Connect with us

ព័ត៌មានជាតិ

មន្ត្រី គ.ជ.ប បញ្ជាក់ករណីលោក រ៉ុង ឈុន គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

បានផុស

នៅ

មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ករណីដែលលោក រ៉ុង ឈុន គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី ៧នេះ។ ការបញ្ជាក់នេះ គ្រាដែលលោក មាន សទិ សមាជិក គ.ជ.ប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្ដីពី បច្ចុប្បន្នភាព នៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងក្រមសីលធម៌សម្រាប់អ្នកសង្កេតការណ៍បោះឆ្នោតក្នុងដំណើរការបោះឆ្នោត កាលពីព្រឹកថ្ងៃទី ៩ ខែឧសភានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំនេះ មានសំណួររបស់ភាគីចូលរួមក្នុងកិច្ចប្រជុំ ពាក់ព័ន្ធនឹងនីតិវិធីនៃការពិនិត្យពាក្យសុំចុះបញ្ជី របស់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនឈរឈ្មោះ ការដកខ្លួនចេញរបស់ បេក្ខជនដែលបានឈរឈ្មោះបោះឆ្នោត និងការចូលរួមរបស់អ្នកសង្កេតការណ៍អន្តរជាតិ។

តំណាង គ.ជ.ប បានឆ្លើយក្នុងអង្គប្រជុំនោះថា គ.ជ.ប ពិនិត្យពាក្យសុំចុះបញ្ជីរបស់គណបក្សនយោ​បាយឈរឈ្មោះបោះឆ្នោតក្នុងរយៈពេលយ៉ាងយូរ ៧ ថ្ងៃ បន្ទាប់ពីទទួលបានពាក្យសុំ។ ក្នុងករណី គ.ជ.ប យល់ព្រមចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប ត្រូវចេញ លិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ជូនសាមីគណបក្សនយោបាយ។

ក្នុងករណី គ.ជ.ប ពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយ ពុំបានបំពេញលក្ខខណ្ឌ ណាមួយដូចមាន ចែងក្នុងច្បាប់ និងនីតិវិធី គ.ជ.ប ត្រូវជូនដំណឹងទៅសាមីគណបក្សនយោបាយវិញ ដើម្បីបំពេញបន្ថែម។ គណបក្សនយោបាយ ត្រូវបំពេញលក្ខខណ្ឌដែលខ្វះខាតយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីថ្ងៃដែលសាមីគណបក្សនយោបាយ បានទទួលលិខិតជូនដំណឹងពី គ.ជ.ប។

តំណាង គ.ជ.ប បានបញ្ជាក់ទៀតថា ករណីបេក្ខជនឈរឈោ្មះបោះឆ្នោតរបស់គណបក្សនយោបាយ គ.ជ.ប បានសុំការបញ្ជាក់ពីក្រសួងយុត្តិធម៌ អំពីភាពមាននីតិសម្បទាឡើងវិញរបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ដោយក្រសួងយុត្តិធម៌ បានឆ្លើយបញ្ជក់មក គ.ជ.ប វិញថា ឈ្មោះ រ៉ុង ឈុន មិនទាន់មាននីតិសម្បទាឡើងវិញទេ។ ដូចនេះ ឈោ្មះ រ៉ុង ឈុន គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទេ។ ចំពោះការដកខ្លួនចេញពីបេក្ខជនឈរឈ្មោះបោះឆ្នោត តំណាង គ.ជ.ប បានបញ្ជាក់ដែរថា ករណីនេះជាសិទ្ធិរបស់បុគ្គល និងកិច្ចការរបស់គណបក្សនយោបាយ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២៣នេះ បានស្នើឲ្យប្រធានគណបក្សភ្លើងទៀន ត្រូវបំពេញចំណុចខ្វះខាតក្នុងការចុះបញ្ជីគណបក្សនយោ​បាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី ៧។ ក្នុងនោះ គណបក្សភ្លើងទៀន ក៏ត្រូវប្ដូរបេក្ខជនថ្មីជំ​នួសលោក រ៉ុង ឈុន ដែលត្រូវបានតុលាការផ្តន្ទាទោសពីបទមជ្ឈិម ហើយដែលមិនទាន់មាននីតិសម្បទាឡើងវិញ។ ដូចនេះ គណបក្សភ្លើងទៀន ត្រូវប្ដូរបេក្ខជនថ្មីបំពេញបន្ថែម ជំនួសត្រង់បេក្ខជនពេញសិទ្ធិលេខរៀងទី ១ មណ្ឌលខេត្តកណ្តាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម