Connect with us

ព័ត៌មានជាតិ

នារីទេសចរសិង្ហបុរី ​មកលេងកម្ពុជាដំបូងចាប់អារម្មណ៍ពីលក្ខណៈពិសេសរបស់កម្ពុជា

បានផុស

នៅ

Anna Chew មានដើមកំណើតម៉ាឡេស៊ីកំពុងរស់នៅប្រទេសសិង្ហបុរីបានចាប់អារម្មណ៍នឹងអត្តសញ្ញាណ​ពិសេសប្លែករបស់ប្រទេសកម្ពុជា​​នៅ​ពេល​មកដើរកម្សាន្តនៅកម្ពុជាលើកដំបូង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​ស្ត្រី​រូប​នេះ​និយាយ​អ្វី​ខ្លះ​ពី​កម្ពុជា សូម​តាម​ដាន​​បទសម្ភាសពិសេស រវាងសារព័ត៌មានកម្ពុជាថ្មី និង Anna ដូច​ខាង​ក្រោម៖

សំណួរ: ជាដំបូង ខ្ញុំសូមឲ្យអ្នកនាងណែនាំខ្លួនឲ្យអ្នកទស្សនាបានស្គាល់ផង។
ANNA: ខ្ញុំឈ្មោះ Anna។ ខ្ញុំមកពីប្រទេសសិង្ហបុរី។ នេះជាលើកទី១ដែលខ្ញុំមក​ប្រទេសកម្ពុជា។ ពេលនេះ ខ្ញុំជាអ្នកទេសចរ តែខ្ញុំ​​ធ្វើ​ការ​ជា​អ្នក​បង្កើតមាតិការព័ត៌មាន។ ខ្ញុំ​មក​លេង​ទីក្រុងភ្នំពេញ ពី​ព្រោះ​​ខ្ញុំ​ចង់ស្វែងយល់ពីវប្បធម៌ប្រពៃណី លក្ខណៈ​ពិសេស​របស់កម្ពុជា អីចឹងហើយជម្រើសល្អ ខ្ញុំធ្វើដំណើរតែម្នាក់ឯង។

សំណួរ: តើអ្នកនាង​ចាប់​អារម្មណ៍​លើ​កម្ពុជា​យ៉ាង​ណា​ដែរ នៅ​ពេល​មក​ដល់​ដំបូង?
ANNA: ខ្ញុំស្រឡាញ់កម្ពុជា។ ពេលយន្តហោះកំពុង​ចុះ ខ្ញុំបានសម្លឹងមើលទៅក្រោម អូ! ពិតជាស្រស់ស្អាត មានពណ៌បៃតងគួរ​ឲ្យ​ចូល​ចិត្ត។ ពេលខ្ញុំដើរចេញពីយន្តហោះ ខ្ញុំបានជួបមនុស្សនៅអាកាសយានដ្ឋាន ពួកគាត់ជួយខ្ញុំ ណែនាំ មាន​រថយន្ត​ឈ្នួលទទួល។ ពេល​ធ្វើ​ដំណើរ ពួកគាត់​បាន​ជួយខ្ញុំ។ ពួកគាត់ចូលចិត្តទំនាក់ទំនងជាមួយខ្ញុំ ទោះជាអ្នកខ្លះមិនអាចនិយាយអង់គ្លេស។ អ្វីដែលពួកគាត់ធ្វើគឺមានអ្នកបកប្រែ​ជួយ​ទំនាក់ទំនងជាមួយខ្ញុំ។ ខ្ញុំពិតជាពេញចិត្តខ្លាំង។ ខ្ញុំរកឃើញថា ប្រជាជននៅទីនេះកក់ក្តៅ។ ពេលខ្ញុំទៅដល់សណ្ឋាគារ អ្វីដែលកើតឡើងគឺត្រូវ​ការ​ប្រើ​ប្រាក់រៀល។ អីចឹង ខ្ញុំបានរកគេឲ្យជួយដូរលុយ។ ពួកគាត់ជួយដូរលុយឲ្យខ្ញុំដោយមិនសួរនាំ។ ទាំងនេះជារឿងដ៏ល្អដែលខ្ញុំបានឃើញនៅកម្ពុជា។

សំណួរ: ប្រៀបធៀបជាមួយប្រទេសដទៃដែលអ្នកនាងធ្លាប់ទៅ តើអ្វីជាលក្ខណៈពិសេសអំពីកម្ពុជា?
ANNA: ខ្ញុំបានដើរច្រើនប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក។ កម្ពុជាលេចធ្លោជាងគេគឺប្រជាជនពោរពេញដោយភាពកក់ក្តៅ។ ខ្ញុំចូលចិត្តរបៀបរស់នៅរបស់កម្ពុជា។ នេះ​ជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកស្រុកដែលយល់ពីគ្នាក្នុងការរស់នៅ​គឺ​ពិតជាឲ្យចាប់អារម្មណ៍។

សំណួរ: មុនពេលមកកម្ពុជា តើអ្នកនាងធ្លាប់បានដឹងអ្វីខ្លះពីកម្ពុជា​ទេ?
ANNA: មានគេប្រាប់ខ្ញុំថា នៅតាមជនបទក្នុងប្រទេសកម្ពុជាស្រស់ស្អាតណាស់។ នោះមិន​ពាក់​ព័ន្ធ​នឹងពិភពខាងក្រៅ។ គេប្រាប់ពីរឿងរ៉ាវដែលបានកើតឡើង​ក្នុងប្រវត្តិសាស្ត្រ។ មានគេនិយាយថា ខ្ញុំប្រហែលជាចង់ទៅលេងវៀតណាមជាងកម្ពុជា ខ្ញុំនិយាយថា ហេតុអីមិនអាច។ ខ្ញុំចង់ស្គាល់តើអ្វីទៅជាកម្ពុជា? ខ្ញុំក៏បានសម្រេចចិត្ត និងចង់ឃើញផ្ទាល់ភ្នែក អីចឹងហើយបានជាខ្ញុំមក។

ខ្ញុំគិតថា កម្ពុជាជាប្រទេសដ៏ស្រស់ស្អាត។ សូមរក្សាឲ្យល្អបន្តទៀត ជាលក្ខណៈពិសេសផ្ទាល់ខ្លួន។ អីចឹងសូមកុំប្រែប្រួល។ អ្វីមួយដែលខ្ញុំចាប់អារម្មណ៍នោះគឺមានប្រជាជនវ័យក្មេងច្រើន។ នោះជារឿងដ៏ល្អបំផុតនៅក្នុងប្រទេសមួយ។ ពេលយើងមានមនុស្សវ័យក្មេង យើងបន្តអភិវឌ្ឍប្រទេសជាតិ អីចឹងការអភិវឌ្ឍប្រទេសមិនចាំបាច់មនុស្សចាស់ទេ។

មុនពេលខ្ញុំមកលេងកម្ពុជា មិត្តភក្តិរបស់ខ្ញុំនៅប្រទេសម៉ាឡេស៊ី មិត្តភក្តិនៅឥណ្ឌូណេស៊ី នៅវៀតណាម នៅហ្វីលីពីន ពួកគេបានប្រាប់ខ្ញុំថា កុំទៅលេងកម្ពុជា ពីព្រោះមានការជួញដូរមនុស្ស។ ព័ត៌មានបែបនេះបានសាយភាយខ្លាំង។ ខ្ញុំចង់និយាយថា រឿងនេះ ប្រហែលជាពីរបីខែមុន។ ខ្ញុំមិនដឹងថា ពិតឬយ៉ាងណាទេ តែមុនពេលខ្ញុំមក​ សូម្បី​ក្រុមគ្រួសារ​ក៏ប្រាប់ មិន​ឲ្យខ្ញុំ​មក​កម្ពុជាដែរ។

សំណួរ: បន្ទាប់ពីត្រឡប់ទៅវិញ តើអ្នកនាងប្រាប់ក្រុមគ្រួសារយ៉ាងណាអំពីកម្ពុជា?
ANNA: តាមពិតទៅកម្ពុជាជាកន្លែងដ៏អស្ចារ្យគួរតែមក។ ការជួញដូរមនុស្សមិនមែនជាការពិតទេ ហោចណាស់ក៏ខ្ញុំមកផ្ទាល់គឺគ្មានអ្វីគួរឲ្យបារម្ភ។ ខ្ញុំបានឃើញមនុស្សម្នា ពួកគាត់សប្បាយរីករាយ។ ខ្ញុំបានឃើញ​ប្រជា​ជន​ធ្វើការ ពួកគាត់ប្រឹងប្រែង​រក​ស៊ី​ដើម្បីជីវិតរស់នៅប្រចាំថ្ងៃ។

សំណួរ: ពេលស្ថិតនៅកម្ពុជា តើអ្នកនាងបានចាប់អារម្មណ៍ ឬឃើញអ្វីគួរឲ្យភ្ញាក់ផ្អើលទេ? តើអ្នកនាងមានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ ឬ ឃើញកន្លែងណាមួយដែលពិសេសប្លែកខុសពីប្រទេស​ផ្សេង​ដែលអ្នកនាងធ្លាប់ទៅមុនៗទេ?
ANNA: លក្ខណៈពិសេសបំផុតក្នុងប្រទេសនេះ​គឺខ្ញុំគិតថា ប្រវត្តិសាស្ត្រ។ វាលពិឃាតជាកន្លែងប្លែកជាងគេ សូម្បីទីក្រុងភ្នំពេញក៏ប្លែក។ កម្ពុជាមានកន្លែងដ៏ស្រស់ស្អាតបំផុតគឺប្រាសាទ​អង្គរវត្តនៅខេត្តសៀមរាប។ ទាំងនេះជាអ្វីដែលកម្ពុជា​មាន​លក្ខណៈ​ពិសេសប្លែកជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។

សំណួរ: មុនពេលមកកម្ពុជា អ្នកនាងបានដឹងអំពីរបបប្រល័យពូជសាសន៍ ពិតទេ? តើអ្នកនាងចង់ណែនាំមិត្តភក្តិឲ្យមកទីនេះដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រកម្ពុជា?
ANNA: ចាស៎! ដោយសារប្រវត្តិបានធ្វើឲ្យកម្ពុជាមានលក្ខណៈពិសេសប្លែក។ ប្រវត្តិសាស្ត្រប្រហែលជាមិនមែនជារឿងដ៏រុងរឿងបំផុតទេ ប៉ុន្តែប្រជាពលរដ្ឋដែលរួចផុតពីសោកនាដកម្មពី​សម័យ​នោះ​គឺពិតជាអស្ចារ្យណាស់។

សំណួរ: តើ​អ្នកនាងនឹងប្រាប់អ្នកផ្សេង ជាពិសេសប្រជាជនសិង្ហបុរី ឬម៉ាឡេស៊ី ឲ្យមកលេងនៅកម្ពុជាទេ?
ANNA: ពិតណាស់ ខ្ញុំនឹងប្រាប់ពួកគាត់ អាហារនៅទីនេះឆ្ងាញ់។ ខ្ញុំត្រូវតែនិយាយថា មកលេងកម្ពុជាដោយបើកចិត្តទូលាយ ស្វែងយល់ពីកម្ពុជា។ ខ្ញុំក៏ចង់និយាយថា កម្ពុជាកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័សក្នុងរយៈពេល២០ឆ្នាំចុងក្រោយ។ បើអ្នកមិនមកកម្ពុជាទេ អ្នកនឹងមិនបានឃើញភាពស្រស់ស្អាតរបស់កម្ពុជា​ឡើយ។

សំណួរ: តើ​ថ្ងៃ​ក្រោយ អ្នកនាងមានគម្រោងមកលេង​​កម្ពុជាទៀតទេ?

ANNA: ខ្ញុំបានប្រាប់មិត្តភក្តិរបស់ខ្ញុំរួចហើយ ខ្ញុំនឹងមកកម្ពុជាទៀត។ ខ្ញុំនឹងដូរលុយរៀលឲ្យបានច្រើនមុនពេលខ្ញុំមកទីនេះម្តងទៀត។ អូ! ខ្ញុំចង់និយាយថា សេវាម៉ាស្សានៅទីនេះល្អ។ ពិតជាងស្ចារ្យ។ មនុស្ស​​កាន់​តែ​ច្រើន​កំពុង​រស់នៅក្នុងពិភពលោកតែមួយ។ យើងនឿយហត់ពីការងារ ធុញថប់នឹងការងារប្រចាំថ្ងៃ អីចឹងមកលេងកម្ពុជា សម្រាកលំហែកាយ ទៅម៉ាស្សា ស្ប៉ា នឹងធ្វើឲ្យយើងធូរស្បើយ ស្រស់ស្រាយ។ គ្រប់ស្ប៉ានៅកម្ពុជា​ប្រកប​ដោយ​វិជ្ជាជីវៈ។ ពួកគេដឹងពីចំណុចដែលត្រូវចាប់សង្កត់។ ពួកគេដឹងពីផ្នែកដែលជាធម្មតាធ្វើឲ្យ​មាន​ការ​សម្រួល​ដល់​សាច់ដុំ។ ខ្ញុំចង់និយាយថា នៅទីនេះជាកន្លែងម៉ាស្សាដ៏ល្អ​។

សំណួរ: តើអ្នកនាងបានទទួលទាន​ម្ហូបខ្មែរខ្លះហើយឬនៅ?
ANNA: អូចាស៎! ខ្ញុំបានញាំអាម៉ុក និងឡុកឡាក់។ ខ្ញុំបានញាំគុយទាវនៅផ្សារទួលទំពួង។ ខ្ញុំចូលចិត្ត។ ខ្ញុំនឹងព្យាយាមញាំឲ្យបានច្រើនមុខទៀត។ ម្ហូបខ្មែរឆ្ងាញ់ ខ្ញុំចូលចិត្ត។

សំណួរ: និយាយអីចឹង តើអ្នកនាងបានទៅទស្សនាប្រាសាទអង្គរវត្តហើយឬនៅ?
ANNA: ខ្ញុំមិនទាន់បានទៅទេ តែខ្ញុំបានឃើញព័ត៌មានច្រើនអំពីប្រាសាទអង្គរវត្ត។ ដូច​ខ្ញុំ​ប្រាប់​ខាង​ដើម​អីចឹង មកលើកក្រោយខ្ញុំនឹងទៅសៀមរាប។

សំណួរ: ចុងក្រោយតើអ្នកនាងមានអ្វីចង់និយាយ ក្រៅពីអ្វីដែលខ្ញុំបានសួរ?
ANNA: ខ្ញុំចង់និយាយថា កម្ពុជាមានលក្ខណៈពិសេសផ្ទាល់ខ្លួន។ ជាអ្វីដែលប្រជាជនកម្ពុជាគួរមានមោទនភាព ដូចជាប្រពៃណី វប្បធម៌ ភាសាគឺពិតជាគួរឲ្យសរសើរ។ សូមកុំឲ្យពិភពខាងក្រៅមានឥទ្ធិពលលើ។ ខ្ញុំគិតថា អ្វីដែលកម្ពុជាមានគឺពិសេសប្លែក និងលេចធ្លោ។ គ្មានអ្វីដែលជំនួសបានឡើយ ហើយក៏មិនមាននរណា​ជំនួសបានដែរ។ សូមបន្តរក្សាប្រពៃណី​ឲ្យ​គង់។ ខ្ញុំបាន​ទៅ​ដល់ទីកន្លែងផ្សេងៗគ្នាជា​ច្រើន​ នៅប្រទេស​កំពុង​អភិវឌ្ឍ​ ខ្ញុំចាប់អារម្មណ៍ថា ពួកគេកំពុងចាប់ផ្តើមបាត់បង់អត្តសញ្ញាណផ្ទាល់ខ្លួន នៅពេលពួកគេបានក្លាយជាតំបន់​ទំនើប ស្តង់ដា និងចម្រុះ។ សូមរក្សាការពារអ្វីដែលអ្នកមាន៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម