ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ ដោះស្រាយទំនាស់រវាងក្រុមហ៊ុនអ្នកស្រី ម៉ន ដានី និងម្ចាស់ដី
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានសម្របសម្រួលផ្ទាល់ករណីទំនាស់រវាងភាគីក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក និងម្ចាស់ដី នៅថ្ងៃទី ២៣ ខែ មីនា។

លោក វ៉ី សំណាង បានប្រាប់ កម្ពុជាថ្មី ថា នៅក្នុងជំនួបនេះ ក្រុមហ៊ុន និងភាគីម្ចាស់ដី បានបញ្ជូនមេធាវីជាតំណាងចូលរួមដោះស្រាយទំនាស់នេះ។ លោកអភិបាលខេត្តបានបញ្ជាក់ថា ជាលទ្ធផលភាគីទាំងពីរបានអះអាងថា នឹងខិតខំរកចំណុចរួមដើម្បីដោះស្រាយបញ្ចប់បញ្ហា។
ក្នុងតួនាទីជាអ្នកសម្របសម្រួល លោកអភិបាលខេត្តកំពង់ស្ពឺ បានថ្លែងទៅកាន់ភាគីទាំងពីរដូច្នេះថា «ពួកយើងរកទទួលទាន សូមកុំឈ្លោះគ្នា បើភាគីទាំងពីរឈ្លោះគ្នា អ្នកខាតប្រយោជន៍គឺអតិថិជន ដែលពួកគាត់ខិតខំធ្វើជាកម្មករ កសិករ យកលុយមកទិញដីទិញផ្ទះ ចង់បានផ្ទះនៅ…ដល់ពេលអ្នកទាំងពីរឈ្លោះគ្នា ពួកគាត់ដែលខិតខំប្រឹងប្រែងបែរជាខាតវិញ…អ៊ីចឹងបានអាជ្ញាធរយើងខិតខំប្រឹងប្រែងសម្របសម្រួលដោះស្រាយ»។

លោក វ៉ី សំណាង បានសំណូមពរដល់ភាគីពាក់ព័ន្ធ កុំដណ្តើមគ្នាត្រូវរៀងខ្លួន ត្រូវថយម្នាក់មួយជំហាន ដោយបន្ទន់ឥរិយាបថយកចំណុចរួមកណ្តាលមួយ ដើម្បីជាប្រយោជន៍រួម ពោលគឺបានទាំងក្រុមហ៊ុន ម្ចាស់ដី និងប្រជាពលរដ្ឋដែលជាអតិថិជន។
ពាក់ព័ន្ធនឹងបញ្ហានេះ បើតាមប្រភពច្បាស់ការណ៍បានបញ្ជាក់ថា លោកស្រី ម៉ន ដានី និងស្វាមី បានទិញដីពីឈ្មោះ សូ សុវណ្ណ ដែលមានទំហំដី ៥០ហិកតា ស្មើនឹង ៦ប័ណ្ណ និងបានផ្ទេរកម្មសិទ្ធិ មកឈ្មោះ ម៉ន ដានី និងប្តីរួចអស់ហើយ ព្រមទាំងប្តូរប្រភេទដី និងបង្រួមក្បាលដីរួចអស់ហើយ។ ប៉ុន្តែភាគីអ្នកទិញពុំទាន់ទូទាត់ប្រាក់ឱ្យថ្លៃដីបង្គ្រប់នៅឡើយ ទើបភាគីអ្នកលក់ សូ សុវណ្ណ បានដាក់ពាក្យប្តឹង រក្សាការពារដី ចំនួន ១៣ប័ណ្ណផ្សេងទៀត ដែលភាគី ម៉ន ដានី មិនទាន់ទូទាត់ប្រាក់ តាមកិច្ចសន្យា។

ប៉ុន្តែអ្នកស្រី ម៉ន ដានី ប្រធានក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក លើកឡើងក្នុងវីដេអូ Live កាលពីថ្ងៃទី ១៩ មីនា កន្លងទៅថា ភាគីជាអ្នកលក់មិនគោរពលើកិច្ចសន្យាទិញ-លក់ ពោលគឺមិនប្រគល់ដី ១០០ហិកតា បន្ទាប់ពីប្រគល់លុយជាង ១២លានដុល្លារចប់សព្វគ្រប់។ អ្នកស្រីបញ្ជាក់ថា នៅក្នុងកិច្ចសន្យាទិញ-លក់ចុះថ្ងៃទី១៤ខែ ១២ឆ្នាំ២០២០ តម្លៃដីដែល អ្នកស្រី ម៉ន ដានី ទិញមានចំនួនជាង ១២លានដុល្លា លើទំហំផ្ទៃដី១០០ហិកតា។ បន្ទាប់ពីប្រគល់ប្រាក់ចប់សព្វគ្រប់ នៅថ្ងៃទី ១៤ខែ ៤ឆ្នាំ ២០២១ អ្នកស្រីមិនទទួលបានដី ១០០ហិកតានេះឡើយដោយម្ចាស់ដីប្រាប់ថា គេអាចប្រគល់ដីត្រឹមតែ៣០ហិកតាប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីត្រូវប្រឈមនឹងបណ្ដឹងពីម្ចាស់ដីដែលប្ដឹងគាត់ទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺថែមទៀត។ អ្នកស្រី អះអាងថា មិនប្ដឹងបកវិញ ដោយសារកុំឱ្យប៉ះពាល់ទង្គិចផ្លូវចិត្តអតិថិជន។
សូមបញ្ជាក់ថា ទីតាំងដីទំនាស់នេះ គឺជាគម្រោងទី២៩ របស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត ឯ.ក ស្ថិតនៅភូមិចំការស្បូវ ភូមិដំណាក់មានជ័យ ភូមិដុតកំបោរ ភូមិភាក្សា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕





-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


