ព័ត៌មានជាតិ
បញ្ចៀសខ្ចីអ្នកចងការប្រាក់ កម្ចីគ្មានទ្រព្យធានាជួយពលរដ្ឋក្រីក្រមានទុនពង្រីកមុខរបរ
ខណៈដែលពលរដ្ឋមួយចំនួនត្រូវការទុនបន្ថែមដើម្បីប្រើប្រាស់និងពង្រីកមុខរបរ ការប្រើកម្ចីពីអ្នកចងការប្រាក់ប្រឈមហានិភ័យនិងចំណាយខ្ពស់ ដែលរឹតតែបង្កើនបន្ទុកការលំបាកបន្ថែមទៀត។ ដោយឡែកគ្រឹះស្ថានហិរញ្ញវត្ថុតាមជនបទមួយចំនួនមានគោលការណ៍ផ្តល់កម្ចីដល់ពលរដ្ឋក្រីក្រមានទុនប្រើប្រាស់ពង្រីកមុខរបរ ដោយផ្តល់អត្រាការប្រាក់សមរម្យ និងមិនបាច់មានទ្រព្យធានា។
ជាស្ថាប័នគ្រឹះស្ថានហិរញ្ញវត្ថុមួយបើកដំណើរការជាង ១០ ឆ្នាំ លោក ហៃ ដារម្យ ប្រធាននាយកប្រតិបត្តិរបស់គ្រឹះស្ថានហិរញ្ញវត្ថុចម្រើនបានបញ្ជាក់ថា គ្រឹះស្ថានរបស់លោកមានចក្ខុវិស័យគាំទ្រដល់សហគមន៍តាមជនបទ លើការគាំទ្រហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់និងពង្រីកមុខរបរ។

លោកថា ដំណើរការបស់គ្រឹះស្ថានហិរញ្ញវត្ថុចម្រើនមិនផ្តោតតែលើប្រាក់ចំណេញនោះទេ។ ក្រៅពីផ្តល់ប្រាក់កម្ចីតាមទំហំតម្រូវការរបស់អតិថិជន គ្រឹះស្ថានក៏គិតគូរដល់ការផ្តល់ប្រាក់កម្ចីខ្នាតតូចដល់ពលរដ្ឋក្រីក្រក្នុងការយកទៅប្រើប្រាស់ដោយមិនភ្ជាប់លក្ខខណ្ឌមានទ្រព្យធានា។
លោកបញ្ជាក់ថា លក្ខខណ្ឌកម្ចីក្រោម ១៥០០ ដុល្លារគ្រឹះស្ថានមិនទាមទារមានទ្រព្យធានានោះទេ។ អតិថិជនគ្រាន់តែមានលំនៅច្បាស់លាស់ក្នុងតំបន់ប្រតិបត្តិការយ៉ាងតិច ៦ ខែ ហើយបើករណីស្នាក់នៅផ្ទះជួលយ៉ាងតិចបំផុត ១ ឆ្នាំ។ ប៉ុន្តែក៏តម្រូវឲ្យមានប្រភពចំណូលទៀងទាត់ ព្រមទាំងមានអាជីវកម្មស្របច្បាប់។
ការផ្តល់ប្រាក់កម្ចីខ្នាតតូចដោយគ្មានទ្រព្យធានាផ្តល់លទ្ធភាពដល់ពលរដ្ឋនៅតាមជនបទ បានដើមទុនបន្ថែមដើម្បីប្រើប្រាស់ពង្រីកដល់មុខរបរ ចៀសវាងការប្រើប្រាស់កម្ចីពីខាងក្រៅដែលប្រឈមគ្រោះថ្នាក់និងចំណាយខ្ពស់។

លោក មាស ចាន់ នាយកភូមិភាគរបស់គ្រឹះស្ថានហិរញ្ញវត្ថុ AMK បានបញ្ជាក់ថា ក្នុងចំណោមអតិថិជនប្រើប្រាស់កម្ចីគ្រឹះស្ថាន AMK ជាង ៣០ ម៉ឺននាក់ ក្នុងនោះជាង ៦០ ភាគរយជាអ្នកដែលរស់នៅតាមទីជនបទ។
លោកបន្តថា គ្រឹះស្ថាន AMK យកចិត្តទុកដាក់ក្នុងការផ្តល់កម្ចីខ្នាតតូចដល់ពលរដ្ឋក្រីក្រ ដើម្បីមានទុនប្រើប្រាស់ពង្រីកមុខរបរទ្រទ្រង់ដល់សេដ្ឋកិច្ចគ្រួសារ។
លោកថា ការផ្តល់កម្ចីដោយមិនភ្ជាប់លក្ខខណ្ឌស្មុគស្មាញដើម្បីលើកទឹកចិត្តដល់ពលរដ្ឋតាមជនបទ ប្រើប្រាស់សេវាកម្ចីដែលស្របច្បាប់ ចៀសវាងប្រើប្រាស់កម្ចីក្រៅផ្លូវការដែលប្រឈមមុខហានិភ័យ និងអាចបន្ថែមបន្ទុកដល់ជីវភាពថែមទៀត។
ពលរដ្ឋមួយរូបរស់នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមបានបញ្ជាក់ថា អ្នកស្រីទើបតែទទួលកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុមួយកន្លែងនៅស្រុកព្រៃឈរ។
អ្នកស្រីថា មុនគេឲ្យខ្ចីគេចុះមកវាយតម្លៃពិនិត្យឯកសារបញ្ជាក់មួយចំនួន។ កម្ចីនេះគេមិនតម្រូវឲ្យដាក់ទ្រព្យបញ្ចាំនោះទេបើមើលឃើញលក្ខខណ្ឌកម្ចីសមស្រប និងទំហំតិចតួច។
កញ្ញា ឃីម ស៊ីមន មន្រ្តីឥណទានរបស់គ្រឹះស្ថាន AMK ប្រចាំនៅស្រុកកំពង់សៀមបានឲ្យដឹងថា អតិថិជនអាចប្រើប្រាស់កម្ចីជាបុគ្គលឬជាក្រុម។ ការផ្តល់កម្ចីជាក្រុមគឺអតិថិជនអាចធានាគ្នាទៅវិញទៅមកដោយមិនបាច់ដាក់ទ្រព្យបញ្ចាំ។ ដោយឡែកសម្រាប់កម្ចីជាបុគ្គលត្រូវតែបញ្ជាក់មុខរបរច្បាស់លាស់ ហើយលក្ខខណ្ឌកម្ចីក្រោម ១ ៥០០ ដុល្លារ គ្រឹះស្ថាននឹងចុះមកពិនិត្យនិងផ្តល់លទ្ធភាពផ្តល់កម្ចី។

លោក កាំង តុងងី អ្នកនាំពាក្យសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា គោលដៅរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតាមជនបទ គឺចាប់យកអតិថិជនក្រីក្រក្នុងការផ្តល់កម្ចីសម្រាប់ការប្រើប្រាស់និងពង្រីកអាជីវកម្ម។
លោកបញ្ជាក់ថា ពលរដ្ឋក្រីក្រនៅតាមជនបទដែលអត់មានមុខរបរច្បាស់លាស់ ពិបាកក្នុងការទទួលបានកម្ចីពីធនាគារ ប៉ុន្តែតាមរយៈមីក្រូហិរញ្ញវត្ថុផ្តល់លក្ខខណ្ឌងាយស្រួលសម្រាប់កម្ចីខ្នាតតូចៗ ដោយមិនភ្ជាប់មានទ្រព្យដាក់បញ្ចាំ។
តាមទិន្នន័យរបស់សមាគម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតាមជនបទ កម្ចីក្រោមទុន ២០០០ ដុល្លារមានជាង ៧០ ភាគយ មិនភ្ជាប់ទ្រព្យបញ្ចាំ។។ នេះបើតាមការបញ្ជាក់របស់លោក កាំង តុងងី។
លោកថា គោលការណ៍នេះជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចនៅទីជនបទ ដើម្បីកាត់បន្ថយភាពក្រីក្រជាមួយរដ្ឋាភិបាលក្នុងការលើកស្ទួយជីវភាពក្នុងគ្រួសារ ការពារការប្រើប្រាស់កម្ចីខាងក្រៅដែលស៊ីការប្រាក់ខ្ពស់និងមិនមានការការពារដោយច្បាប់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


