ព័ត៌មានជាតិ
ស្ថានទូតជប៉ុនគ្រោងរៀបចំពិធីបុណ្យផ្កាយ ឆ្នាំ ២០២៣ នៅចុងសប្ដាហ៍នេះ
ស្ថានទូតជប៉ុនប្រចាំកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ពិធីបុណ្យផ្កាយ ឆ្នាំ២០២៣ រយៈពេល ២ថ្ងៃ ពោលគឺនៅថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ពិធីបុណ្យផ្កាយនេះសហការរៀបចំដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងការិយាល័យទំនាក់ទំនងភ្នំពេញ នៃមូលនិធិជប៉ុន។

សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹថា ពិធីបុណ្យផ្កាយ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៤ មកម្ល៉េះ ហើយសម្រាប់នៅឆ្នាំ២០២៣ ពិធីបុណ្យផ្កាយរៀបចំឡើងដើម្បីបន្តជំរុញការផ្លាស់ប្តូរវប្បធម៌រវាងជប៉ុន និងកម្ពុជាថែមទៀត ជាពិសេសការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ជប៉ុន-កម្ពុជា។
ក្នុងពិធីបើកព្រឹត្តិការណ៍ជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា នឹងមានការថ្លែងសុន្ទរកថារបស់លោកឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងរាជរដ្ឋាភិបាលកម្ពុជា និងការសម្ដែងសិល្បៈវប្បធម៌ជប៉ុន-កម្ពុជា ព្រមទាំងកម្មវិធីមួយចំនួនទៀត រួមមាន៖ តោះយើងទៅ Cosplay នៅតាណាបាតា ការប្រគំតន្ត្រីជប៉ុនខ្នាតតូច ការសម្ដែងរឿងខ្លី “ដំណាលរឿងតាណាបាតា និងរឿងទិព្វសូដាចន្ទ” ការប្រឡងចម្រៀងណូដូជីម៉ាន់ ២០២៣ ជាដើម។

ក្រៅពីកម្មវិធីទាំងនេះ ក៏មានការរៀបចំសិក្ខាសាលាមួយចំនួនទាក់ទងនឹងប្រធានបទ Cosplay ថ្នាក់សាកល្បងធ្វើនំ ការឈ្វេងយល់អំពីរឿងខ្លី កំណាព្យ និងទំនុកច្រៀង សិល្បៈបត់ក្រដាស “អូរិហ្គាមី” កាតក្រដាស “ឃិរីហ្គាមី” ការសរសេរអក្សរផ្ចង់ជប៉ុន “ស្យូដូ” ការសរសេរ និងចងព្យួរក្រដាសបំណងប្រាថ្នាលើមែកឫស្សី ការធ្វើបន្តោងរូប ការបង្ហាញសម្លៀកបំពាក់ប្រពៃណីជប៉ុន “យូកាតា” ក៏ដូចជាការតាំងពិព័រណ៍ផងដែរ។

គួរបញ្ជាក់ថា ពិធីបុណ្យផ្កាយ គឺជាកម្មវិធីបុណ្យប្រពៃណីជប៉ុន ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី៧ ខែកក្កដា ជារៀងរាល់ឆ្នាំ នៅប្រទេសជប៉ុន ដើម្បីរំឮកដល់ដំណើររឿងរបស់គូស្នេហ៍នៅលើឋានសួគ៌មួយគូ គឺនារីតម្បាញ និងបុរសគង្វាលគោ។ តាមតំណាលរឿង គូស្នេហ៍មួយគូនេះ ត្រូវបានបំបែកដោយទន្លេអាម៉ាណុហ្គាវ៉ា ហើយអាចជួបគ្នាបានតែម្តងគត់ក្នុងមួយឆ្នាំ គឺនៅថ្ងៃទី៧ ខែកក្កដា។ ដូច្នេះ នៅក្នុងថ្ងៃនោះ ប្រជាជនជប៉ុននាំគ្នាសរសេរ បំណងប្រាថ្នារបស់ខ្លួន ហើយចងព្យួរទៅនឹងមែកឬស្សី ដើម្បីបួងសួងឱ្យបានសម្រេចតាមការប៉ងប្រាថ្នារបស់ខ្លួន៕
អត្ថបទ៖ ធឿន វ៉ាន់សុង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៦ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន