កីឡា
ស្ត្រីខ្មែរ ៦ រូបចូលរួមយ៉ាងសកម្មក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា
នៅកម្ពុជាមានក្លិបបាល់ទាត់ជាច្រើនដឹកនាំដោយបុរស ប៉ុន្តែក៏មានស្ត្រីមួយចំនួនដែរដែលដឹកនាំក្លិប ក្នុងនោះក៏មានស្ត្រីមួយចំនួនទទួលបានការងារផ្នែករដ្ឋបាល បច្ចេកទេស ទំនាក់ទំនង ផ្សព្វផ្សាយ និងទីផ្សារជាដើម។ ថ្ងៃនេះ សារព័ត៌មាន«កម្ពុជាថ្មី» សូមលើកយកស្ត្រីខ្មែរ ៦ រូបដែលរួមចំណែកយ៉ាងសំខាន់ក្នុងការដឹកនាំក្លិប និងបំពេញតួនាទីយ៉ាងសកម្ម។
១. លោកស្រី កែ សួនសុភី ប្រធានក្លិបបាល់ទាត់ វិសាខា

លោកស្រី កែ សួនសុភី ជាប្រធានក្លិបបាល់ទាត់វិសាខា ដែលត្រូវបានមើលឃើញពីការយកចិត្តទុកដាក់ខ្លាំងលើការអភិវឌ្ឍក្លិប។ រាប់ចាប់តាំងពីការសាងសង់កីឡដ្ឋានកាន់តែទំនើប បង្កើតមជ្ឈមណ្ឌលហ្វឹកហាត់ និងបណ្តុះបណ្តាលថ្នាលយុវជនជាច្រើនកម្រិត លោកស្រីតែងតែចូលរួមយ៉ាងសកម្មជាមួយកីឡាករ កីឡាការិនីស្ទើររាល់ការប្រកួតនៅចុងសប្តាហ៍។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមការងារដឹកនាំក្លិបរបស់លោកស្រី មានស្ត្រីភេទជាច្រើននាក់ទៀតផងដែលនេះជាការផ្តល់ឱកាសឲ្យស្ត្រីចូលរួមបំពេញការងារនៅក្នុងវិស័យបាល់ទាត់។
២. លោកស្រី ភូ ឈាលីន ប្រធានក្លិបបាល់ទាត់ ភ្នំពេញក្រោន

អ្នកគាំទ្រខ្លះប្រហែលជាគិតថា ចាប់តាំងឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លិបបាល់ទាត់ភ្នំពេញក្រោន លាចាកលោកទៅ ក្លិបដ៏ធំមួយនេះពិបាកក្នុងការដឹកនាំអភិវឌ្ឍបន្ត ប៉ុន្តែផ្ទុយស្រឡះ។ លោកស្រី ភូ ឈាលីន បានបន្តដឹកនាំក្នុងនាមជាប្រធានក្លិបដោយមិនបន្ធូរដៃក្នុងការអភិវឌ្ឍក្លិបឡើយ។ លោកស្រីនៅតែចំណាយធនធានហិរញ្ញវត្ថុយ៉ាងច្រើនដើម្បីពង្រឹងក្រុមធំជម្រើសដៃទី១ ការង្រឹងក្រុមនារី ការបណ្តុះបណ្តាលថ្នាលយុវជន ការកែលំអកីឡដ្ឋាន និងបង្កើតប្រព័ន្ធអេកូបាល់ទាត់នៅកីឡដ្ឋានដើម្បីក្លាយជាសហគមន៍បាល់ទាត់ដ៏ទំនើប។
៣. លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់ បឹងកេត និងជាសមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

បើនិយាយដល់ស្ត្រីក្នុងវិស័យកីឡាបាល់ទាត់គឺអ្នកគាំទ្រប្រហែលជាគិតដល់លោកស្រី ពុធ ធីតា មុនគេ។ ពិតណាស្ត្រីម្នាក់នេះអ្នកសង្គ្រោះក្លិបបាល់ទាត់ បឹងកេត។ លោកស្រីបានតស៊ូដឹកនាំឲ្យក្លិបមួយនេះឲ្យរក្សាបាននូវភាពខ្លាំងរហូតដល់បច្ចុប្បន្ន បើទោះបីជាជួបការលំបាកខ្លាំងរឿងលុយកាក់ និងមិនមានកីឡដ្ឋានផ្ទាល់ខ្លួនទៀងទាត់ក៏ដោយ។ ក្តីស្រឡាញ់ចំពោះបាល់ទាត់របស់លោក ត្រូវបានសហព័ន្ធបាល់ទាត់កម្ពុជាផ្តល់ទំនុកចិត្តឲ្យក្លាយជាសមាជិកប្រតិបត្តិរូប និងទទួលបន្ទុកលើបាល់ទាត់នារី។
៤. កញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិការគ្រប់គ្រងក្លិបបាល់ទាត់វិសាខា និងជាសមាជិក គណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា

វាមិនមែនជាការងាយស្រួលនោះទេដែលស្ត្រីដឹកនាំក្លិបបាល់ទាត់ដែលក្រុមការងារភាគច្រើនជាបុរស ប៉ុន្តែកញ្ញា អ៊ូ បញ្ញាសុកិត្យា បានដឹកនាំក្លិបបាល់ទាត់ វិសាខា យ៉ាងល្អ ក្នុងនាមជានាយិការគ្រប់គ្រង។ កញ្ញាអាចចាត់ទុកជាស្ត្រីខ្មែរទី ១ ដែលបានសិក្សារៀនសូត្រអំពីបាល់ទាត់ និងការដឹកនាំក្លិបបាល់ទាត់នៅតំអឺរ៉ុប។ មិនតែប៉ុណ្ណោះ ស្ត្រីខ្មែរវ័យក្មេងរូបនេះក៏បានក្លាយជាសមាជិកប្រតិបត្តិមួយរូបនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
៥. អ្នកស្រី យិន ម៉ារ៉ាឌី ប្រធានរដ្ឋបាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាសមាជិកគណៈកម្មការការប្រកួតបាល់ទាត់យុវនារី របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA)

បើនិយាយពីស្ត្រីខ្មែរដែលបានធ្វើការងារបាល់ទាត់ផ្នែករដ្ឋបាល និងចេញទៅក្រៅប្រទេសដើម្បីការងារបាល់ទាត់ច្រើនជាងគេបំផុត គឺប្រហែលជាមានតែអ្នកស្រី យិន ម៉ារ៉ាឌី នេះហើយ។ អ្នកស្រីជាប្រធានរដ្ឋបាលនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងសមាជិកនៃគណៈកម្មការការប្រកួតបាល់ទាត់យុវនារី របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ដែលបានជាស្ត្រីខ្មែរទី ១ មានតួនាទីនៅ FIFA។ ស្ត្រីខ្មែររូបនេះតែងតែមានមុខរហូតរាល់ពេលមានព្រឹត្តិការណ៍បាល់ទាត់សំខាន់ៗនៅក្នុងស្រុក ហើយក៏បានចេញទៅក្រៅប្រទេសគ្រប់ទ្វីប ស្ទើរគ្រប់ប្រទេសដើម្បីបំពេញការងារក្នុងនាមស្ត្រីតំណាងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាលើឆាកអន្តរជាតិ។
៦. កញ្ញា ជា ស្រីលីស ប្រធានអាជ្ញាប័ណ្ណក្លិបបាល់ទាត់នៃខេមបូឌានព្រីមៀរលីគ

កញ្ញា ជា ស្រីលីស មានតួនាទីជាប្រធានអាជ្ញាប័ណ្ណក្លិបបាល់ទាត់នៃខេមបូឌានព្រីមៀរលីគ។ កញ្ញាមានជំនាញអន្តរទំនាក់ទំនងដើម្បីបំពេញការងារសម្រាប់ ខេមបូឌានព្រីមៀរលីគ និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ី ព្រមទាំងជាមួយក្លិបបាល់ទាត់នៅកម្ពុជា។ កញ្ញាយល់ច្បាស់ពីច្បាប់ លក្ខន្តិកៈ និងគោលការណ៍ផ្សេងៗរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ីដើម្បីឲ្យក្លិបបាល់ទាត់នៅកម្ពុជាបំពេញទៅតាមតម្រូវការទើបមានសិទ្ធិចូលរួមប្រកួតទាំងពានរង្វាន់ក្នុងស្រុក និងអន្តរជាតិ៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


