ព័ត៌មានជាតិ
លោក សេង ផល្លី ប្រាប់មន្ត្រីត្រូវស្វែងរកបញ្ហាប្រឈម ដើម្បីបង្កើតគំនិតថ្មីពេលធ្វើការ
នាយឧត្តមសេនីយ៍ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានណែនាំឱ្យអង្គភាពក្រោមចំណុះអគ្គនាយកដ្ឋាន ត្រូវខិតខំស្វែងរកចំណុចខ្លាំង និងចំណុចខ្សោយរបស់អង្គភាព ដោយផ្អែកលើការបំពេញការងារកន្លងមក ដើម្បីអភិវឌ្ឍន៍ខ្លួន និងបង្កើតគំនិតថ្មីៗថែមទៀត។

ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានបុគ្គលិកមន្ដ្រីនគរបាលជាតិ នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ លោកនាយឧត្តមសេនីយ៍ សេង ផល្លី បានលើកឡើងថា តាមរយៈការកំណែទម្រង់ ផ្លាស់ប្តូររចនាសម្ព័ន្ធ និងផ្លាស់ប្ដូរថ្នាក់ដឹកនាំរបស់នាយកដ្ឋាន គឺអង្គភាពត្រូវស្វែងរកចំណុចល្អ និងបញ្ហាប្រឈម ដោយផ្អែកលើការងារជំនាញកន្លងមកនេះ ក្នុងការអភិវឌ្ឍន៍ខ្លួន និងស្វែងរកគំនិតថ្មីៗ ដើម្បីធ្វើឱ្យនាយកដ្ឋានមួយនេះ មានភាពរីកចម្រើនបន្ថែមទៀត។ លោកនាយឧត្តមសេនីយ៍ បានបន្តថា ដើម្បីឱ្យនាយកដ្ឋានមួយទទួលបានជោគជ័យ និងរីកចម្រើនបាននោះ មន្ដ្រីទាំងអស់ត្រូវបន្ដរួបរួមសាមគ្គីគ្នា ឯកភាពផ្ទៃក្នុងនៅពេលបំពេញការងារ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជា សុផាត ប្រធាននាយកដ្ឋានបុគ្គលិកមន្ដ្រីនគរបាលជាតិ បានប្តេជ្ញានឹងធ្វើការវិភាគ សិក្សាឱ្យបានល្អិតល្អិននូវរចនាសម្ព័ន្ធ តួនាទី-ភារកិច្ចរបស់នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យកាន់តែមានលក្ខណៈវិទ្យាសាស្ត្រ មានដំណើរការរលូន ដោយមិនជាន់តួនាទីភារកិច្ចគ្នា ដើម្បីឱ្យដំណើរការនៃការបញ្ជាដឹកនាំ ប្រកបដោយប្រសិទ្ធភាព និងស្របតាមការវិវត្តនៃសភាពការណ៍រីកចម្រើនរបស់សង្គមជាតិ។
លោកប្រធាននាយកដ្ឋានរូបនេះ ក៏បានលើកឡើងនូវកាលវិភាគមុខងារគ្រប់នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ឱ្យបានត្រឹមត្រូវ ស្របតាមតម្រូវការនៃប្រតិបត្តិការជំនាញ ដើម្បីសំដៅពង្រឹងការងារក្នុងស្ថាប័ន និងលើកកម្ពស់ប្រសិទ្ធភាពការបំពេញការងារ។
ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាល បានសម្រេចបង្កើតឱ្យមានអគ្គនាយកដ្ឋានថ្មីមួយ ក្រោមចំណុះក្រសួងមហាផ្ទៃ គឺអគ្គនាយកដ្ឋានធនធានមនុស្ស ដើម្បីគ្រប់គ្រងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ ព្រមទាំងមន្ត្រីនៅតាមមូលដ្ឋាន។ អគ្គនាយកដ្ឋានធនធានមនុស្សនេះ ចែកចេញជានាយកដ្ឋានចំនួន៤ រួមមាន៖ នាយកដ្ឋានរដ្ឋបាលសរុប នាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ នាយកដ្ឋានបុគ្គលិកមន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ និងនាយកដ្ឋានគោលនយោបាយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ចិន បង្ហាញនូវវត្ថុបុរាណដ៏មានតម្លៃ ដែលភាគច្រើនជាវត្ថុបុរាណបានមកពីកំណាយផ្នូររាជវង្សហាន
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម