Connect with us

ព័ត៌មានជាតិ

ក្រៅពីបណ្ឌិត សុខ ទូច តើបណ្ឌិតណាទៀតដែលធ្លាប់ធ្វើជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា?

បានផុស

នៅ

រាជបណ្ឌិត្យសភាកម្ពុជា ដែលជាស្ថាប័នសម្រាប់ការសិក្សា ស្រាវជ្រាវ និងជាឃ្លាំងបញ្ញាញាណជាតិ បានចាប់ផ្ដើមបង្កើតឡើងវិញក្នុងអំឡុងខែមិថុនា ឆ្នាំ១៩៩៩ ខណៈស្ថាប័នស្រាវជ្រាវមួយនេះបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ១៩៦៥ ប៉ុន្ដែដោយសារសង្គ្រាមស៊ីវិលនៅកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជាក៏បានកាត់ផ្ដាច់ទៅវិញ។ គិតចាប់តាំងពីឆ្នាំ១៩៩៩ មកទល់នឹងបច្ចុប្បន្ននេះ រាជបណ្ឌិត្យសភាកម្ពុជា បានឆ្លងកាត់ការដឹកនាំដោយប្រធានចំនួន ៣រូបហើយ។ ប្រធាន-អតីតប្រធាននៃរាជបណ្ឌិត្យសភាកម្ពុជាទាំង ៣រូប គឺសុទ្ធសឹងតែជាបញ្ញវន្តខ្មែរដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅក្រៅប្រទេស ដូចជា បារាំង រុស្ស៊ី និងវៀតណាម។ តើប្រធាន-អតីតប្រធានទាំង ៣រូបនេះ គឺជានរណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១/ លោកបណ្ឌិត ស៊ន សំណាង

ក្រោយការបង្កើតឡើងនូវស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជាក្នុងឆ្នាំ១៩៩៩ លោកបណ្ឌិត ស៊ន សំណាង ជាឥស្សរជនដំបូងគេដែលត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ មុនពេលធ្វើជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ស៊ន សំណាង ធ្លាប់ធ្វើជាប្រធានសាស្ត្រាចារ្យ នៅសាលាគរុវិជ្ជាជាន់ខ្ពស់ ក្នុងចន្លោះឆ្នាំ១៩៨១ ដល់ឆ្នាំ១៩៨៧ និងជាប្រធានដេប៉ាតេម៉ង់ផ្នែកប្រវត្តិវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងចន្លោះឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៨។

ក្នុងឆ្នាំ២០០៩ លោកបណ្ឌិត ស៊ន សំណាង ក៏បានបញ្ចប់តួនាទីជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា បន្ទាប់ពីលោកដឹកនាំស្ថាប័នស្រាវជ្រាវមួយនេះអស់រយៈពេលប្រមាណ ១០ឆ្នាំ។ តែក្រោយការបញ្ចប់តួនាទីនេះ លោកត្រូវតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានក្រុមប្រឹក្សាប្រវត្តិវិទ្យា រហូតដល់បច្ចុប្បន្ននេះ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជាជំនាន់ទី១រូបនេះ គឺជាបណ្ឌិតផ្នែកប្រវត្តិសាស្ត្រមកពីសាកលវិទ្យាល័យប៉ារីសនៃប្រទេស បារាំង។ លោកបណ្ឌិត បានបញ្ចេញស្នាដៃតាមរយៈការបោះពុម្ពផ្សាយសៀវភៅ ឯកសារ រួមទាំងអត្ថបទបោះពុម្ភផ្សាយថ្នាក់ជាតិ និងសន្និសីទអន្តរជាតិជាច្រើន ដូចជា សៀវភៅស្តីពីសន្និសីទអន្តរជាតិខេមរវិទ្យាលើកទី១ ទស្សនាវដ្តីនៃវិទ្យាស្ថានអ៊ីនធឺរេដ និងទស្សនាវដ្តីនៃសមាគមន៍អ្នកប្រវត្តិសាស្ត្រកម្ពុជា ជាដើម។

២/ លោកស្រីបណ្ឌិត ខ្លូត ធីតា

បន្ទាប់ពីលោកបណ្ឌិត ស៊ន សំណាង លោកស្រីបណ្ឌិត ខ្លូត ធីតា ត្រូវបានប្រកាសតែងតាំងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាជំនាន់ទី២ ក្នុងចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១៧។ លោកស្រីបណ្ឌិត ខ្លូត ធីតា ជាបញ្ញវន្តស្ត្រីដែលបានបញ្ចប់ការសិក្សាសញ្ញាបត្របណ្ឌិតចំនួនពីរ គឺបណ្ឌិតផ្នែកនីតិសាស្ដ្រ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេបកវិទ្យា និងបណ្ឌិតផ្នែកនីតិសាស្ដ្រ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ក្នុងនាមជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីបណ្ឌិត ខ្លូត ធីតា មានស្នាដៃជាច្រើនទាំងការបង្រៀន ការងារដឹកនាំនិក្ខេបបទបញ្ចប់ការសិក្សា និងស្នាដៃបោះពុម្ពផ្សាយ។ ស្នាដៃបោះពុម្ពរបស់លោកស្រី មានជាអាទិ៍ ទស្សនៈអហិង្សារបស់ព្រះពុទ្ធសាសនា និងសិទ្ធិមនុស្ស ព្រះពុទ្ធសាសនាក្នុងជីវិតខ្មែរ មូលដ្ឋានគ្រឹះនៃទស្សនវិជ្ជាសកលលោក អក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០ ទស្សនវិជ្ជាសម័យអង្គរ ទស្សនវិជ្ជាសម័យចតុមុខ លង្វែក ឧដុង្គ និងបារាំង ទស្សនវិជ្ជាច្បាប់ ជាដើម។

៣/ លោកបណ្ឌិត សុខ ទូច

បច្ចុប្បន្ន រាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយលោកបណ្ឌិត សុខ ទូច បន្ទាប់ពីលោកបានចូលកាន់តំណែង​ជាប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា កាលពីអំឡុងខែសីហា ឆ្នាំ២០១៧។ ទម្រាំក្លាយជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាដ៏មានឥទ្ធិពលនាពេលនេះ លោកបណ្ឌិត សុខ ទូច បានចំណាយពេលជាង ១៦ឆ្នាំ ក្នុងនាមជាមន្ត្រីរដ្ឋ។

លោកបណ្ឌិត សុខ ទូច បានចាប់ផ្ដើមធ្វើជាមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅវិទ្យាស្ថានមនុស្សសាស្ដ្រ និងវិទ្យាសាស្ដ្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងឆ្នាំ២០០១។ ជាមន្ត្រីនៅរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ទទួលបានតួនាទីជាបន្តបន្ទាប់ ដូចជា ប្រធានផ្នែកប្រវត្ដិសាស្ដ្រ និងវិទ្យាសាស្ដ្រនយោបាយ អនុប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិ ប្រធានគណៈកម្មការវិទ្យាសាស្ត្រនយោបាយ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្ដរជាតិកម្ពុជា និងជាអនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត សុខ ទូច ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជាមួយរូប ដែលមានភាពសកម្មខ្លាំងចំពោះការងារដឹកនាំស្ថាប័នស្រាវជ្រាវរបស់កម្ពុជាមួយនេះ។ បេសកកម្មចម្បងរបស់លោកបណ្ឌិត សុខ ទូច គឺការពង្រឹងពង្រីកការសិក្សា ស្រាវជ្រាវ ដើម្បីផ្ដល់ជាធាតុចូលបន្ថែមជូនរាជរដ្ឋា​ភិ​បាល ​ក៏ដូចជា ការផ្ដល់ការបណ្ដុះបណ្ដាល ​និងការងារស្រាវជ្រាវសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ដល់​ថ្នាក់បណ្ឌិត ដើម្បីពង្រឹងការអភិវឌ្ឍប្រទេសជាតិ​ ដោយផ្អែកលើចំណេះដឹង និងចក្ខុវិស័យវែងឆ្ងាយ។ ទន្ទឹមនេះ លោកបណ្ឌិត សុខ ទូច កំពុងខិតខំកែប្រែរាជបណ្ឌិត្យសភាកម្ពុជាឲ្យទៅជាស្ថាប័នឈានមុខគេរបស់កម្ពុជា​​សម្រាប់ការ​អភិវឌ្ឍ និងប្រមូលផ្ដុំបញ្ញាញាណជាតិ រួមទាំង ការរៀបចំវេ​ទិកា និង​បោះ​ពុម្ពផ្សាយស្នាដៃស្រាវជ្រាវផ្សេង ដើម្បីឲ្យមានការទទួលស្គាល់ជាអន្តរជាតិ។  

លោកបណ្ឌិត សុខ ទូច គឺជាអតីតនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ី។ សិក្សានៅរុស្ស៊ី លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ដ្រនយោបាយ និងនៅក្នុងឆ្នាំ១៩៩៩ បានបញ្ចប់សញ្ញាបត្របណ្ឌិតផ្នែកប្រវត្ដិសាស្ដ្រ-នយោបាយ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៣២ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣៦ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៦០ នាទី មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម