ព័ត៌មានជាតិ
ព្រឹកស្អែកសម្ដេចតេជោ នឹងអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា
នៅព្រឹកថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អគារសិក្សាថ្មីនេះ ត្រូវបានប្រសិទ្ធនាមថា «អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី» ត្រូវបានសាងសង់ឡើង ដោយចំណាយថវិកាសរុបជិត ២លានដុល្លារសហរដ្ឋអាមេរិក។ ថវិកាសាងសង់អគារសិក្សាថ្មីនេះ ទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា និងក្រុមគ្រួសារ ព្រមទាំងសប្បុរសជននានា។
តាមការអោយដឹងពីឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថា អគារសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី មានបន្ទប់សិក្សា ការិយាល័យ បណ្ណាល័យតេជោសន្តិភាព សាលសវការកាត់ក្តីសម្រាប់និស្សិតផ្នែកច្បាប់ និងសាលប្រជុំ។ អគារនេះ មានកម្ពស់ ៩ជាន់ ស្មើនឹង ៤៥បន្ទប់។
អគារនេះ បានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។
អគារថ្មីនេះ បានរចនាប្លង់ស្ថាបត្យកម្មរចនាប័ទ្មខ្មែរ បែបសហសម័យ នាសម័យតេជោសន្តិភាព និងអភិវឌ្ឍន៍ ដោយសំយោគចូលនូវរចនាប័ទ្មស្ថាបត្យកម្មខ្មែរសំខាន់ៗ រួមមានស្ថាបត្យកម្មប្រពៃណីផ្ទះបុរាណខ្មែរ ព្រះពុទ្ធសាសនា ប្រាសាទបុរាណខ្មែរ (អង្គរវត្ត បន្ទាយស្រី និងប្រាសាទបាគង) សំណង់បេតិកភណ្ឌអាណានិគម និងស្ថាបត្យកម្មទំនើបកម្ម។ គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះ នៅម៉ោង៧ ព្រឹក៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ