ព័ត៌មានជាតិ
សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានទទួលសមុច្ច័យអាយុយូរឆ្នាំ ពីពលរដ្ឋខេត្តតាកែវ
កន្លងទៅថ្មីៗនេះ ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃកប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលសមុច្ច័យ មានដូចជា៖ សារ៉ុងសូត្រ សំពត់ហូល អាវផាមួង និងក្រណាត់ហូល ចំនួន ២០សមុច្ច័យ ដែលបងប្អូនប្រជាពលរដ្ឋចំនួន ១១គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រគល់ជូន យកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។ នេះបើតាមការឱ្យដឹងពី នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា។

នាយកដ្ឋាន ស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងបន្តថា សំពត់ហូល អាវផាមួង សារ៉ុងសូត្រ និងក្រណាត់ហូល បងប្អូនប្រជាពលរដ្ឋបានប្រគល់ជូន មានពណ៌ចម្រុះ ត្បាញដោយដៃ មានអាយុកាលខ្លះ ចន្លោះពី ៥០ឆ្នាំ ៤០ឆ្នាំ ឬ៣០ឆ្នាំ ឬក្រោមនោះបន្តិច តាមការរក្សាទុកបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃកប្បាស ដោយមានក្បាច់រចនាផ្សេងៗយ៉ាងស្រស់ស្អាត ដូចជា៖ ក្បាច់គោមក្រឡាការ៉ូ ក្បាច់គោមបាត់ដំបង ក្បាច់គោមផ្កាច័ន្ទ ក្បាច់គោមខ្សែពីរជាន់ក្នុងកូនគោម ក្បាច់គោមខ្សែគ្រាប់តាន់ អាវផាមួងគុណសាច់ហូលជាយ អាវផាមួងគុណសាច់ហូលជាយបិទប៉ាក់ផ្កាខាងមុខ ក្បាច់គោមកូនហ៊ីងខ្សែ ក្បាច់គោមក្រឡាសំណាញ់គោមកូនហង្ស ក្បាច់គោមសំបុកពីងពាង ក្បាច់គោមខ្សែថ្នក់ ក្បាច់គោមកន្ទេសឡង់ ក្បាច់ក្តឹបកន្ទឹមនិងក្ងោកទំលាក់កន្ទុយ ក្បាច់គោមខ្សែរថ្នក់ កូនគោមក្នុងគោម ក្បាច់គោមខ្សែរថ្នក់ក្នុងគោមផ្កាយព្រឹក និងក្បាច់គោមត្បួងពេជ្រ។

សមុច្ច័យទាំងនោះ ត្រូវបានសារមន្ទីរវាយនភណ្ឌប្រៃណីអាស៊ី ទទួលយកមកថែរក្សាបន្ត ដើម្បីទុកជាកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយបានទស្សនា និងសិក្សាស្វែងយល់។

លោកស្រី លី ណៃស្រ៊ីម អាយុ ៧៥ឆ្នាំ តំណាងប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិស្នួលខ្ពស់ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ បានឱ្យដឹងថា គ្រួសារលោកស្រីជាអ្នកតម្បាញហូលផាមួងជាច្រើនជំនាន់មកហើយ ដោយលោកស្រីចេះត្បាញហូលផាមួងតាំងពីអាយុ ១៤ឆ្នាំមក។ ដោយចេះត្បាញបន្តពីម្តាយ និងជីដូន ពោលគឺតាំងពីជំនាន់លន់ណុលមកម្ល៉េះ។

សំពត់ហូល ដែលអ៊ំុស្រីប្រគល់ជូនសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី យកទៅរក្សាទុក ជាហូលក្បាច់គោមបាត់ដំបង ដោយអ៊ំស្រីជាអ្នកត្បាញដោយផ្ទាល់ដៃ និងបានថែរក្សាទុកតាំងពីសម័យ ប៉ុល ពត ដោយលាក់ទុកនៅក្នុងខ្នើយកើយ និងបន្តថែរក្សាមកដល់បច្ចុប្បន្ន មានអាយុកាល ៥២ឆ្នាំមកហើយ គឺនៅសេសសល់តែមួយក្បិននេះប៉ុណ្ណោះ។ ដោយយល់ថា សំពត់ហូលមួយក្បិននេះ ជាស្នាដៃដំបូងដែលអ៊ំស្រីត្បាញ ដោយក្តីស្រឡាញ់ជាខ្លាំង និងពេញចិត្តប្រគល់ជូនមកកាន់សារមន្ទីរ ក្នុងគោលបំណងថែរក្សាទុកកេរដំណែល ដល់កូនចៅជំនាន់ក្រោយបានឃើញ សំពត់ហូលដែលជាស្នាដៃត្បាញកូនខ្មែរពិតប្រាកដ។

លោកស្រី លី ណៃស៊្រីម មានប្រសាសន៍បន្តថា សំពត់ហូលមួយក្បិននេះ បានជ្រលក់ពណ៌ចំនួន ៣ទឹក ប្រើប្រាស់ល័ក្ខខ្មែរពីសម័យដើមសុទ្ធសាធ មានគុណភាពល្អ និងមានភាពស្រស់ស្អាត។

គួរបញ្ជាក់ថា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី មានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា តាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ សារមន្ទីរបើកឱ្យសាធារណៈជនបានចូលទស្សនា នៅរៀងរាល់ថ្ងៃចន្ទ រហូតដល់ថ្ងៃពុធ ចាប់ពីម៉ោង៨ និង៣០នាទី ដល់ម៉ោង ៤រសៀល៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


