ព័ត៌មានជាតិ
តំណាងកម្ពុជានៅ UN ទទូចឱ្យដោះលែងជនស៊ីវិល ជាចំណាប់ខ្មាំងក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន
នៅក្នុងកិច្ចប្រជុំពិសេសបន្ទាន់ លើកទី១០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លោកស្រី អ៊ាត សោភា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាតិ បានអំពាវនាវឱ្យបញ្ឈប់ការចោទដាក់គ្នាក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន។ លោកស្រី តំណាងអចិន្ត្រៃយ៍កម្ពុជា បានទទូចឱ្យមានការដោះលែងជនស៊ីវិល ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង។

តាមរយៈសេចក្ដីថ្លែងការណ៍ក្នុងកិច្ចប្រជុំពិសេសបន្ទាន់របស់មហាសន្និបាត UN នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ស្តីពីជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន លោកស្រី អ៊ាត សោភា ថ្លែងថា ជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន គឺជាបញ្ហាដ៏ស្មុគស្មាញ និងផុយស្រួយបំផុត ហើយជាគោលជំហរលើបញ្ហានេះ គឺកម្ពុជាមិនចូលរួមក្នុងសេចក្ដីថ្លែងការណ៍ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ។ តែយ៉ាងណា កម្ពុជា ថ្កោលទោសរាល់អំពើភេរវកម្ម និងអំពើហឹង្សាលើជនស៊ីវិលស្លូតត្រង់ ដោយមិនគិតពីពូជសាសន៍ វប្បធម៌ ឬសាសនាអ្វីឡើយ។ លោកស្រី បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សា និងការបាត់បង់ជីវិតមនុស្សស្លូតត្រង់ ស្ត្រី កុមារ ទារក និងចាស់ជរា នៅលើទឹកដីនៃជម្លោះបច្ចុប្បន្ន។
លោកស្រី អ៊ាត សោភា បានគូសបញ្ជាក់ថា សង្គ្រាម មិនអាចបញ្ចប់សង្គ្រាម និងមិនអាចនាំមកនូវសន្តិភាពយូរអង្វែង ក៏ដូចជាការរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមបានទេ ហើយស្ថិតក្នុងបរិបទនេះ មានតែការដោះស្រាយឫសគល់នៃបញ្ហាជម្លោះប៉ុណ្ណោះ ជាកិច្ចការសំខាន់ជាងអ្វីៗទាំងអស់។

នៅចំពោះមុខប្រធានមហាសន្និបាត UN និងតំណាងបណ្ដាប្រទេសជាច្រើន តំណាងអចិន្ត្រៃយ៍កម្ពុជារូបនេះ បានជំរុញ ឱ្យគ្រប់ភាគីទាំងអស់អនុវត្តការអត់ធ្មត់ គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ហើយខិតខំសម្រេចឱ្យបាននូវបទឈប់បាញ់ ជាពិសេសកម្ពុជា នៅតែជំរុញឱ្យមានការដោះលែងជនស៊ីវិលទាំងអស់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង។ ទន្ទឹមនេះដែរ កម្ពុជា អំពាវនាវឱ្យភាគីទាំងអស់ចៀសវាងការវាយប្រហារតម្រង់ទៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ព្រមទាំងអនុញ្ញាតសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌។
ពីទីក្រុងញូយ៉ក លោកស្រី អ៊ាត សោភា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាតិ ក៏បានអំពាវនាវបន្ថែមទៀតដល់គ្រប់ភាគីបញ្ឈប់ការចង្អុលដៃចោទដាក់គ្នា ដោយផ្តល់ឱកាសឱ្យសន្តិភាព ហើយអនុញ្ញាតឱ្យមានសេចក្តីស្រលាញ់ចំពោះមនុស្សជាតិទាំងអស់នៅលើភពផែនដី ដោយគ្មានការប្រកាន់ពូជសាសន៍ និងជំនឿ។ លើសពីនេះ ផ្តល់អំណាចដល់កម្លាំងនៃស្មារតីដើរផ្លូវកណ្តាលមិននិយមជ្រុល ដើម្បីអនុញ្ញាតឱ្យប្រជាជនអ៊ីស្រាអែល និងប៉ាឡេស្ទីនរស់នៅក្បែរខាងគ្នាក្នុងសន្តិភាព សន្តិសុខ និងភាពសុខដុមរមនាជានិរន្តរ៍៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


