Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះខេត្តកំពត​ប្រកាស​​​រៀបចំព្រឹត្តិការណ៍ប្រណាំងទូកធំជាងមុន ទាក់ទាញ​ទេសចរ​ឲ្យ​បាន​ច្រើន

បានផុស

នៅ

កាលពី​ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៣ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៥៣ របស់ក្រុមប្រឹក្សាខេត្តកំពតនៅសាលសន្និសីទ​បូកគោ ដោយ​​សម្រេចយកថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដើម្បីប្រារព្ធពិធីប្រណាំងទូក (ង) ខ្នាតប្រពៃណី ដែល​ធ្វើឡើងនៅតាមបណ្ដោយឆ្នេរព្រែកកំពង់​បាយនៅមុខសាលា​ខេត្តចាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការរំពឹងទុកការប្រណាំងទូកឆ្នាំនេះនឹង​មានភ្ញៀវទេសចរមកកម្សាន្តច្រើន ព្រោះនឹងធ្វើឡើងធំជាងមុន​ហើយពលរដ្ឋនឹង​ទទួលបានប្រាក់ចំណូលច្រើនពីព្រឹត្តិការណ៍នេះ។

លោក​អភិបាលខេត្តកំពតបានបញ្ជាក់ថា សម្រាប់​ឆ្នាំនេះត្រូវធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍​នៃការប្រណាំងទូក​ឱ្យមានភាពទាក់ទាញនិងធំជាងមុន ដើម្បីស្រូបទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងខេត្តកាន់តែច្រើនបន្ថែមទៀត។

បើតាមលោកអភិបាល​ខេត្ត ការបង្កើតឱ្យមានព្រឹត្តិការណ៍ធំៗនិងកម្សាន្តសប្បាយឱ្យបានច្រើនគឺក្នុងគោល​បំណងដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ពលរដ្ឋក្នុងខេត្តទាំងអស់ ដែលប្រកបអាជីវកម្មលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗក្នុងខេត្ត ព្រោះបើកាលណាខេត្តមានភ្ញៀវទេសចរមកសម្រាកកម្សាន្តច្រើន នោះចំណូលនឹងបានទៅដល់ដៃពលរដ្ឋ។

ខេត្តកំពតបានធ្វើការប្រណាំងទូកចំនួន ២ លើករួចមកហើយនៅក្នុងឆ្នាំ២០២២កន្លងទៅ ដោយលើកទី១ គឺប្រណាំងទូក​ង​ខ្នាតប្រពៃណី និងលើកទី២ ប្រណាំងទូកនេសាទ។ ហើយសម្រាប់ឆ្នាំនេះ ខេត្តកំពតគឺធ្វើការប្រណាំងទូកងខា្នតប្រពៃណី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលមានរយៈពេល២ថ្ងៃ ក្នុងព្រឹត្តិការណ៍នេះដែរក៏មានការប្រគុំតន្ត្រី ការបាញ់កាំជ្រួច និងការតាំងពិពរណ៌ភូមិមួយផលិតផលមួយផងដែរ។

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម