ព័ត៌មានជាតិ
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងបរិបទសាកលភាវូបនីយកម្ម កម្ពុជាទាមទារការធ្វើទំនើបនីយកម្មវិស័យអប់រំជាចម្បង
ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារតេជោសែន វិទ្យាសាស្ត្រ និង បច្ចេកទេសជាន់ខ្ពស់» និង «ពិធីប្រគល់សញ្ញាបត្រជូននិស្សិត» នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជានៅថ្ងៃនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា ដើម្បីកម្ពុជាអាចរក្សាបាននូវភាពម្ចាស់ការ និងការប្រកួតប្រជែងលើទីផ្សាអន្តរជាតិ ត្រូវទាមទារចាំបាច់នូវការធ្វើទំនើបនីយកម្មលើគ្រប់វិស័យ ក្នុងនេះវិស័យអប់រំនិងបណ្តុះបណ្តាលជាវិស័យអាទិភាពចម្បង។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការ អាហារូបករណ៍សិស្ស-និស្សិតក្រីក្ររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បញ្ជាក់ថា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម កម្ពុជាទាមទារចាំបាច់នូវការធ្វើទំនើបនីយកម្មលើគ្រប់វិស័យ ក្នុងនេះវិស័យអប់រំ និងបណ្តុះបណ្តាល ជាវិស័យអាទិភាពចម្បង ដើម្បីធានាបាននូវការផលិតមូលធនមនុស្សកម្ពុជាដែលប្រកបដោយសមត្ថភាព, ចំណេះដឹង និងក្រមសីសធម៌ខ្ពស់។ ក្នុងន័យនេះលោកបណ្ឌិតអះអាងថា ការធ្វើទំនើបនីយកម្មលើវិស័យអប់រំ និងបណ្តុះបណ្តាល ទាំងលើជំនាញរឹងនិងជំនាញទន់ ត្រូវបោះជំហានពីសាលារៀនដែលជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ ហើយត្រូវផ្តោតចម្បងលើកម្មវិធីសិក្សា, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង ឧបករណ៍ សម្ភារនានា។ លើសពីនេះ ក៏ត្រូវផ្តោតលើការស្រាវជ្រាវ និង អភិវឌ្ឍ ដើម្បីធានានូវទំនើបនីយកម្ម និង ភាពសម្បូណ៌បែប សំដៅលើកកម្ពស់នូវនវានុវត្តន៍លើគ្រប់វិស័យ។

ឯកឧត្តមបណ្ឌិតបានលើកទស្សនផ្ទាល់ខ្លួនចំពោះវិស័យការងារ និងជំនាញវិជ្ជាជីវៈ រដ្ឋាភិបាលមានភារកិច្ចក្នុងការពង្រីកឱកាសការងារឱ្យបានច្រើនលើគ្រប់វិស័យតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយផ្តល់ជូនពលរដ្ឋគ្រប់រូបនូវសិទ្ធិស្របច្បាប់ និងឱកាសក្នុងការជ្រើសរើសជំនាញ និងមុខវិជ្ជារៀនសូត្រទាំងក្នុងសាលា និងផ្ទាល់ខ្លួន ព្រមទាំងធានាសិទ្ធិ ក្នុងការប្រកបរបរតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ រីឯប្រជាពលរដ្ឋវិញ មានសិទ្ធិជ្រើសរើសនូវមុខវិជ្ជា និងជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត ដើម្បីធ្វើការរៀនសូត្រ ដោយពុំបារម្ភអំពីទីផ្សារការងារឬអាចប្តូរជំនាញ ឱ្យស្របតាមតម្រូវការនៃទីផ្សារការងារដែលមានស្រាប់ ឬ ខិតខំបង្កើតឱកាសទីផ្សារថ្មីសម្រាប់ជំនាញ និង ផលិតផលដែលគាត់បង្កើតបាន។
ពាក់ព័ន្ធនិស្សិតជ័យលាភីទាំង ២.៨៩៥ អង្គ/នាក់ ដែលបានបញ្ចប់ការសិក្សា និង ទទួលបានសញ្ញាបត្រដោយជោគជ័យ ឯកឧត្តមបណ្ឌិតក៏មើលឃើញដែរថា ជំនាញនិងសញ្ញាបត្រជាមូលដ្ឋានដែលនិស្សិតទទួលបាននេះ គឺជាសមិទ្ធផលដែលកើតចេញពីកម្លាំងសាមគ្គីភាព រវាងនិស្សិតផ្ទាល់ តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រ រួមជាមួយមាតាបិតា និងអាណាព្យាបាល ដែលបានខិតខំពុះពារគ្រប់ឧបសគ្គក្នុងការផ្គត់ផ្គង់ទំនុកបម្រុង ព្រមទាំងថ្នាក់ដឹកនាំក្រសួង, វិទ្យាស្ថាន, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង បុគ្គលិកទាំងអស់ ដែលបានជួយតម្រង់ទិស, គាំទ្រ, បង្ហាត់បង្រៀន និង ចែករំលែកនូវចំណេះដឹង, បទពិសោធន៍ និង ជំនាញល្អៗដល់និស្សិតជ័យលាភី។

គួរបញ្ជាក់ថា «អគារតេជោសែន វិទ្យាសាស្ត្រ និង បច្ចេកទេសជាន់ខ្ពស់» ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់ថ្ងៃនេះ ជាអគារប្រកបដោយផាសុកភាព, បំពាក់ដោយបរិក្ខារសិក្សាទំនើបទាន់សម័យ និង ស្របតាមស្ដង់ដារ សម្រាប់ជាជំនួយដ៏សំខាន់ដល់ការសិក្សា និង អនុវត្តជាក់ស្ដែងរបស់សិស្ស-និស្សិត ហើយដែលថ្ងៃខាងមុខនឹងជួយជំរុញឱ្យវិស័យអប់រំ និង បណ្តុះបណ្តាល បច្ចេកទេស និង វិជ្ជាជីវៈ របស់កម្ពុជា កាន់តែលេចធ្លោនៅលើឆាកអន្តរជាតិទៀតផង៕



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


