ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា ៖ ទោះបីមានការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ក៏ដោយ គេពុំទាន់មើលឃើញប្រក្រតីភាព នៃដំណើរការសេដ្ឋកិច្ចពិភពលោកនៅឡើយទេ
ការបញ្ជាក់របស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបែបនេះ បានធ្វើឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្ត “យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣” របស់ក្រសួងការបរទេស នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១នេះ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងថា គំនិតស្តីពីការបញ្ចូលការងារសេដ្ឋកិច្ចឲ្យទៅជាសមាសភាគដ៏សំខាន់ និងខានមិនបាននៃការងារការទូតរបស់យើងមានតាំងពីឆ្នាំដំបូងនៃការចូលមកកាន់តំណែងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់លោកមកម្ល៉េះ។ បន្ទាប់ពីបានប្រមូលធាតុចូល និងធាតុផ្សំល្មមគ្រប់គ្រាន់ស្តីពីសមាសភាគថ្មីមួយនេះហើយនោះ ក្រសួងក៏បានប្រកាសជាផ្លូវការជាលើកដំបូង ចាត់ទុកការងារការទូតសេដ្ឋកិច្ចជាការងារធំមួយក្នុងចំណោមការងារធំទាំង៥ របស់ក្រសួងនៅពេលប្រារព្ធសន្និបាតប្រចាំឆ្នាំរបស់ក្រសួងនាដើមឆ្នាំ២០១៨។ គោលនយោបាយនេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីគាំទ្រយ៉ាងពេញលេញ។

លោកអះអាងថា ឯកសារយុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣ ត្រូវបានរៀបចំឡើងនៅក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោក ក៏ដូចជាកម្ពុជា កំពុងប្រឈមទៅនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុតមិនធ្លាប់ជួប ក្នុងរយៈពេលជាង៣ទសវត្សចុងក្រោយនេះ។ ការគំរាមកំហែងនេះបណ្តាលមកពីកត្តាគួបផ្សំគ្នាជាច្រើន។ កត្តាធំជាងគេ២គឺ ទី១កត្តាធម្មជាតិ និងទី២កត្តាមនុស្ស។ ការផ្ទុះនិងការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ បានធ្វើឱ្យពិភពលោកទាំងមូលរង្គោះរង្គើ។ កត្តាធម្មជាតិមួយនេះ មិនត្រឹមតែប៉ះពាល់ដល់វិស័យសុខាភិបាល ក្នុងកំរិតមិនធ្លាប់មានប៉ុណ្ណោះទេ វាក៏បណ្តាលឱ្យសេដ្ឋកិច្ចពិភពលោកទាំងមូលធ្លាក់ក្នុងវិបត្តិជ្រាលជ្រៅ។ កូវីដ-១៩ បានរុញឱ្យច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោករអាក់រអួល និងកាត់ផ្តាច់ក្នុងកំរិតធ្ងន់ធ្ងរ វិស័យទេសចរណ៍ធ្លាក់ចុះយ៉ាងគំហុកសឹងដល់បាត វិស័យដឹកជញ្ជូន ពិសេសផ្លូវអាកាសគាំងដំណើរការ ទំនុកចិត្តខាងធុរកិច្ច និងអតិថិជនចុះខ្សោយដោយសារវិធានការរឹតត្បិតនានា ដើម្បីឃុំគ្រងកុំឱ្យជំងឺរាលដាល។ ជំងឺឆ្លងនេះ ក៏បង្កហានិភ័យកាន់តែធំឡើង នៃការក្ស័យធនផ្នែកធុរកិច្ច ដែលនឹងបង្កការបាត់បង់ការងាររបស់មនុស្សរាប់រយលាននាក់។

ប្រមុខការទូតកម្ពុជាបញ្ជាក់ថា “ទោះបីជាមានដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺនេះជាបណ្តើរៗហើយក៏ដោយ ក៏គេពុំទាន់អាចប្រមើលមើលឃើញអំពីការវិលត្រឡប់មកវិញ នូវប្រក្រតីភាពនៃដំណើរការសេដ្ឋកិច្ចពិភពលោកនោះដែរ។ ផលប៉ះពាល់របស់កូវីដ-១៩ មិនត្រឹមតែលាតសន្ធឹងលើវិស័យសេដ្ឋកិច្ច សង្គម និងហិរញ្ញវត្ថុប៉ុណ្ណោះទេ តែក៏ហក់ចូលក្នុងសង្វៀននយោបាយ ដោយការធ្វើ នយោបាយតូបនីយកម្ម ដើម្បីយកកំហុសនៃអសមត្ថភាពរបស់ខ្លួនក្នុងការទប់ស្កាត់ជំងឺនេះ ទៅទំលាក់ឱ្យអ្នកដទៃ”។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ដែរថា ការប្រកួតប្រជែងគ្នាខាងភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្រដ៏តានតឹងរវាងមហាអំណាចធំបំផុតទាំងពីរ កំពុងឈានទៅរកសង្គ្រាមត្រជាក់បែបថ្មី ដែលធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ឆាប់រហ័ស ពិបាកប៉ាន់ស្មាន និងប្រកបដោយគ្រោះថ្នាក់បំផុត។ លោកថា កត្តាមនុស្សនេះ កំពុងធ្វើឱ្យស្ថិរភាព និងវិបុលភាព រយៈពេល ជាង៧០ឆ្នាំដែលកើតចេញពីសណ្តាប់ធ្នាប់អន្តរជាតិផ្អែក លើពហុប៉ូលនិយម និងច្បាប់អន្តរជាតិនោះ ទទួលរងភាពរង្គោះរង្គើយ៉ាងខ្លាំង។ នេះក៏ដោយសារការរំលោភបំពាន និងលែងគោរពនូវគុណតម្លៃទាំងឡាយ ដែលជាមូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់ និងការងាកទៅរកឯកតោភាគីនិយម ការប្រើកម្លាំងបាយគាបសង្កត់ប្រទេសទន់ខ្សោយ៕
ដោយ ៖ កោះកែវ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


