Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ដាក់ឱ្យដំណើរការគោលការណ៍ណែនាំស្តីពីក្របខណ្ឌសាលារៀនសុវត្ថិភាព

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា ដោយមានការសហការជាមួយ អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការមូលនិធិសិទ្ធិកុមារ នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិដើម្បីដាក់ឱ្យដំណើរការជាផ្លូវការនូវក្របខណ្ឌសាលារៀនសុវត្ថិភាពនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារ សុខា។ សិក្ខាសាលានេះ នឹងចូលរួមជាគណៈអធិបតីដោយ លោក​បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពីភ្ញៀវជាង១០០ នាក់ ដែលមកពីក្រសួងអប់រំ យុវជន និងកីឡា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ មន្ទីរអប់រំខេត្តទាំង២៥ ក្រុងនិងខេត្ត ការិយាល័យអប់រំស្រុក បណ្តាញអង្គការមិនមែនរដ្ឋាភិបាលក និងសមាជិកក្រុមការងាររបស់ JAG។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះ មានគោលបំណងចែករំលែកពីគោលការណ៍ណែនាំស្តីពីក្របខណ្ឌសុវត្ថិភាពសាលារៀនទៅដល់អ្នកពាក់ព័ន្ធសំខាន់ៗ រួមមាននាយកដ្ឋានពាក់ព័ន្ធនៃក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំខេត្ត។ បន្ថែមពីលើនេះ សិក្ខាសាលានេះ ក៏មានបំណងពង្រឹងការសហការរវាងក្រសួងអប់រំ មន្ទីរអប់រំខេត្ត ការិយាល័យអប់រំស្រុក និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកវិសាលភាពនៃការអនុវត្តគោលការណ៍ណែនាំនេះទៅដល់ស្ថាប័នអប់រំនៅក្នុងប្រទេសកម្ពុជា។

តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុនព្រូដិនសល ដើរតួនាទីយ៉ាងសកម្មក្នុងការផ្តល់ឥទ្ធិពលជាវិជ្ជមានដល់ជីវិតរបស់កុមារកម្ពុជាតាមរយៈការធានាសុវត្ថិភាពរបស់ពួកគេ និងធ្វើឱ្យពួកគេរីកចម្រើនក្នុងបរិយាកាសអប់រំប្រកបដោយសុវត្ថិភាព។ ក្នុងនោះ ដោយអនុវត្តគោលការណ៍ណែនាំស្តីពីសុវត្ថិភាពសាលារៀននៅក្នុងសាលារៀន គោលបំណងគឺលើកទឹកចិត្តដល់គ្រូបង្រៀន ឪពុកម្តាយ និងសមាជិកសហគមន៍ក្នុងការយកចិត្តទុកដាក់ និងផ្តោតរួមទៅលើសុខុមាលភាពរបស់កុមារ និងការពារហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាន។ បន្ថែមនោះ ដោយមានការគាំទ្រមូលនិធិពីមូលនិធិព្រូដិនស៍ តាមរយៈអង្គការភ្លែនអន្តរជាតិហុងកុង អង្គការភ្លែនអន្តរជាតិកម្ពុជា បានអនុវត្តគម្រោង“លើកកម្ពស់គំនិតផ្តួចផ្តើមសុវត្ថិភាពសាលារៀននៅក្នុងប្រទេសកម្ពុជា” តាំងពីឆ្នាំ២០១៦ ក្នុងគោលបំណងជួយគាំទ្រដល់កុមាររស់នៅក្នុងសហគមន៍ដែលងាយរងគ្រោះនៅប្រទេសកម្ពុជា ឱ្យស៊ាំទៅនឹងគ្រោះមហន្តរាយ និងមានបរិយាកាសរៀនសូត្រប្រកបដោយសុវត្ថិភាព តាមរយៈការគាំទ្រពីរដ្ឋាភិបាល។

លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា គម្រោងនេះកំពុងពង្រឹងនិរន្តរភាពនៃកម្មវិធីសុវត្ថិភាពសាលារៀន នៅក្នុងសាលាគោលដៅចំនួន​ ៩៦ តាមរយៈបង្កើនភាពជាម្ចាស់ការ និងគាំទ្រពីរដ្ឋាភិបាល ជាពិសេស មន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋាន។ គម្រោងនេះ នឹងរួមចំណែកក្នុងការសម្រេចឱ្យបានគោលដៅយុទ្ធសាស្ត្រកម្មវិធីរៀនពេញមួយជីវិតរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលមានគោលបំណងជួយដល់ក្មេងស្រីជំទង់ ស្ត្រីវ័យក្មេងអាចទទួលបានការអប់រំប្រកបដោយគុណភាព និងអភិវឌ្ឍន៍ជំនាញជួយការរៀនសូត្រពេញមួយជីវិត និងការងារសមរម្យ។ លោកបន្ថែមទៀតថា គម្រោងនេះក៏ចូលរួមចំណែកក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ ដែលមានគោលបំណងធានាការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌ និងលើកកម្ពស់កាលានុវត្តភាពសិក្សាពេញមួយជីវិតសម្រាប់ប្រជាជនគ្រប់រូប។

លោក គឹមថាន បានពន្យល់ថា “យើងទទួលបានមូលនិធិពីមូលនិធិព្រូដិនស៍ដើម្បីអនុវត្តគម្រោងគំនិតផ្តួចផ្តើមសុវត្ថិភាពសាលានៅក្នុងប្រទេសកម្ពុជា វគ្គ៣ ដែលធ្វើការបន្តលើសមិទ្ធិផលពីវគ្គទី១ និងទី២ និងដាក់ចេញនូវគំរូបរិបទ និងប្រសិទ្ធិភាពសម្រាប់សុវត្ថិភាពសាលាពីសាលាគោលដៅចំនួន៦០សាលា ក្នុងខេត្តស្ទឹងត្រែង ដល់សាលាថ្មីចំនួន ៣៦ទៀត នៅក្នុងខេត្តសៀមរាប និងរតនគិរី។ គម្រោងនេះ នឹងដោះស្រាយជាយុទ្ធសាស្ត្រទៅលើចន្លោះប្រហោង និងភាពប្រឈមសំខាន់ៗ ដែលកើតឡើងនៅក្នុងការអនុវត្តនៅវគ្គមុនៗ”។

លោក គឹមថាន បានបន្តទៀតថា កុមារ គឺងាយរងគ្រោះបំផុតនៅក្នុងគ្រោះមហន្តរាយ។ នៅក្នុងគ្រោះមហន្តរាយ កុមារមិនអាចទៅសាលារៀន ហើយសម្ភារៈសិក្សារបស់ពួកគេត្រូវបានខូតខាតជារៀងរាល់ឆ្នាំ។ ជាមួយគម្រោងនេះ អង្គការភ្លែនអន្តរជាតិកម្ពុជា និងអង្គការមូលនិធិសិទ្ធិកុមារ បានធ្វើការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាស្តីពីការបន្សុំាទៅនឹងបំរែបំរួលអាកាសធាតុ និងការកាត់បន្ថយគ្រោះមហន្តរាយ និងសៀវភៅគ្រូសម្រាប់ការអប់រំសម្រាប់កម្រិតបឋមសិក្សា និងគាំទ្រក្នុងការធ្វើបច្ចុប្បន្នភាពការណែនាំសុវត្ថិភាពសាលារៀនថ្នាក់ជាតិ ដែលស្របជាមួយនឹងក្របខណ្ឌសុវត្ថិភាពសាលា ឆ្នាំ២០២២-២០២៣។

លោក គឹមថាន លើកឡើងបន្ថែមថា “ការអនុវត្តគោលការណ៍ណែនាំស្តីពីក្របខណ្ឌសុវត្ថិភាពសាលា នឹងជួយគាំទ្រ និងលើកទឹកចិត្តអ្នកពាក់ព័ន្ធសំខាន់ៗ ក្នុងការជួយដល់សុវត្ថិភាពនិងកិច្ចការពារកុមារ។” គោលការណ៍ណែនាំនេះ គឺបានអនុម័ត និងកំពុងអនុវត្តដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដោះស្រាយគ្រោះមហន្តរាយដែលកើតឡើង និងរួមផ្សំក្នុងវិស័យអប់រំ។ ជាមួយគ្នានេះ ឯកសារមួយនេះ មានគោលបំណងសំខាន់ៗចំនួន ៣ ៖ ទី១.ការពារអ្នកសិក្សា អ្នកអប់រំ និងបុគ្គលិកពីការស្លាប់ របួស អំពើហិង្សា និងប៉ះពាល់ដល់សាលារៀននិងកន្លែងសិក្សាផ្សេងទៀត។ ទី២.រៀបចំផែនការសម្រាប់ការអប់រំ ដើម្បីការការពារជាបន្តបន្ទាប់ និងការបន្ថយការរំខានផ្សេងៗដល់ការសិក្សារបស់កុមារ ក្នុងគោលដៅរៀនសម្របខ្លួនទៅនឹងភាណតក់ស្លុត ភាពតានតឹង មុខសញ្ញាគ្រោះថ្នាក់ និងការគំរាមកំហែងគ្រប់ប្រភេទ។ ទី៣.លើកកម្ពស់ចំណេះដឹង និងជំនាញរបស់សិស្ស និងអ្នកកាន់កាតព្វកិច្ច រួមចំណែកដល់ការកាត់បន្ថយហានិភ័យ ការកសាងភាពធន់ និងការអភិវឌ្ឍដោយចេរិ៍ភាព។

លោក គឹមថាន បន្តថា “យើងសង្ឃឹមថា តាមរយៈគោលការណ៍ណែនាំនេះ សិស្សនឹងរៀនដោយមិនមានភាពភ័យខ្លាច នៅក្នុងកន្លែងដែលមានសុវត្ថិភាព និងប្រកបដោយគុណភាព ដូច្នេះ ពួកគេអាចសម្រេចបាននូវក្តីសុបិន្តរបស់ពួកគេបាន”។ ប្រកាន់ខ្ជាប់នូវគោលការណ៍ ESG (បរិស្ថាន សង្គមអភិបាលកិច្ច) ក្រុមហ៊ុនព្រូដិនសល មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកាត់បន្ថយ ការបញ្ចេញឧស្ម័នក្នុងបរិយាកាស(environmental footprint) និងគាំទ្រគំនិតផ្ដួចផ្ដើមដែលលើកកម្ពស់ការអភិរក្សបរិស្ថាន និងភាពធន់។ ការសហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ស្តីពីការឧបត្ថម្ភលើគម្រោងសាលាសុវត្ថិភាព ដើរតួយ៉ាងសំខាន់ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនព្រូដិនសល ក្នុងការបង្កើតនូវផលវិជ្ជមាន និងជំរុញឱ្យសាលារៀនកាន់តែមានសុវត្ថិភាពដល់កុមារកម្ពុជា។

ជាមួយគ្នានេះ លោក Chee Weng Yip អគ្គនាយកផ្នែកលក់ និងចែកចាយ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានមានប្រសាន៍ថា “ការប្រែប្រួលអាកាសធាតុ គួរតែជាកង្វល់ដ៏ធំមួយសម្រាប់មនុស្សគ្រប់គ្នា មិនថាពួកគេមកពីឧស្សាហកម្ម ឬ វិស័យណាក៏ដោយ។ ការកើនឡើងនៃការបំផ្លិចបំផ្លាញ បង្កឡើងដោយឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ គឺជារឿងទុក្ខកង្វល់មួយ ជាពិសេសនៅពេលកុមារគឺជាជនរងគ្រោះ។ ដូច្នេះយើងមានមោទនភាពយ៉ាងខ្លាំងចំពោះកិច្ចសហការដៃគូជាមួយអង្គការ Plan International Cambodia ដើម្បីអនុវត្តគម្រោងសាលាសុវត្ថិភាព ដែលដើរទន្ទឹមគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងបេសកកម្មរបស់ពួកយើង។ ការធានានូវសុវត្ថិភាព និងការការពារកុមារ នៅក្នុងសហគមន៍ដែលងាយរងគ្រោះ គឺមានសារៈសំខាន់បំផុតចំពោះពួកយើង។ តាមរយៈការលើកស្ទួយក្នុងវិស័យអប់រំ និងលើកកម្ពស់ភាពរឹងមាំក្នុងការប្រឈមមុខជាមួយនឹង គ្រោះមហន្តរាយ។ គោលដៅសំខាន់បំផុតរបស់យើង គឺដើម្បីបង្កើតអនាគតប្រកបដោយចីរភាពមួយ ដែលកុមារគ្រប់រូបអាចលូតលាស់រីកចម្រើន និងបំពេញបាននូវសក្តានុពលរបស់ពួកគេ៕

អត្ថបទ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម