ព័ត៌មានជាតិ
មកស្វែងយល់ពីអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមផ្នែកស្ដារនីតិសម្បទា
យោងតាមឯកសាររបស់បេឡាជាតិសន្តិសុខសង្គម បានឲ្យដឹងថា សេវាស្តារនីតិសម្បទា ជាតាវកាលិក ឬ អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គមផ្នែក ហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលផ្ដល់ឲ្យសមាជិកនៅពេលជួបហានិភ័យការងារ គ្រោះថ្នាក់ ឬ ជំងឺ រហូតដល់ធ្លាក់ខ្លួនពិការភាព។

សេវាស្តារនីតិសម្បទានេះ សំដៅដល់ការផ្ដល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ និងសេវាសង្គម ក្នុងគោលបំណងជួយដល់ជនមានពិការភាពអាចរក្សា ស្តារ ឬ ធ្វើឲ្យប្រសើរឡើងវិញនូវសមត្ថភាព ជំនាញ និងមុខងារសម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលបានបាត់បង់ ឬ ខូចខាតដោយសារជំងឺ ការរងរបួស ឬ ពិការភាព។

សមាជិក ប.ស.ស ដែលទទួលរងហានិភ័យការងារបណ្ដាលឲ្យបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ ឬ ពិការភាព មានសិទ្ធិទទួលបានសេវាស្តារនីតិសម្បទា ដែលរួមមានសេវាស្តារនីតិសម្បទា ផ្នែកវេជ្ជសាស្ត្រ ឬ សេវាបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ ឬ សេវាសង្គម ៖
១.សេវាស្ដារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ
សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ ត្រូវបានផ្ដល់ជូនសមាជិក ប.ស.ស ដែលទទួលរងហានិភ័យការងារ សម្រាប់គាំទ្រដល់ការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ឬ សម្រាប់ជួយសម្រួលដល់ ជនរងគ្រោះដែលបានបាត់បង់សមត្ថភាពការងារអចិន្ត្រៃយ៍ ឬ ពិការភាព។
សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ សំដៅដល់ការផ្តល់ការជួសជុល ឬ ការផ្តល់ជាថ្មីអវយវៈសិប្បនិម្មិត រណប ឬ ឧបករណ៍ ជំនួយ ការហ្វឹកហាត់កាយសម្បទាឡើងវិញ ការព្យាបាលដោយ ចលនា និងការផ្តល់សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រដទៃទៀត។
២.សេវាបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ
សេវាបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ ត្រូវបានផ្ដល់ជូនសមាជិក ប.ស.ស ដែលធ្លាក់ខ្លួនពិការដោយហានិភ័យការងារ ដើម្បីមានឱកាសទទួលបានការងារ ឬ មុខរបរថ្មីស្របតាមកាយសម្បទារបស់ខ្លួន។ ជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែង អាចទទួលបានការជួយសម្របសម្រួលរកការងារឲ្យធ្វើ។
៣.សេវាសង្គម
ជនមានពិការភាពដោយហានិភ័យការងារ មានសិទ្ធិទទួលបាននូវការប្រឹក្សា ការតម្រង់ទិស ការអប់រំចិត្តសាស្ត្រ និងសេវាសង្គមនានា ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវផ្នែកចិត្តសាស្ត្រសង្គម ទទួលបានភាពម្ចាស់ការ ស្របតាមស្ថានភាពរស់នៅប្រចាំថ្ងៃ។
ដើម្បីទទួលបានសេវាស្តារនីតិសម្បទា សមាជិក ប.ស.ស ត្រូវទំនាក់ទំនងមន្ត្រី ប.ស.ស នៅស្នាក់ការកណ្ដាល ឬ តាមសាខារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនៅជិត ដើម្បីទទួលបានព័ត៌មាន និងជួយសម្របសម្រួលដល់ការស្នើសុំ។

ការដាក់ពាក្យស្នើត្រូវភ្ជាប់មកជាមួយនូវប័ណ្ណសមាជិក ប.ស.ស និងឯកសារពាក់ព័ន្ធផ្សេងៗ ទៀត ក្នុងករណីចាំបាច់។ ការផ្តល់សេវាស្ដារនីតិសម្បទាត្រូវមានការប្រឹក្សា និងតម្រង់ទិស ពី ប.ស.ស ជាមុន និងមានភាពសមស្របនូវលក្ខខណ្ឌកាយសម្បទា សតិបញ្ញា កត្តាជំរុញ ឬ សមត្ថភាពដែលអាចជំរុញបាន ព្រមទាំងឆន្ទៈសហការជាមួយអ្នកផ្តល់សេវា។
គួរបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលមានភារកិច្ចគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គម អនុលោមតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម ដែលរួមមានផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ សម្រាប់បុគ្គលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្ដីពីការងារ ដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវអាកាស និងនាវាសមុទ្រ ព្រមទាំងអ្នកបម្រើក្នុងផ្ទះ និងបុគ្គលស្វ័យនិយោជន៍៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


