកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។ កំណាត់ផ្លូវជាតិលេខ៦Aនេះ ជាផ្លូវក្នុងចំណោមផ្លូវ ៤ ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងជួសជុល និងស្ថាបនា ឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងប៉ារ៉ាហ្គេមលើកទី ១២ ដោយចាប់ផ្ដើមពីខែកញ្ញា ឆ្នាំ ២០២២ និងគ្រោងបញ្ចប់នៅខែមិនា ឆ្នាំ ២០២៣ មានប្រវែង ១៧ គីឡូម៉ែត្រកន្លះ ជាមួយនឹងការដាក់លូសងខាងផ្លូវទំហំមុខកាត់ ១ ម៉ែត្រ ប្រវែង ៣៥ គីឡូម៉ែត្រ រៀបការ៉ូឡា គូសគំនូសចរាចរណ៍ និងដាំដើមឈើ រហូតដល់ព្រំប្រទល់ខេត្តកណ្តាល។ ការងារនេះគិតមកដល់ពេលនេះសម្រេចបាន ៨០ ភាគរយហើយ។

ផ្លូវទាំង ៤ ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនា និងជួសជុលអ៊ុតកៅស៊ូឆ្ពោះទៅពហុកីឡដ្ឋានជាតិមរតកតេជោនេះ រួមមាន មហាវិថីឈ្នះឈ្នះ មានទទឹងផ្លូវ ២០ ម៉ែត្រ ប្រវែងជាង ៨ គីឡូម៉ែត្រ ផ្លូវជាតិលេខ៦A ប្រវែង ១៧ គីឡូម៉ែត្រកន្លះ និងផ្លូវថ្មី ២ ខ្សែទៀត ដោយស្ថាបនាស្របតាមទន្លេសាបផ្នែកខាងកើត បែកខ្នែងជា ២ ផ្នែក ឆ្ពោះឡើងមហាវិថីឈ្នះឈ្នះ គឺខ្សែទី ១ ផ្លូវស្របមាត់ទន្លេ ចាប់ពីផ្លូវជាតិលេខ ៦ ដល់មហាវិថីឈ្នះឈ្នះ។

លោក សាំ ពិសិដ្ឋ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋជួយថែរក្សាការ៉ូឡាថ្មើរជើង ដោយកុំដាក់តាំងលក់អីវ៉ាន់ ការចតជាដើមលើការ៉ូឡា ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរថ្មើរជើង និងជួយថែរក្សាលូ និងស្លាកសញ្ញាចរាចរកុំឲ្យខូចខាតផង៕
អត្ថបទ ៖ ស្រីរ័ត្ន






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


