Connect with us

ព័ត៌មានជាតិ

​អេស៊ីលីដានឹងប្រមូលទុនប្រមាណ១០០លានដុល្លារពីការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំក្នុងខែកញ្ញានេះ

បានផុស

នៅ

ធនាគារអេស៊ីលីដាដែលជាធនារគារក្នុងស្រុកឈានមុខគេមួយ កំពុងត្រៀមធ្វើការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំ (Subordinated-Bond) ដើម្បីកៀករគទុនចំនួន​១០០​លានដុល្លារជាលើកទី២ បន្ទាប់ពីការបោះផ្សាយសញ្ញាបណ្ណលើកទី១កាលពីខែមិនា ដោយជោគជ័យជាមួយទឹក​ប្រាក់ចំនួន១០០លានដុល្លារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយកម្ពុជាថ្មី កាលពីថ្ងៃទី ១ ខែកញ្ញា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានអគ្គនាយនៃធនាគារអេស៊ីលីដា បានបញ្ជាក់ថា ធនាគារបានទទួលការអនុម័តពីធនាគារជាតិ និងនិយ័តករមូលបត្រកម្ពុជាសម្រាប់ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំជាលើកទីពីរនាខែកញ្ញានេះ ដែលការធ្វើបរិវិស្សកម្មបានចាប់ផ្តើមកាលពីថ្ងៃទី៨ខែកញ្ញាថ្មីៗកន្លងទៅនេះ។

លោកបានថ្លែងថា៖«អាជ្ញាធរបានពិនិត្យយ៉ាងម៉ត់ចត់លើការគ្រប់គ្រង ឯកសារព័ត៌មានជាសាធារណៈ និងភាពថ្លៃថ្នូរនិងត្រឹមត្រូវរបស់ធនាគារ មុននឹងធ្វើការអនុញ្ញាតដល់យើងការកៀរគទុនតាមរយៈការបោះផ្សាយសញ្ញាបណ្ណនេះ»។

លោក ស៊ូ សុជាតិ អគ្គនាយនៃនិយ័តករមូលបត្រកម្ពុជាបានថ្លែងប្រាប់កម្ពុជាថ្មី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាក្រុមហ៊ុនក្នុងស្រុកមានការចាប់អារម្មណ៍ខ្លាំងក្នុងការធ្វើការកៀរគទុន តាមរយៈការបោះផ្សាយសញ្ញាបណ្ណនៅលើផ្សារមូលបត្រកម្ពុជា ដែលវាបានក្លាយជាប្រភពទុនក្នុងស្រុកមួយដ៏សំខាន់។

លោកបានថ្លែងថា៖«ភាពជោគជ័យរបស់បណ្តាក្រុមហ៊ុនមួយចំនួនដែលបានកៀរគទុនតាមរយៈការបោះផ្សាយសញ្ញាបណ្ណឆ្លុះបញ្ចាំងអំពីភាពខ្លាំងរបស់ផ្សារយើង ដោយវាបានក្លាយជាកំលាំងចលករថ្មីនៃប្រភពទុនសម្រាប់បណ្តាក្រុមហ៊ុននានា អាចកៀរគទុនពីក្នុងស្រុកបាន។ ការបោះផ្សាយសញ្ញាបណ្ណបន្ទាប់បន្សំរបស់ធនាគារអេស៊ីលីដា ក៏បង្ហាញឱ្យឃើញអំពីទំនុកចិត្តរបស់បណ្តាវិនិយោគិន ជាពិសេសការទទួលបាននូវប្រភពទុនក្នុងស្រុក»។

លោកបានលើកឡើងថា ជាយុទ្ធសាស្ត្រអាជីវកម្មរយៈពេលវែងរបស់ធនាគារត្រូវបានរៀបចំដើម្បីធានាបាននូវប្រាក់ចំណេញ និងសមត្ថភាពធន់ទៅនឹងការប្រឈមនឹងបញ្ហានានាដែលបានកំពុង និងអាចកើតមានឡើងដោយប្រការណាមួយនោះ។

លោកបណ្ឌិតបានថ្លែងយ៉ាងដូច្នេះថា៖«ធនាគារអេស៊ីលីដាតែងតែមានយុទ្ធសាស្ត្រអាជីវកម្មរយៈពេលវែង ដើម្បីទស្សន៍ទាយអនាគត និងមានវិធានការដែលរឹងមាំក្នុងការធានាបាននូវប្រាក់ចំណេញដូចដែលបានគ្រោង និងការប្រែប្រួលដើម្បីប្រឈមនឹងបញ្ហាដើម្បីរក្សាបាននូវប្រាក់ចំណូល»។ លោកថា«ការបោះផ្សាយសញ្ញាបណ្ណបំណុលនេះនឹងផ្តល់អត្ថប្រយោជន៍ទាំងស្ថាប័ន និងវិនិយោគិន ខណៈវាក៏នឹងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ​ផងដែរ»។​

ធនាគារអេស៊ីលីដា ជាធនាគារពាណិជ្ជដំបូងគេដែលបានចុះបញ្ជីបោះផ្សាយមូលបត្រកម្មសិទ្ធិនៅលើផ្សាមូលបត្រកម្ពុជាកាលពីខែ មិថុនាឆ្នាំ២០២០  លុះដល់ដើមឆ្នាំ២០២៥ ធនាគារនេះបានធ្វើការបោះផ្សាយនូវសញ្ញាបណ្ណបន្ទាប់បន្សំដោយប្រមូលទុនបាន១០០លានដុល្លារដោយជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម