ព័ត៌មានជាតិ
រដ្ឋមន្ត្រីការងារ បញ្ជាក់មូលហេតុភាគីរាជរដ្ឋាភិបាលមិនទាន់ដាក់តួលេខ ប្រាក់ឈ្នួល ឆ្នាំ ២០២៤
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ពីមូលហេតុដែលភាគីរាជរដ្ឋាភិបាលនៅមិនទាន់ដាក់តួលេខប្រាក់កម្មករ-និយោជិត ឆ្នាំ ២០២៤ ខណៈភាគីសហជីព និងភាគីនិយោជក បានដាក់តួលេខរួចហើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី ៣ នៅព្រឹកថ្ងៃទី ០៤ កញ្ញានេះ លោករដ្ឋមន្ត្រី បានបន្តថា ក្រោយពីចំណាយពេលប្រជុំជិត ៤ ម៉ោង មក គឺភាគីនិយោជកបានដាក់តួលេខចំនួន ១ ដុល្លារប៉ុណ្ណោះ ខណៈភាគីសហជីពតំណាងកម្មករ-និយោជិត ដាក់តួលេខចំនួន ១៥ ដុល្លារ។ មានន័យថា សម្រាប់ឆ្នាំ ២០២៤ ភាគីនិយោជក ស្នើសុំប្រាក់ឈ្នួលអប្បបរមាត្រឹម ២០១ ដុល្លារ ក្នុងមួយខែ និងភាគីកម្មករ-និយោជិត ស្នើសុំដល់ ២១៥ ដុល្លារ ក្នុងមួយខែ។
លោករដ្ឋមន្ត្រី បានបន្តទៀតថា តួលេខខាងលើនេះ គ្រាន់តែជាជំហរជំហានដំបូងរបស់ភាគីនីមួយៗ ប៉ុណ្ណោះ ដោយនឹងត្រូវមានការប្រជុំពិភាក្សាគ្នាជាបន្តបន្ទាប់ទៀត នាពេលខាងមុខ ពោលនឹងត្រូវចេញលទ្ធផលមុនពិធីបុណ្យភ្ជុំបិណ្ឌ ស្របតាមអនុសាសន៍របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោករដ្ឋមន្ត្រី បន្ថែមថា នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ទៀត ភាគីទាំងពីរ នឹងពិចារណាកែសម្រួលតួលេខជាបណ្តើរៗថែមទៀត ហើយភាគីខាងរដ្ឋាភិបាល នឹងបន្តខិតខំសម្របសម្រួលដើម្បីឲ្យភាគីទាំងពីរកាន់តែយល់ កែគោលជំហររបស់ខ្លួនកាន់តែកៀកប្រហាក់ប្រហែលគ្នា មុននឹងយើងឯកច្ឆន្ទគ្នា ឬ បោះឆ្នោតសម្រេចនាមុនពិធីបុណ្យភ្ជុំខាងមុខនេះ។
លោករដ្ឋមន្ត្រី បន្ថែមទៀតថា «ភាគីរាជរដ្ឋាភិបាល នៅមិនទាន់ដាក់តួលេខនៅឡើយទេ។ យើងមានតួលេខ តែយើងមិនចង់ឲ្យភាគីទាំងសងខាងផ្ដោតលើតួលេខនេះទេ ហើយខ្ញុំពិតជាមានការសប្បាយចិត្តដែលភាគីទាំងអស់ ទោះបីជាយើងមិនបានបញ្ជាក់តួលេខណាមួយពីរាជរដ្ឋាភិបាល យើងឃើញថា ភាគីទាំងអស់ប្រើប្រាស់លក្ខណៈវិនិច្ឆ័យទាំង ៧ គ្រាន់តែថា ការយល់ឃើញការប្រែប្រួលលក្ខណៈវិនិច្ឆ័យនីមួយៗ វាខុសគ្នា តែបានឈរលើបន្ទាត់មួយនេះ។ អីចឹង ខ្ញុំគិតថា វាជាការវិវត្តន៍ដ៏ល្អ»។
លោករដ្ឋមន្ត្រី បញ្ជាក់ថា តួលេខដែលភាគីនីមួយៗ បានដាក់នៅពេលនេះ ពួកគាត់នឹងយកទៅប្រជុំផ្ទៃក្នុងបន្ថែមទៀត ហើយយើងនឹងមានឱកាសស្ដាប់ការវិវត្តន៍នៅក្នុងកិច្ចប្រជុំប្រាក់ឈ្នួលជាបន្តបន្ទាប់ក្រោយៗទៀតពីភាគីនីមួយៗ។
លោក គឹម ចាន់សំណាង អនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី ៣ ភាគីសហជីព បានមានប្រសាសន៍ថា ការដាក់តួលេខ ២១៥ ដុល្លារនេះ ខាងសហជីពបានធ្វើការពិភាក្សា និងស្រាវជ្រាវយ៉ាងល្អិតល្អន់ជាទីបំផុត ដោយឈរលើលក្ខណៈវិនិច្ឆ័យទាំង ៧ ដែលមានចែងក្នុងច្បាប់ប្រាក់ឈ្នួល។

យ៉ាងណាក៏ដោយ លោក បានបញ្ជាក់ថា ប៉ុន្តែតួលេខនេះ យើងអាចជជែកគ្នាបាន។ វាជាលើកទី ១ ដាក់ ២១៥ ដុល្លារ សម្រាប់ស្នើសុំ តែបើសិនជាមានករណីចាំបាច់ និងពិនិត្យលើផលប្រយោជន៍កម្មករ-និយោជិត ដោយឈរលើទឡ្ហីករណ៍ណាមួយ យើងក៏អាចសម្របសម្រួលទៅតាមស្ថានការណ៍ជាក់ស្ដែងដែរ ព្រោះថាការដំឡើងប្រាក់ឈ្នួលណាមួយត្រូវមានការឯកភាពគ្នា យល់ព្រមទាំងអស់គ្នា ដោយរីករាយបំផុត។
គួរបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី ៣ បានសម្រេចរៀបចំកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលចំនួន ៧ លើក គឺ នៅថ្ងៃទី ១៦ សីហា ,ថ្ងៃទី ២៨ សីហា, ថ្ងៃទី ៤, ថ្ងៃទី ១១,ថ្ងៃទី ១៨, ថ្ងៃទី ២៥ ខែកញ្ញា និងថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៣ ខណៈប្រាក់ឈ្នួលកម្មករ-និយោជិតបច្ចុប្បន្ន មានចំនួន ២០០ ដុល្លារ ក្នុងមួយខែ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


