ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី មិនគាំទ្រដាច់ខាតរាល់សកម្មភាព និងទង្វើដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ
ក្រសួងកិច្ចការនារី បានសម្ដែងការសោកស្ដាយ និងមិនគាំទ្រដាច់ខាតចំពោះរាល់សកម្មភាព និងទង្វើ ទាំងឡាយណា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី ដែលផ្សព្វផ្សាយនៅថ្ងៃទី ១៦ ខែកុម្ភៈនេះ។

កាលពីថ្ងៃទី ១៤ ខែកុម្ភៈកន្លងទៅនេះ ក្រុមអង្គការសង្គមស៊ីវិល បានស្នើដល់ក្រសួងពាក់ព័ន្ធចំនួន ៤ចាត់វិធានការតឹងរឹងចំពោះទង្វើរបស់លោក ផែង វណ្ណៈ ដែលបានប្រើប្រាស់មាតិកាមិនសមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើ ស្រ្តីអ្នកសារព័ត៌មាន ដើម្បីកែប្រែការអនុវត្តឲ្យស្របតាមក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី និងទប់ស្កាត់រាល់មាតិកាដែលបង្កប់នូវខ្លឹមសារប្រមាថមាក់ងាយដល់ស្រ្តី និងបុគ្គលគ្រប់អត្តសញ្ញាណ យេនឌ័រ កុំឲ្យកើតឡើងបន្តទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកិច្ចការនារី បានឲ្យដឹងថា កាលពីពេលកន្លងទៅថ្មីៗនេះ មានការលេចឡើងនូវបាតុភាព នៃការប្រើប្រាស់ពាក្យសំដីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ តាមបណ្ដាញទំនាក់ទំនងសង្គម ដោយបុគ្គលមួយចំនួនតូច ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គលជាស្ត្រីខ្មែរ ព្រមទាំងធ្វើឲ្យសាធារណជនមានការថ្នាំងថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់ និង ការពារសិទ្ធិស្ត្រីគ្រប់រូប ដោយគ្មានការរើសអើងអ្វីឡើយ។
ក្រសួងកិច្ចការនារី បានសម្ដែងនូវការសោកស្តាយ និងមិនគាំទ្រដាច់ខាតចំពោះរាល់សកម្មភាព និងទង្វើ ទាំងឡាយណា ដែលមានចរិតហិង្សា អសីលធម៌ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ ព្រមទាំងផ្តល់ជាគំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងសសរ ទ្រូងរបស់ប្រទេសជាតិ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងកិច្ចការនារី បានអំពាវនាវដោយទទូចដល់បុគ្គល ដែលមានវិវាទនឹងគ្នា សូមប្រកាន់យកនូវការដោះស្រាយដោយសន្តិវិធី ចៀសវាងការប្រើប្រាស់ពាក្យសំដីជេរប្រមាថ អសុរោះ អសីលធម៌ ដើម្បីដោះស្រាយបញ្ហា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ ក្រសួងកិច្ចការនារី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសាធារណជនទាំងអស់ ដែលបានសម្ដែងការមិនពេញចិត្ត សំដៅរួមចំណែកការពារកិត្តិយស និងមុខមាត់របស់ប្រទេសជាតិ និងមានជំនឿយ៉ាងមុតមាំថា សាធារណជនទាំងអស់ ទាំងក្នុងប្រទេស និងក្រៅប្រទេស នឹងបន្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់នូវរាល់បាតុភាពអសកម្មទាំងឡាយ សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ របស់ប្រជាជនខ្មែរ ព្រមទាំងរក្សាតម្លៃស្ត្រីខ្មែរឲ្យកាន់តែល្អផូរផង់តទៅមុខទៀត៕

-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង