Connect with us

ព័ត៌មានជាតិ

«មន្ត្រីមានសក្តានុពល ១០រូប» នឹងក្លាយជាសេនាធិការជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីរបស់ឯកឧត្តម ហ៊ុន ម៉ាណែត

បានផុស

នៅ

សមាសភាពគណៈរដ្ឋមន្ត្រីថ្មី ក្រោមការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បានលេចចេញជាបណ្ដើរៗហើយ បើទោះជាមិនទាន់មានការបង្ហាញជាផ្លូវការនូវមុខតំណែងនានាដែលសមាជិកគណៈរដ្ឋមន្ត្រីនីមួយៗត្រូវកាន់ក៏ដោយ។ តួយ៉ាង គេអាចដឹងបានថា មានមន្រ្តីសំខាន់ៗចំនួន១០រូប ត្រូវបានកាន់ជាឧបនាយករដ្ឋមន្ត្រី ដែលជាសេនាធិការដ៏សំខាន់នៅកៀកជិតនាយករដ្ឋមន្ត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេនាធិការជាន់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ាណែត ទាំង១០រូបនេះ សុទ្ធសឹងជាធនធានមនុស្សដ៏មានសក្តានុពលរបស់គណបក្សប្រជាជនកម្ពុជា ដែលពោរពេញដោយសមត្ថភាព មានចំណេះដឹងខ្ពង់ខ្ពស់ ប្រកបដោយបទពិសោធន៍ការងារ ហើយស្ទើរទាំងអស់នៃអ្នកបន្តវេនទាំងនេះ មានសញ្ញាបត្របណ្ឌិតមកពីបរទេស។ មន្រ្តីខ្លាំងមានមុខតំណែងជាឧបនាយករដ្ឋមន្ត្រីទាំង១០រូបនេះ រួមមាន៖

១/ លោក អូន ព័ន្ធមុនីរ័ត្ន

លោក អូន ព័ន្ធមុនីរ័ត្ន ជា​បណ្ឌិតទស្សនៈវិជ្ជា (PhD) ជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីប្រទេសរុស្ស៊ី អមដោយសញ្ញាបត្រ​ឯកទេស​ធុរកិច្ច​អន្តរជាតិ ពីសាលា​ធុរកិច្ច​ក្រុងម៉ូស្គូ និងសញ្ញាបត្រ​បរិញ្ញាបត្រ​ជាន់ខ្ពស់​វិទ្យាសាស្រ្តសង្គម និង​វិទ្យាសាស្ត្រ​នយោបាយ ពី​សាកលវិទ្យាល័យ​រដ្ឋម៉ូស្គូ។

លោក អូន ព័ន្ធមុនីរ័ត្ន បានដឹកនាំ និងគ្រប់គ្រងលើវិស័យសេដ្ឋកិច្ចជាង១០ឆ្នាំមកហើយ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ចាប់តាំងពីឆ្នាំ២០១៣ ខណៈនៅក្នុងឆ្នាំ២០១៨ លោកត្រូវបានដំឡើងតំណែងបន្ថែមជាឧបនាយករដ្ឋមន្ត្រី។ តែយ៉ាងណាមិញ បើតាមការបង្ហើបឱ្យដឹងរបស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់អាណត្តិទី៧នេះ លោក អូន ព័ន្ធមុនីរ័ត្ន នឹងបន្តរក្សាតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដដែល។

២/ លោក ស៊ុន ចាន់ថុល

លោក ស៊ុន ចាន់ថុល ជាជនជាតិខ្មែរដែលបាន​បញ្ចប់ការសិក្សាមកពីសហរដ្ឋអាមេរិក ដែលក្នុងនោះ លោកបានទទួល​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​គ្រប់គ្រង​ពាណិជ្ជកម្ម នៃសាកល​វិទ្យាល័យ​អាមេរិក និងសញ្ញាបត្រអនុបណ្ឌិតរដ្ឋបាលសាធារណៈ នៃសាកលវិទ្យា Harvard។

មុនឡើងជាឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ លោក ស៊ុន ចាន់ថុល ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងអាណត្តិទី៥ ខណៈនៅពាក់កណ្ដាលអាណត្តិទី៥ លោកក៏ត្រូវបានផ្លាស់មកកាន់ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រហូតដល់អាណត្តិទី៦ កន្លងមកនេះ។

៣/ លោក នេត សាវឿន

លោក នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិនៃកម្ពុជា ដែលមានភារកិច្ចដឹកនាំ គ្រប់គ្រង និងបញ្ជាផ្ទាល់ទៅលើកងម្លាំងនគរបាលជាតិនៅទូទាំងប្រទេស។ លោក នេត សាវឿន បានឡើងកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ ជំនួសលោក ហុក ឡងឌី តាំងពីអំឡុងឆ្នាំ២០០៨ ដែលមុនពេលទទួលបានការតែងតាំងនេះ លោកជាអគ្គស្នងការរងនគរបាលជាតិ។

បម្រើការជាមេប៉ូលីសជាតិជាង១៥ឆ្នាំ លោក នេត សាវឿន ត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្ដីទុកចិត្ត និងជ្រើសរើសជាឧបនាយករដ្ឋមន្ត្រី សម្រាប់សមាសភាពគណៈរដ្ឋមន្ត្រីថ្មីរបស់ឯកឧត្តម ហ៊ុន ម៉ាណែត។  

៤/ លោក ហង់ជួន ណារ៉ុន

លោក ហង់ជួន ណារ៉ុន ជា​បញ្ញវន្តខ្មែរ​មួយ​រូប ​ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតសេដ្ឋកិច្ចអន្តរជាតិ នៅប្រទេសរុស្ស៊ី ហើយលោកអាចប្រើប្រាស់ភាសាបរទេសរហូតដល់៦ភាសា ជាអាទិ៍ អង់គ្លេស បារាំង រុស្ស៊ី ចិន ថៃ និងឡាវ។ ​អតីតភាពរបស់លោក ហង់ជួន ណារ៉ុន ជាមន្រ្តី​នៅ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូត​ក្លាយជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន​ និង​កីឡា នៅក្នុងឆ្នាំ​២០១៣។

«ទ្រឹស្តីអ្នកចេះ គឺជាប់» ត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុក​លោក ហង់ជួន ណារ៉ុន ជា​រដ្ឋមន្រ្តី​កណ្តាប់ដៃដែក​ ដែល​បានកំណែទម្រង់​ប្រព័ន្ធអប់រំ ជាពិសេស ការប្រឡង​ថ្នាក់​សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ប្រកបដោយប្រសិទ្ធភាព។

៥/ លោក សុខ ចិន្តាសោភា

លោក សុខ ចិន្តាសោភា ជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច និងការវិនិយោគ ដែលលោកបានបញ្ចប់ការសិក្សាផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីប្រទេសបារាំង និងធ្លាប់ធ្វើការឱ្យក្រុមហ៊ុនឯកជននៅប្រទេសបារាំង។

តាមរយៈអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC នៅពេលកន្លងមក លោក សុខ ចិន្តាសោភា តែងតែអមដំណើរសម្ដេចតេជោហ៊ុន សែន ទៅទស្សនកិច្ចនៅក្រៅប្រទេស ហើយលោកតែងឆ្លៀតជួបប្រាស្រ័យទាក់ទងជាមួយវិនិយោគិនបរទេស ដើម្បីទាក់ទាញអ្នកទាំងនោះមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា។

៦/ លោក រង្សី វិស្សុត

លោក វង្សី វិស្សុត បានបញ្ចប់ការសិក្សាសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតទស្សនវិជ្ជា (PhD) ផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅវិទ្យាស្ថានមូស្គូសម្រាប់ការទំនាក់ទំនងអន្តរជាតិ នៃប្រទេសរុស្ស៊ី។ ជាមួយគ្នានេះ លោក វង្សី រិស្សុត ក៏មានសមត្ថភាពប្រើប្រាស់ភាសាបរទេសចំនួន៣ភាសា គឺអង់គ្លេស បារាំង និងភាសារុស្ស៊ី។

៧/ លោក កើត រិទ្ធ

អ្នកបន្តវេនដ៏មានសក្តានុពលផ្នែកច្បាប់ លោក កើត រិទ្ធ គឺបានទទួលការសិក្សាអប់រំនៅប្រទេសបារាំង ដោយលោកមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២ គឺបរិញ្ញាបត្រជាន់ខ្ពស់ផ្នែក​ច្បាប់ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​ច្បាប់ព្រហ្មទណ្ឌ និង​វិទ្យាសាស្ត្រ​នៃ​បទ​ឧក្រិដ្ឋ។

នៅក្នុងឆ្នាំ២០២០ គឺពាក់កណ្ដាលអាណត្តិទី៦ លោក កើត រិទ្ធ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជំនួសលោក អង្គវង្ស វឌ្ឍនា។ លោក កើត រិទ្ធ ជា​ស្ថាបនិកក្នុងការ​បង្កើតក្រមព្រហ្មទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​មួយរូប​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​ផ្សេងទៀត​នៅ​ក្រសួងយុត្តិធម៌។

៨/ លោក សាយ សំអាល់

លោក សាយ សំអាល់ ជាអតីតសិស្សរៀននៅប្រទេសសឹង្ហបុរី និងជាបណ្ឌិតផ្នែកបរិស្ថាន និងជីវសាស្ត្រ នៃសាកលវិទ្យាល័យ ម៉ូណាស ប្រទេសអូស្ត្រាលី។ លោក សាយ សំអាល់ បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន តាំងពីអាណត្តិទី៥ ឆ្នាំ២០១៣ ដែលពេលនោះ លោករដ្ឋមន្ត្រីវ័យក្មេងជាងគេ។ លោក សាយ សំអាល់ ជាកូនប្រុសរបស់សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា។

៩/ លោក ស សុខា

លោក ស សុខា ជាកូនប្រុសរបស់សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា។ លោក ស សុខា ទទួលបានការសិក្សាអប់រំនៅប្រទេសជាច្រើន ជាអាទិ៍ បារាំង សឹង្ហបុរី អាឡឺម៉ង់ និងប្រទេសឆេក។ ជំនាញដែលលោក ស សុខា បានសិក្សា រួមមាន ផ្នែកគ្រប់គ្រង អភិវឌ្ឍន៍ជនបទ វិទ្យាសាស្ត្រអប់រំ ច្បាប់ស៊ីវិល រដ្ឋបាលសាធារណៈ និងជំនាញនគរបាល។

មុនកាន់តំណែងជាន់ខ្ពស់សម្រាប់អាណត្តិទី៧នេះ លោក ស សុខា ធ្លាប់ធ្វើជាស្នងការរងនគរបាលរាជធានីភ្នំពេញ ជាសមាជិករដ្ឋសភា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

១០/ លោក ទៀ សីហា

ជាកូនប្រុសរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ លោក ទៀ សីហា បានទៅសិក្សា​នៅប្រទេស​បារាំង តាំងពីកុមារភាព។សិក្សារនៅទីក្រុងប៉ារីស លោក ទៀ សីហា បានបញ្ចប់​បរិញ្ញាប​ត្រ​ផ្នែក​ពាណិជ្ជកម្ម និង​បាន​​សិក្សា​លើជំនាញ​យោធា នៅ​រាជបណ្ឌិត​​ស​ភា​យោ​ធា​រប​ស់​ប្រទេស​បារាំង​។ ​លោក ទៀ សីហា ជានាយទាហានជាន់ខ្ពស់នៃក្រសួងការពារជាតិ និងក្រោយមក លោកកាន់ជាអភិបាលខេត្តសៀមរាប៕ អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម