ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែងមានបញ្ហាប្រឈមច្រើន ដោយសារតែស្ថានភាពព្រំដែនមានសភាពស្មុគស្មាញ និងមិនទាន់បោះបង្គោលព្រំដែន
នេះជាការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ខេត្តស្តឹងត្រែង នៅក្នុងសន្និសីទសារព័ត៌មានមួយ ស្ដីពីវឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្តរបស់ខេត្តស្ទឹងត្រែង ដែលរៀបចំឡើង ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។

លោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ខេត្តស្ទឹងត្រែងមានព្រំប្រទល់ជាប់ជាមួយខេត្តចំនួនពីររបស់ប្រទេសឡាវ គឺខេត្តចំប៉ាសាក់ និងខេត្តអត្តពើ (មានស្រុកចំនួនពីរជាប់ប្រទេសឡាវ គឺស្រុកបុរីអូរស្វាយសែនជ័យ និងស្រុកសៀមប៉ាង) ហើយមានច្រកអន្តរជាតិត្រពាំងក្រៀល (កម្ពុជា) ជាប់ជាមួយច្រកណងណុខៀន (ប្រទេសឡាវ) ហើយមានបញ្ហាប្រឈមមួយចំនួនផងដែរ ដោយសារតែស្ថានភាពព្រំដែនមានសភាពស្មុគស្មាញ ពីព្រោះនៅមិនទាន់បានបោះបង្គោលព្រំដែនរួចនៅឡើយ។ លោកថា ស្ថានភាពនេះ មិនមែនសម្រាប់តែប្រទេសកម្ពុជានោះទេ នៅបណ្ដាប្រទេសផ្សេងៗក៏បែបនេះដែរ កាលណាបើយើងមិនទាន់បានរៀបចំបោះបង្គោលព្រំដែន ឬខណ្ឌសីមាបានចប់សព្វគ្រប់នោះទេ បញ្ហាគឺតែងតែកើតមានឡើង។

បើតាមលោក ម៉ែន គុង ថ្មីៗនេះមានបញ្ហាប្រឈមមួយចំនួនបានកើតមានឡើងនៅតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ដោយកម្លាំងសមត្ថកិច្ចខាងភាគីឡាវ បានឈូសឆាយផ្លូវនៅក្នុងភូមិមួយជាប់នឹងព្រំដែន ចូលមកតំបន់មួយ ជាតំបន់ដែលរាជរដ្ឋាភិបាលកម្ពុជាបានកំណត់ឲ្យរក្សាស្ថានភាពដើម គឺនៅចំណុចបង្គោលព្រំដែនលេខសូន្យ033/1 និង033/2 តែបញ្ហានេះត្រូវបានដោះស្រាយតាមរយៈការចរចា។

លោក ម៉ែន គុង អះអាងថា ទាក់ទងបញ្ហាខាងលើនេះ នៅពេលមានហេតុការណ៍ភ្លាម ក៏ទទួលបានព័ត៌មានភ្លាម ហើយលោកអភិបាលខេត្តបានទំនាក់ទំនងជាបន្ទាន់ទៅអភិបាលខេត្តចំប៉ាសាក់ខាងប្រទេសឡាវ។ ក្រោយពីធ្វើការទំនាក់ទំនងកម្លាំងរបស់យើង ក៏បានចុះទៅកន្លែងកើតហេតុ ដែលកម្លាំងភាគីឡាវ បានធ្វើការឈូសឆាយផងដែរ ប៉ុន្តែទោះជាយ៉ាងណាយើងនៅមានបញ្ហាប្រឈមខ្លះ ដោយសារតែភាគីឡាវ នៅតែធ្វើសកម្មភាព ហើយស្ដាប់តែបញ្ជាថ្នាក់លើរបស់ខ្លួនប៉ុណ្ណោះ។ លោកថា សកម្មភាពនេះលោកអភិបាលខេត្តក៏បានរាយការណ៍មកក្រសួងមហាផ្ទៃផងដែរ។

លោក ម៉ែន គុង ឲ្យដឹងដែរថា ក្រោយពីកើតមានករណីនេះ លោកអភិបាលខេត្តបានធ្វើរបាយការណ៍ ដោយភ្ជាប់ជាមួយកំណត់ទូត ទៅខេត្តចំប៉ាសាក់ ដើម្បីបញ្ឈប់សកម្មភាពនេះ ដោយសម្អាងទៅលើសេចក្តីថ្លែងការណ៍ ក៏ដូចជាគោលការណ៍រួមរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ដែលបានកំណត់ថា តំបន់ណាដែលមិនទាន់បោះបង្គោលព្រំដែន គឺត្រូវរក្សាស្ថានភាពដើម ដោយប្រើពាក្យថា “រក្សាបរិស្ថានដើម”។ លោកបញ្ជាក់ដែរថា មកដល់ពេលនេះសកម្មភាពនោះបានបញ្ឈប់ហើយ មិនមានសកម្មភាពឈូសឆាយអ្វីបន្តទៀតនោះទេ។
ដោយឡែកទាក់ទងបញ្ហាគ្រឿងញឿនឆ្លងដែន លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តបានអះអាងថា ខេត្តមានយន្តការទប់ស្កាត់គ្រឿងញៀន ដោយមានអភិបាលខេត្ត ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្នាក់ខេត្ត។ លោកថា ដោយសារខេត្តស្ទឹងត្រែងមានព្រំដែនព្រំប្រទល់ដែនជាប់ជាមួយប្រទេសឡាវវែង រហូត២៥៧ គីឡូម៉ែត្រ ធ្វើឲ្យភូមិសាស្ត្រមានលក្ខណៈស្មុគស្មាញ គួបផ្សំជាមួយសម្ភារៈប្រើប្រាស់របស់សមត្ថកិច្ចនៅមានកម្រិតធ្វើឲ្យមានការលំបាកខ្លះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោមការគ្រប់គ្រងរបស់លោកអភិបាលខេត្ត ដែលជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោកតែងតែជំរុញកម្លាំង ដែលឈរជើងនៅតាមព្រំដែនដើម្បីធ្វើការទំនាក់ទំនងជាមួយប្រទេសឡាវផងដែរ។
បើតាមលោក ឈាង ឡាក់ ដើម្បីប្រយុទ្ធប្រឆាំងបញ្ហានេះ ខេត្តក៏មានកម្លាំងវរៈការពារព្រំដែនរបស់ស្នងការនគរបាលខេត្ត និងវីរៈសេនាតូចលេខ២ របស់សឹករងខេត្ត និងកងកម្លាំងរាជអាវុធហត្ថ ក៏បានឈរជើងនៅក្បែរព្រំដែននោះផងដែរ ហើយកម្លាំងទាំងនោះតែងតែឈរ ជើងបង្ក្រាបបទល្មើសគ្រប់ប្រភេទ មិនត្រឹមតែគ្រឿងញៀននោះទេ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


