ព័ត៌មានជាតិ
ប្រមុខការពារជាតិ ស្នើការគាំទ្រពីដៃគូអន្តរជាតិ ដើម្បីសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥
ពីវេទិកានាទីក្រុងប៉េកាំង នៅថ្ងៃទី៣០ ខែតុលានេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខកាពារជាតិកម្ពុជា បានស្នើសុំដៃគូអន្តរជាតិ និងបណ្ដាប្រទេសជាមិត្ត បន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដល់កម្ពុជា ដើម្បីចូលរួមសម្រេចឱ្យបាននូវគោលដៅក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥។

ថ្លែងក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃវេទិកាសៀងសាន លើកទី១០ នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃនេះ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងដូច្នេះថា៖ «ដោយសាររាជរដ្ឋាភិបាលកម្ពុជាមានគោលបំណងក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០២៥ យើងអំពាវនាវឱ្យមានការបន្តគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស»។ ក្នុងនោះ លោកនាយឧត្តមសេនីយ៍ ក៏បានជំរុញឱ្យមានការចូលរួមកាន់តែច្រើនពីសហគមន៍អន្តរជាតិ ជាពិសេសប្រទេសមហាអំណាច ដើម្បីលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដែលជាសសរស្តម្ភលាក់មុខ ហើយបានគំរាមកំហែងដល់សន្តិសុខមនុស្ស បើទោះបីជាការបញ្ចប់ជម្លោះប្រដាប់អាវុធក៏ដោយ។
បើតាមលោក ទៀ សីហា ក្នុងនាមជាប្រទេសចូលរួមចំណែកបញ្ជូនកងទ័ពក្នុងប្រតិបត្តិការរក្សាសន្តិភាព កម្ពុជា នៅតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រតិបត្តិការរក្សាសន្តិភាព ដែលជាសក្ខីភាពនៃការយកចិត្តទុកដាក់របស់កម្ពុជាចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពអន្តរជាតិ ដែលជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់នូវការសន្យារបស់កម្ពុជា បន្តដាក់ពង្រាយកងរក្សាសន្តិភាពបន្ថែមទៀតទៅកាន់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដើម្បីឆ្លើយតបទៅនឹងសំណើរបស់អង្គការសហប្រជាជាតិ។

ក្នុងនាមក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា ជាមួយប្រជាជាតិទាំងអស់ តាមរយៈក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពពិភពលោក។
គួរជម្រាបថា កម្ពុជា បានឆ្លងកាត់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃជាច្រើនទស្សវត្ស៍ ដែលបានបន្សល់សល់ទុកនូវគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននៅពាសពេញផ្ទៃប្រទេសកម្ពុជា។ ប៉ុន្តែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងដោះមីន និងគ្រាប់មិនទាន់ផ្ទុះជាបន្តបន្ទាប់ រហូតទទួលបានលទ្ធផលគួរជាទីមោទន។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី៣០ ខែតុលានេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តទី១៣ គ្មានមីន ខណៈរាជរដ្ឋាភិបាល ប្ដេជ្ញាខិតខំដោះមីនឱ្យអស់នៅតាមបណ្ដាខេត្តចំនួន១២ ផ្សេងទៀត ដើម្បីសម្រេចឱ្យបានគោលដៅកម្ពុជាគ្មានមីននៅក្នុងឆ្នាំ២០២៥៕

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


