Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើ​សុំពន្យារពេល រុះរើសំណង់​​សង់​រំលោភ​លើ​​ដី​ចំណីព្រែកកំពត

បានផុស

នៅ

នាថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៣ មន្ត្រីជំនាញបានបញ្ជាក់ឱ្យដឹងថា ពលរដ្ឋបានស្នើ​សុំពន្យារ​ពេលក្នុង​ការរុះរើសំណង់​លើ​ដីចំណីព្រែកកំពតត្រើយខាងលិចពីចន្លោះស្ពានចាស់ទៅដល់ស្ពានត្រើយកោះ ដោយចាប់ផ្តើមធ្វើពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ ធា ប្រធានការិយាល័យនីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋានក្រុងកំពតបានប្រាប់ឱ្យដឹងថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ស្របពេលដែលមន្ត្រីសាលាក្រុងសហការជាមួយមន្ត្រីមន្ទីរជំនាញ បាន​ចុះវាស់វែងកំណត់ទីតាំងរុះរើសំណង់លើដីចំណីព្រែកកំពតក្រើយខាងលិច ប្រជាពលរដ្ឋដែលជាម្ចាស់សំណង់បានសំណូមពរសុំពន្យារពេលរុះរើពីថ្ងៃទី១៥ ខែសីហា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣វិញ និងបានសុំឲ្យអាជ្ញាធររក្សាដីចំណីផ្លូវចេញពីដីកម្មសិទ្ធិរបស់ពួកគាត់ប្រវែង ៤ ម៉ែត្រ។ ពួកគាត់បានសន្យាថានឹងរុះរើសំណង់លើដីចំណីព្រែកដោយខ្លួនឯង ដោយមិនទាមទារសំណង ឬថ្លៃរុះរើអ្វីនោះឡើយ។

ប្រធានការិយាល័យរូបនោះបានបញ្ជាក់ផងដែរថា ការរុះរើសំណង់តំបន់ត្រើយខាងលិចដើម្បីឲ្យរដ្ឋបាលខេត្តមានលទ្ធភាពអនុវត្តគម្រោងកែលម្អសោភណ្ឌភាពឆ្នេរព្រែក និងលម្អក្រុងកំពតឲ្យកាន់តែទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកលេងកាន់តែច្រើន ជាពិសេសនោះនឹងធ្វើឲ្យសេវាជិះទូកទេសចរណ៍កម្សាន្តតាមដងព្រែកកាន់តែមានភាពទាក់ទាញជាងមុន។

លោក ពៅ ធា ប្រធានការិយាល័យនីតិកម្ម និងដោះស្រាយវិវាទមូលដ្ឋានក្រុងកំពត បានសំណូមពរដល់ព្រជាពលរដ្ឋម្ចាស់សំណង់ ដែលរងផលប៉ះពាល់នៅកន្លែងកំពុងអនុវត្ត និងកន្លែងដែលមិនទាន់អនុវត្តដល់ សូមចូលរួមសហការជាមួយ​អាជ្ញាធរ​មន្ត្រីជំនាញពាក់ព័ន្ធឲ្យបានល្អ ដើម្បីជួយជំរុញដល់ដំណើរការអភិវឌ្ឍន៍ខេត្តកំពតឲ្យបានឆាប់រហ័ស និងល្អប្រសើរ។

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម