ព័ត៌មានជាតិ
សម្ដេច ស ខេង ៖ កម្ពុជា នៅ ៣ ទសវត្សរ៍ចុងក្រោយ ការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែល្អប្រសើរ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា នៅកម្ពុជា ក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែមានភាពល្អប្រសើរ។

ការគូសបញ្ជាក់នេះ ខណៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតជូនគណៈប្រតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ នេះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «ជារួម នៅកម្ពុជា ក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែមានភាពល្អប្រសើរ ហើយការចូលរួមរបស់ប្រជាពលរដ្ឋក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសការលុបបំបាត់អំពើហិង្សាអំឡុងពេលបោះឆ្នោត និងមានការចូលរួមពីគណបក្សនយោបាយនានាផងដែរ»។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា ដំណើរការបោះឆ្នោតនៅកម្ពុជា មានការបោះឆ្នោតជាសកលចំនួនពីរ គឺ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ ២០២៣ នេះ គឺជាការបោះឆ្នោតជាតិលើកទី ៧ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ លើកចុងក្រោយ បានប្រព្រឹត្តទៅកាលពីខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ។
សម្ដេច ស ខេង បន្ថែមថា នៅកម្ពុជា ក៏មានការបោះឆ្នោតមិនផ្ទាល់ចំនួន ២ ទៀតដែរ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខណៈការបោះឆ្នោតទាំងពីរនេះ ក៏នឹងបន្តដំណើរការជាលើកទី ៤ នៅខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ ប្រសិនបើមិនមានអ្វីប្រែប្រួល។
សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ទៀតថា «ការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន ហើយសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ ២០២៣ នេះ គិតមកដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣ ស្ថានភាពទូទៅក៏មានភាពល្អប្រសើរដែរ»។
ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បានជម្រាបជូនអំពីការត្រៀមលក្ខណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក្រសួងមហាផ្ទៃ ក៏មានតួនាទីស្នូលក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បម្រើឲ្យដំណើរការបោះឆ្នោតនេះផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិ នៃប្រទេសនិយាយភាសាបារាំង (OIF) ដែលបានចាត់បញ្ជូនគណៈប្រតិភូមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាឱកាសនេះ ដឹកនាំដោយ លោក Desire NYARUHIRIRA ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតរបស់លោកស្រីអគ្គលេខាធិការអន្តរជាតិហ្វ្រង់កូហ្វូនី៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


