Connect with us

ព័ត៌មានជាតិ

កម្ពុជា-ឥណ្ឌា គ្រោងដាក់ឲ្យដំណើរការជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ នាចុងខែតុលានេះ

បានផុស

នៅ

នាចុងខែតុលា ឆ្នាំ ២០២៣នេះ កម្ពុជា-ឥណ្ឌា គ្រោងដាក់ឲ្យដំណើរការជើងហោះហើរត្រង់រវាងប្រទេសទាំងពីរ ដែលការណ៍នេះនឹងជំរុញឲ្យសក្តានុពល នៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ ដំណឹងនេះ ត្រូវបានផ្សព្វផ្សាយក្នុងខ្លឹមសារដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលបានសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯក​អគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានការស្វាគមន៍ចំពោះលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត និងសហ​ការី និងបានអរគុណចំពោះលិខិតអបអរសាទរ ក្នុងឱកាសនៃការចូលកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេច កាល​ពីខែសីហា ឆ្នាំ ២០២៣ ព្រមទាំងបានអរគុណលោកស្រីឯកអគ្គ​រដ្ឋទូត ដែលបានសម្របសម្រួល និងរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់ប្រទេសឥណ្ឌា កាលខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងតួនាទីជាមេបញ្ជាការកងទ័ពជើង​គោក នៃកងយោធពលខេមរភូមិន្ទ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា ដែលបានគាំទ្រដល់កម្ពុជា ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ រួមមាន៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វប្បធម៌ និងការ​ពារជាតិ ជាដើម។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្តីរំពឹងផងដែរថា ប្រទេសទាំងពីរ នឹងពង្រីកវិសាលភាពបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសលើការវិនិយោគ, សន្តិសុខអ៊ីនធឺណិត និងវិស័យដទៃទៀត ដែលជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរ ស្របពេលដែលបច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា កំពុងស្ថិតនៅលើគន្លងមាគ៌ា នៃការអភិវឌ្ឍ ដែលកំពុងរីកលូតលាស់ឥតឈប់ឈរ ។ 

ជាការឆ្លើយតប តាងនាមរដ្ឋាភិបាល និងប្រជាជនឥណ្ឌា លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ក៏បានចូលរួមអបអរសាទរ​ក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេររបស់ខ្មែរ” ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ទន្ទឹមគ្នានេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានលើកឡើង អំពីទំនាក់ទំនងជាលក្ខណៈប្រវត្តិ​សាស្ត្រ រវាងប្រទេសទាំងពីរ ជាពិសេសលើផ្នែកវប្បធម៌ និងប្រជាសាស្ត្រ ហើយបច្ចុប្បន្នក៏កំពុងមានការរីកចម្រើនលូតលាស់ លើគ្រប់វិស័យគួរឲ្យកត់សម្គាល់។

ជាក់ស្តែង នៅក្នុងវិស័យពាណិជ្ជកម្ម ប្រទេសទាំងពី រកំពុងចរចាលើកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្មទ្វេភាគីក្នុងពេលបច្ចុប្បន្ន ហើយទៅថ្ងៃអនាគត ក៏នឹងមានការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត។ នៅក្នុងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ប្រទេសទាំងពីរគ្រោង នឹងដាក់ឲ្យដំណើរការនូវជើងហោះហើរត្រង់កម្ពុជា-ឥណ្ឌា នាចុងខែតុលា ឆ្នាំ ២០២៣ខាងមុខ ដែលការណ៍នេះនឹងជំរុញឲ្យសក្តានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងទៀត កាន់តែមានសន្ទុះខ្លាំងក្លាឡើង ។

លើសពីនេះ ឥណ្ឌា ក៏គ្រោងនឹងពង្រីកវិសាលភាពលើវិស័យបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ដោយទ្បែកចំពោះវិស័យការពារជាតិវិញ ទំនាក់ទំនងរវាងកងទ័ពជើង​គោក នៃប្រទេសទាំងពីរ ក៏មានវឌ្ឍនភាពលូតលាស់គួរឲ្យកត់សម្គាល់ ដូចដែលស្តែងឡើងតាមរយៈការចុះអនុស្សារណៈ នៃការយោគយល់រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ និងការរៀបចំការហ្វឹកហ្វឺនរួមគ្នា ។

សម្តេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ក៏បានឯកភាពគ្នាក្នុងការពង្រីកវិសាលភាព នៃកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទៅដល់កងទ័ពជើងទឹក។ ជារួមលោកស្រីឯកអគ្គរដ្ឋទូត បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កាន់តែមានសន្ទុះខ្លាំងទ្បើង ហើយការផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-ឥណ្ឌា ក៏កាន់តែរឹងមាំ បន្ទាប់ពីព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី នៅកាន់ប្រទេសឥណ្ឌា នាពេលកន្លងមក។

ក្នុងឱកាសនោះផងដែរ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានគោរពអញ្ជើញសម្តេចធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឥណ្ឌា ជាថ្មីម្តងទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ ឲ្យកាន់តែស្និទ្ធស្នាល និងឋិតថេរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម