ព័ត៌មានជាតិ
អ្នកជំនាញ៖ ការដួលរលំធនាគារអាមេរិកមិនជះឥទ្ធិពលមកលើកម្ពុជា តែវិបត្តិនេះអាចក្លាយជាឱកាសល្អសម្រាប់កម្ពុជា
ការដួលរលំនៃធនាគារមួយចំនួននៅអាមេរិក បាននិងកំពុងធ្វើឱ្យស្ថាប័នធនាគារ មីក្រូហិរញ្ញវត្ថុ នៅលើពិភពលោក តាមដានដោយយកចិត្តទុកដាក់អំពីផលប៉ះពាល់ និងឥទ្ធិពលមកលើប្រទេសខ្លួន ដោយប្រុងប្រយ័ត្នបំផុត។

ដោយឡែកនៅកម្ពុជា អ្នកជំនាញហិរញ្ញវត្ថុ និងសេដ្ឋកិច្ច មើលមិនទាន់ឃើញអំពីឥទ្ធិពល ដែលធ្វើឱ្យប៉ះពាល់មកលើវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា នៅឡើយទេ។
លោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា កម្ពុជា បាននិងកំពុងតែយកចិត្តទុកដាក់លើវិស័យហិរញ្ញវត្ថុ ដោយមានការប្រុងប្រយ័ត្ន និងបង្កើតសេនារីយ៉ូផ្សេងៗគ្នា ដើម្បីបង្ការទុកជាមុន ប្រសិនបើផលប៉ះពាល់នៃការដួលរលំធនាគារនៅអាមេរិកនេះ រាលដាលដល់កម្ពុជា។ លោកថា ក្នុងដំណាក់កាលនេះ វាលឿនពេក យើងមិនអាចវាយតម្លៃបានទេ តែយ៉ាងណា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា តែងបានត្រៀមខ្លួន និងមានការប្រុងប្រយ័ត្នជានិច្ច។ នៅតាមគ្រឹះនីមួយៗ តែងធ្វើតេស្តអំពីសុខុមាលភាពជាប្រចាំ ដើម្បីការពារនូវហានិភ័យផ្សេងៗដែលអាចកើនឡើង។

ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច លោក កាំង តុងងី មើលឃើញថា អាចនឹងប៉ះពាល់ខ្លះៗ ប៉ុន្តែមិនធ្ងន់ធ្ងររហូតដល់ដួលរលំធនាគារនៅកម្ពុជាឡើយ។ លោកបន្តដូច្នេះថា« លុយដែលប្រមូលបាន ធនាគារនៅស្រុកខ្មែរ យកទៅប្រើប្រាស់ទៅលើការផ្តល់កម្ចី មិនយកទៅវិនិយោគផ្តេសផ្កាសឡើយ»។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានប្រាប់សារព័ត៌មានក្នុងស្រុកថា ការដួលរលំរបស់ធនាគារ នៅសហរដ្ឋអាមេរិកមិនបានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធធនាគារ និងស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជានោះទេ។ ធនាគារនៅកម្ពុជាស្ថិតនៅក្នុងបរិយាកាសសេដ្ឋកិច្ចក្រោមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា ជាអាណាព្យបាល។

លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ថា កម្ពុជា ជាប្រទេសតូច ប៉ុន្តែមានអាណាព្យាបាលពោរពេញដោយបទពិសោធន៍ និងការអភិរក្សនិយមក្នុងការជួយកាត់បន្ថយហានិភ័យនានានៅក្នុងប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុ។ លោក អះអាងថា ប្រព័ន្ធធនាគារកម្ពុជានៅតែបន្តរឹងមាំ ដោយមិនបានរងឥទ្ធិពលពីវិបត្តិធនាគារនៅអាមេរិកឡើយ។
ជាមួយគ្នានេះ លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មើលឃើញចំពោះវិបត្តិនៅអាមេរិកនេះ ជាឱកាសសម្រាប់កម្ពុជា ទៅវិញ។ លោក បានសរសេរនៅលើហ្វេសប៊ុកផ្លូវការដូច្នេះថា«កាលពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ ធនាគារដ៏ធំរបស់អាមេរិក Leman Brothers ត្រូវក្ស័យធន។ វិបត្តិលើកនេះអាចធំជាងវិបត្តិលើកមុន។ វិបត្តិឆ្នាំ២០០៨ បានផ្តល់ឱកាសល្អក្នុងការវិនិយោគលើធនាគារ ដីធ្លី ចំនួន៦ឆ្នាំ គឺឆ្នាំ២០១០-២០១៦។ ដោយឡែកវិបត្តិលើកនេះ ក៏អាចមានឱកាសល្អ ក្នុងការវិនិយោគរង្វង់៦ឆ្នាំដែរ គឺឆ្នាំ២០២២-២០២៨ ដូច្នេះគួរឆ្លៀតលៃលកបែងចែកធនធានដោយភាពឆ្លាតវៃវិនិយោគចាប់ពីពេលនេះទៅ រហូតដល់ឆ្នាំ២០២៨ និងវិនិយោគជាប់ជាប្រចាំរៀងរាល់ឆ្នាំ»។

ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន សូមឱ្យពលរដ្ឋកុំតក់ស្លត់ កុំភិនភ័យ និងស្លន់ស្លោរ ចំពោះមុខវិបត្តិច្រំដែល ដែលកើតឡើងពីការដួលរលំនៃធនាគាររបស់អាមេរិកនេះ។ សម្តេច បានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលបានដាក់ប្រាក់នៅធនាគារ កុំមានការស្លន់ស្លោរ ព្រោះការស្លន់ស្លោរនឹងធ្វើឱ្យបាត់បង់ប្រយោជន៍ទៅវិញទេ។ សម្តេចថ្លែងបែបនេះ នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសកលវិទ្យាបៀប្រាយ នាព្រឹកថ្ងៃទី ១៦ មីនា។
ថ្នាក់ដឹកនាំកំពូលកម្ពុជា បានសង្កត់ធ្ងន់ថា ពលរដ្ឋត្រូវជឿទុកចិត្តទៅលើសមត្ថភាពគ្រប់គ្រងនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ព្រោះធនាគារ មានទុនបម្រុងគ្រប់គ្រាន់ដើម្បីដោះស្រាយបញ្ហានេះ។
ទន្ទឹមនឹងនេះ លោក កាំង តុងងី បានគូសបញ្ជាក់ថា រដ្ឋាភិបាលអាមេរិក បានគ្រប់គ្រងយ៉ាងម៉ត់ចត់ ដូច្នេះការដូលរលំធនាគារអាមេរិក មិនរាលដាលធ្ងន់ធ្ងរដល់ប្រទេសដទៃឡើយ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ចរាចរណ៍៣ ថ្ងៃ agoUpdate៖ ករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ២ ផ្ដាច់ជីវិតមនុស្ស៣នាក់ និងរងរបួសម្នាក់


