Connect with us

ព័ត៌មានជាតិ

លោក ឃួ​ង ស្រេង ជំរុញ​ឲ្យ​ភ្ជាប់​តេ​ឡេ​ក្រាម សម្ដេច​តេ​ជោ​ហ៊ុន សែន​ជូន​សមាជិក​គណបក្ស​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ

បានផុស

នៅ

ភ្នំពេញ ​៖ លោក ឃួ​ង ស្រេង សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​ទាំង​១៤, គណៈ​ចលនា​សហជីព សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់ ជួយ​ធ្វើយ៉ាងណា​ត​ភ្ជាប់ តេ​ឡេ​ក្រាម របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​ជូន​សមាជិក​គណបក្ស​ទាំងអស់ ទាំង​នៅ​ថ្នាក់មូលដ្ឋាន​សហជីព និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​ឱ្យ​ពួកគាត់​បានទទួល​ព័ត៌មាន​ពិត​ជាក់លាក់​ពី​ថ្នាក់ដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា​យើង នោះ​គឺ​សម្ដេច​តេ​ជោ​ហ៊ុន សែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការជំរុញ​បែបនេះ​របស់លោក​ឃួ​ង ស្រេង​បានធ្វើ​ឡើង នា​ល្ងាច​ថ្ងៃទី​២២ មិថុនា ឆ្នាំ​២០២៣​នេះ នៅក្នុង​កិច្ចប្រជុំ​មួយ ជាមួយ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​១៤​ខណ្ឌ នៅ​មន្ទីរ​បក្ស​រាជធានី​ភ្នំពេញ​។

លោក​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើងថា សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​នៅតាម​បណ្ដា​រោងចក្រ ដូចជា​នៅតាម​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ នៅ​រាជធានី​ភ្នំពេញ សមាជិក​របស់​យើង​សុទ្ធ​តែ​មាន​ភាព​ស៊ី​វិ​ល័យ ដោយ​ភាគច្រើន​បានប្រើប្រាស់​នូវ​ទូរសព្ទ ស្មា​ត​ហ្វូ​ន ហើយក៏​កំពុង​ប្រើប្រាស់​បណ្ដាញ​សង្គម​ជា​មធ្យោបាយ​ក្នុង​ការ​ទាក់ទង​គ្នា​។

ក្នុងនោះ តេ​ឡេ​ក្រាម ក៏​ជា​វិធី​មួយ​ដែល​កំពុង​ពេញនិយម​ផងដែរ​។ ដូច្នេះ​លោក​ជំរុញ​ឲ្យ​មន្ត្រី​របស់​យើង ក្រុមការងារ​របស់​ប​ក្ស​ទាំងអស់​ត្រូវបង្កើត និង​ត​ភ្ជាប់​ប្រព័ន្ធ​តេ​ឡេ​ក្រាម ឲ្យ​ពួកគាត់​ឲ្យ​បាន​គ្រប់គ្នា ពិសេស គឺ​ការតភ្ជាប់​តេ​ឡេ​ក្រាម​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អោយទៅ​ពួកគាត់ ដើម្បី​ឲ្យ​ពួកគាត់​ទទួល​បាន​នូវ​ព័ត៌មាន​ពិតៗ ពីស​ម្តេច​តេ​ជោ លើ​ការអភិវឌ្ឍ​ប្រទេសជាតិ របស់​យើង​។​

លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា សម្រាប់​មន្ត្រី​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការ​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ​។

ជាក់ស្ដែង​នៅ​ក្នុង​ដំណាក់កាល​ថ្មីៗ​នេះ​ រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន បាន​ផ្ដល់នូវ​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ប្រទេសជាតិ​ទាំងមូល នោះ​គឺ​កម្ពុជា​ទទួលបាន​ជោគជ័យ​នូវ ព្រឹត្តិការណ៍​ធំៗ​ច្រើន ដូចជា​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ,​ការទប់ស្កាត់​បាន​នូវ​ការ​រាតត្បាត​ដោយ​ជំងឺ​កូ​វីដ​-១៩ ​និង​នៅ​ចុងក្រោយ​នេះ កម្ពុជា ទទួលបាន​ភាពជោគជ័យ​ក៏​ធំធេង​មួយទៀត នោះ​គឺ កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត​កីឡា ស៊ី​ហ្គេម​លើក​ទី​៣២ និង​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣។

ក្នុង​ឱកាស​នោះ​ដែរ លោក ឃួ​ង ស្រេង​ក៏បាន​ណែនាំ​ឲ្យ គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​ទាំង​១៤ ​និង​បក្ស​សង្កាត់​ទាំង​១០៥ ត្រៀម ក្នុង​ការ​ដង្ហែ​ក្បួន​នៃ​ការឃោសនាបោះឆ្នោត នា​ថ្ងៃទី​០១​ខែកក្កដា​ខាងមុខ​នេះ ដើម្បី​ដណ្ដើមយក​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​នា​ថ្ងៃទី​២៣​ខែកក្កដា​ឆ្នាំ​២០២៣ ឱ្យ​បាន​១២​លើ​១២​នៅ​រាជធានី​ភ្នំពេញ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម