Connect with us

ព័ត៌មានជាតិ

បណ្តាញ​ផ្លូវ​ជាតិ​ធំៗ ១៣ ខ្សែ​ ចាយទុន​រយលាន​ដុល្លារ កំពុង​សាងសង់​គ្រោង​​បញ្ចប់​ប៉ុន្មាន​ឆ្នាំទៀតនេះ

បានផុស

នៅ

ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ ជា​កិច្ចការអាទិភាព​មួយ​របស់​រដ្ឋាភិបាលកម្ពុជា​។ បណ្តាញ​ផ្លូវគមនាគមន៍​ធំៗ​ត្រូវ​បាន​​​ស្តារ​ពង្រីកជា​បន្តបន្ទាប់​យ៉ាងប្រទាក់ក្រឡា។ បច្ចុប្បន្នមានបណ្តាញ​ផ្លូវជាតិ​សំខាន់​ៗ​ជាច្រើន​ខ្សែ​កំពុង​តែ​ដំណើរការ​សាងសង់​ចាយទុនវិនិយោគ​រយលាន​ដុល្លារ​​ ហើយ​គ្រោង​រួចរាល់នៅ​ពេលដ៏ខ្លី​ខាង​មុខនេះ។

ផ្លូវ​ជាតិ​លេខ ១០

ផ្លូវជាតិលេខ ១០ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី។ ផ្លូវនេះ​បច្ចុប្បន្នសាងសង់​សម្រេច​បានជាង ៥០ ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវជាតិលេខ ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពលរបស់កម្ពុជាដែល​តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង​មានប្រវែង​ជាង ១៩៧ គីឡូម៉ែត្រ។ តាមរយៈ​កំណាត់ផ្លូវ​នេះ​ អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស រួមចំណែកក្នុងការលើកកម្ពស់ការ​ធ្វើ​ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍បានឆាប់រហ័សនិងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

ការ​ស្ថាបនា​ផ្លូវនេះ​មានការសាងសង់ស្ពានចំនួន ២៣ កន្លែង ប្រវែង ១ ៧២១,៤៦ ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់ជាង ៧៥ ម៉ែត្រ។

ផ្លូវជាតិលេខ ៧១ សេ

ផ្លូវជាតិលេខ ៧១ សេ ​ពី​ស្រុក​ចំការលើ​​ឆ្លង​កាត់​ស្ពាន​ស្ទឹងត្រង់​ក្រូចឆ្មារ​ចាក់ទៅ​ដល់​តំបន់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ វឌ្ឍនភាព​​សាងសង់​មក​ដល់​ពេលនេះ​សម្រេច​បាន​ជាង ៧០ ភាគរយ។

ផ្លូវជាតិលេខ ៧១C ដែល​មានប្រវែងសរុប ១១៤,៩៩២ គីឡូម៉ែត្រ បាន​ចាប់ផ្តើម​សាងសង់​កាលពីថ្ងៃទី២១ ខែ​មេសា ឆ្នាំ២០២១ ចាប់ពីគីឡូម៉ែត្រលេខ ១៥៤+៧០០ ផ្លូវជាតិលេខ ៧ ស្ថិត​ក្នុងឃុំស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​បញ្ចប់​នៅគីឡូម៉ែត្រលេខ ៣០+៤០០ ផ្លូវជាតិលេខ ​៧១ ស្ថិតក្នុង​ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម។

គម្រោងផ្លូវនេះមាន​ការ​សាងសង់​ផ្លូវមេប្រវែង ៩២,៤៤៦ គ.ម ទទឹងផ្លូវ ១១ ម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) កម្រាស់​ ៧ សង់ទីម៉ែត្រ មាន​កន្លែង​សម្រាប់​បត់ត្រឡប់​ ២ កន្លែង (U-Turn) ផ្លូវតភ្ជាប់មានប្រវែង ១៥,៨២១ គ.ម ទទឹងផ្លូវ ១១ ម៉ែត្រ ក្រាលកៅស៊ូបេតុង (AC) កម្រាស់ ៧ សង់ទីម៉ែត្រ ផ្លូវខ្នែងចំនួន ៩ ខ្សែ ប្រវែង ៦,៣៥៣ គ.ម ទទឹង​តួផ្លូវ ៩ ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ស្តើង (DBST) ស្ពានចំនួន ១១ កន្លែង ប្រវែង ៨៧៥ មែត្រ និងដាក់លូគ្រប់ប្រភេទចំនួន​២០២ កន្លែង។

ផ្លូវ​នេះ​គ្រោង​ប្រើប្រាស់រយៈពេលសាងសង់ ៤២ ខែ ដោយ​ចំណាយថវិកាប្រមាណ ១២៩,៩៨ លានដុល្លារអាមេរិក។

ផ្លូវជាតិ​លេខ ៤៨

គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ពីចំណុចចំការហ្លួង​ត្រង់បំបែក​ផ្លូវជាតិលេខ ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បច្ចុប្បន្នសម្រេចការសាងសង់បានប្រមាណ ៣២%។

បើតាមលោក ស៊ុន ចាន់ថុល អតីត​រដ្ឋមន្រ្តីក្រសួង​សាធារណការនិង​ដឹកជញ្ជូន​ក្នុងពេល​ចុះពិនិត្យការដ្ឋាន​សាងសង់ផ្លូវជាតិលេខ ៤៨ កាលពី​ថ្ងៃទី ២៣ កុម្ភៈ ២០២៣​ បាន​គូស​បញ្ជាក់ថា ការ​ស្ថាបនា​ផ្លូវ​នេះ​មានភាពយឺតយ៉ាវជាងផែនការបន្តិច ពីព្រោះតែមានបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាអាកាសធាតុ បញ្ហាការរាល​ដាល​នៃជម្ងឺកូវីដ-១៩ ការចល័តគ្រឿងចក្រមកសាងសង់យឺត និងបំរែបំរួលប្រភេទការងារក្នុងកិច្ចសន្យា (Variation Orders) ជាដើម។

ផ្លូវជាតិលេខ ៤៨ ដែល​មានប្រវែងសរុប ១៤៨ គីឡូម៉ែត្រ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ហើយ​តាម​ផែនការ​គ្រោង​ចំណាយរយៈពេលសាងសង់ចំនួន ៣២ ខែ។ ផ្លូវនេះ​សាងសង់​ជាប្រភេទផ្លូវបេតុងកៅស៊ូ ​(AC) កម្រាស់ ០៧ ស.ម និងប្រភេទបេតុងសរសៃ​ដែកត្រង់ផ្លូវប្រសព្វដែលមានកម្រាស់ ២៥ស.ម ក្រោមទំហំទឹកប្រាក់ប្រមាណ​ជាង ៧៨ លានដុល្លារអាមេរិក។

ផ្លូវជាតិ​លេខ ៧

ផ្លូវជាតិលេខ ៧ ចាប់ពីររង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម​​បាន​បើក​ការដ្ឋាន​ស្តារ​និង​ពង្រីក​កាលពី​ថ្ងៃ ០៩ មករា ២០២៣ ដែល​​ចាយ​ថវិកាសាងសង់​​ប្រមាណ​ ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល​ចិន​។

កំណាត់​ផ្លូវជាតិលេខ ៧ ដែល​មានប្រវែងប្រមាណ ៤៥,៤៨ គីឡូម៉ែត្រ ការ​ស្ថាបនា​ត្រូវ​ពង្រីកទទឹងតួផ្លូវពី ២ គន្លង ទៅ ៤ គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។

គម្រោង​ផ្លូវ​នេះមានការ​សាងសង់ស្ពានថ្មី ១ កន្លែង ប្រវែង ៤០ម៉ែត្រ ទទឹង ២៤ ម៉ែត្រ និងស្ពានថ្មីចំនួន ៦ កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ ម៉ែត្រ ទទឹង ១២ម៉ែត្រ និង​ពង្រីកបន្ថែមលើស្ពានចាស់ដែលមានស្រាប់ចំនួន ១ កន្លែង ទទឹង ១០,៥ម៉ែត្រ។

ផ្លូវមួយខ្សែនេះស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩​សង់ទីម៉ែត្រ ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។

ផ្លូវ​ជាតិ​លេខ៤១

ផ្លូវជាតិលេខ ៤១ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ថ្នល់ទទឹង (ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល) រហូតដល់ផ្លូវជាតិលេខ ៣ ក្នុងស្រុកជុំគិរី ខេត្តកំពត។ ផ្លូវជាតិមួយខ្សែនេះ បានសាងសង់រួចម្តងមកហើយកាលពីឆ្នាំ២០១១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរប្រទាប់ (DBST) មានទទឹងតួផ្លូវពី ៧ម៉ែត្រ ដល់ ១១ម៉ែត្រ។ ជាទូទៅប្រភេទផ្លូវនេះ មានអាយុកាលជាមធ្យមពី ០៥ឆ្នាំ ទៅ ០៨ឆ្នាំ ប្រសិនបើមានការថែទាំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។

ការ​ស្តារឡើង​វិញ​​​ផ្លូវជាតិលេខ ៤១ ដែល​មាន​ប្រវែងសរុបជាង ៩៥ គីឡូម៉ែត្រ ត្រូវ​លើក​កម្រិតគុណភាពជាប្រភេទផ្លូវក្រាល​បេតុងកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ ម៉ែត្រ តាមស្ដង់ដារចិនកម្រិត ២។

ការ​ស្ថាបនា​ផ្លូវ​ជាតិ​លេខ ៤១ គ្រោង​បញ្ចប់នៅអំឡុងឆ្នាំ២០២៦ ដោយ​ចំណាយ​ថវិកាសរុបប្រមាណជាង ៦៧ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

ផ្លូវ​ជាតិ​លេខ ៤

តាម​ផែនការ​ដែលបានគ្រោង​ទុក​ ផ្លូវប្រវែង ១៧០ គីឡូម៉ែត្រ​​នៃគម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិលេខ ៤ ប្រវែង ១៩៦ គីឡូម៉ែត្រ នឹងបញ្ចប់​នៅដំណាច់​ឆ្នាំ​២០២៣ ចំណែក​ផ្លូវសល់ប្រវែង ២៦ គីឡូម៉ែត្រ​ទៀត​គ្រោងបញ្ចប់​នៅឆ្នាំ​២០២៤​។

ពីដើមឡើយផ្លូវជាតិលេខ៤ មានទទឹងតួផ្លូវតែ ៧ ម៉ែត្រប៉ុណ្ណោះ ហើយការ​ស្តារ​ឡើង​វិញ​នឹង​លើកកម្រិតគុណភាពពង្រីកទទឹងតួផ្លូវរហូតដល់ ១០ ម៉ែត្រ ដោយក្នុងនោះប្រវែង ៤០គីឡូម៉េត្រ នឹងត្រូវពង្រីកពី ២គន្លង ទៅជា ៤គន្លង។ ក្នុង​នោះ​ក៏​មាន​ការ​សាងសង់​ស្ពានចាស់ចំនួន ២៤ កន្លែង ដែល​ត្រូវពង្រីកទំហំទទឹងរហូតដល់ ១០ ម៉ែត្រ និងសាងសង់ស្ពានថ្មីចំនួន ០៨ កន្លែងទៀត ដោយក្នុងនោះមាន ០២ កន្លែង ជាទីតាំងដែលតែងតែរងគ្រោះដោយ​ទឹកជំនន់ជារៀងរាល់ឆ្នាំ។ ស្ពានសរុបទាំង ៣២ កន្លែងគ្រោងនឹងសាងសង់ឱ្យបានរួចរាល់ក្នុងឆ្នាំ២០២៥។

នៅក្នុងគម្រោងក៏មានការជួសជុលស្ថានីយជញ្ជីងថ្លឹងយានយន្តចំនួន ០៤ ទីតាំង ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការរឹតបន្តឹងការអនុវត្តច្បាប់លើការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

ការ​ស្តារ​និង​លើកកម្រិតគុណភាព​ផ្លូវជាតិ​លេខ ៤ តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងកំពង់ផែភាគនិរតីដែលជាកំពង់ផែសមុទ្រអន្តរជាតិតែមួយគត់របស់កម្ពុជា​ប្រើប្រាស់​​កម្ចី​សម្បទាន ១១០ លានដុល្លារ​ពី​ធនាគារពិភពលោក។

ផ្លូវ​ជាតិ​លេខ ៣១ និង​ផ្លូវ​ជាតិ​លេខ ៣៣

ត្រឹមចុងខែឧសភាឆ្នាំ ២០២៣ ផ្លូវជាតិលេខ ៣១ សម្រេចបានជាង ២៣% ខណៈដែលផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣១% ហើយ លទ្ធផលបង្ហាញឱ្យឃើញថា គម្រោងទាំងពីរអាចនឹងបញ្ចប់មុនពេលកំណត់។

ផ្លូវជាតិលេខ៣១ មានប្រវែងសរុបប្រមាណ ៥៣,៥៣គីឡូម៉ែត្រ គិតចាប់ពីថ្នល់បែកគុស (ចំណុចប្រសព្វផ្លូវជាតិលេខ៣) រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច (ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) រីឯ​ផ្លូវជាតិលេខ៣៣ មានប្រវែងសរុបប្រមាណ ៥២,៥៧ គីឡូម៉ែត្រ ចាប់ពីក្រុងកំពត បន្តរហូតដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) រួមទាំងផ្លូវតភ្ជាប់ក្នុងក្រុងកំពត (ផ្លូវក្រុងលេខ ៧០៩)។

ផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ​២០២២​។ ក្នុង​នោះ​ផ្លូវជាតិលេខ ៣១ គ្រោងចំណាយថវិកាប្រមាណជាង ៦០ លានដុល្លារអាមេរិក និងផ្លូវជាតិលេខ ៣៣ គ្រោងចំណាយប្រមាណជាង ៦១ លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។

ផ្លូវជាតិទាំងពីរខ្សែនេះ អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ប្រើរយៈពេល​សាងសង់​ចំនួន ៤០ ខែ ដែលគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។

ផ្លូវ​ជាតិ​លេខ ២៣

កំណាត់ផ្លូវជាតិលេខ ២៣ ដែលមានប្រវែង ១៩,៨៣ គីឡូម៉ែត្រ តម្លៃប្រមាណ ២១,៦៨ លានដុល្លារអាមេរិកបាន​បើក​ការដ្ឋានសាងសង់នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៣។

កំណាត់ផ្លូវជាតិលេខ២៣ គឺជាខ្សែផ្លូវដ៏មានសក្តានុពល និងមានភាពប្រទាក់ក្រឡាតភ្ជាប់ជាមួយផ្លូវជាតិលេខ ២១B និងផ្លូវជាតិលេខ ២១ ឆ្ពោះទៅកាន់ទិសដៅរាជធានីភ្នំពេញ និងព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) និងតភ្ជាប់ជាមួយផ្លូវជាតិលេខ១៤ ទិសដៅអ្នកលឿង ខេត្តព្រៃវែង និងព្រំដែនកម្ពុជា-វៀតណាម (ក្អមសំណ-វិញសឿង) និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវផ្សេងៗដទៃទៀតនៅក្នុងតំបន់នេះ។

ចំណុចចាប់ផ្តើមការ​ស្ថាបនា​ផ្លូវ​នេះ​ចាប់​ពីឃុំជ្រោយតាកែវឆ្លងកាត់ឃុំលើកដែក ស្រុកកោះធំ (ចាប់​ពី​គល់​ស្ពានកោះធំ) រហូតដល់ឃុំពាមរាំង ស្រុកលើកដែក (តភ្ជាប់ជាមួយផ្លូវខេត្ត​លេខ​១៤) នៃភូមិសាស្រ្តខេត្តកណ្តាល។

គម្រោងត្រូវស្ថាបនាជា ២ គន្លងទៅ និង ២ គន្លងមក ដោយពង្រីកទទឹងតួផ្លូវប្រវែង ១១ ម៉ែត្រ និងក្រាលកៅស៊ូ AC កម្រាស់ ៨ សង់ទីម៉ែត្រ លើទទឹងតួផ្លូវប្រវែង ១០ម៉ែត្រ ដោយ​អនុវត្តការសាងសង់ដោយក្រុមហ៊ុន Heng Sambat Co., Ltd Import Export Transportation and Construction ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ ខែ និងប្រើប្រាស់ថវិកា​ដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីសរុបប្រមាណ ២១,៦៨លានដុល្លារអាមេរិក។

កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A ប្រវែងសរុប ៩៨ គីឡូម៉ែត្រក្នុងខេត្តក្រចេះ

គម្រោងលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់​កំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ៣៧៧A បាន​បើកការដ្ឋានកាលពីថ្ងៃ​ទី ៤ ខែមេសាឆ្នាំ២០២៣។

កំណាត់ផ្លូវទាំង ៣ ខ្សែនេះ មានប្រវែងសរុប ៩៨,៤គីឡូម៉ែត្រ ដែលក្នុងនោះ៖ កំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៩,៨១​គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកប្រធាតុ ភូមិប្រធាតុ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ទៅដល់ស្ពានកំពង់រាំង ឃុំសេដា ស្រុកតំបែរ (ព្រំប្រទល់ខេត្តក្រចេះ) ត្រូវស្តារពង្រីក និងលើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលកៅស៊ូ AC កម្រាស់ ៥ សង់ទីម៉ែត្រ និងក្រាលបេតុងសរសៃដែកកម្រាស់ ២០ សង់ទីម៉ែត្រ ទទឹង ១០-១៣ ម៉ែត្រ (សម្រាប់ផ្លូវ ២គន្លង) និងទទឹង​១៥,៧-១៦​ម៉ែត្រ (សម្រាប់ផ្លូវ ៤គន្លង ក្នុងទីប្រជុំជន)។

ចំណែក​ផ្លូវខេត្តលេខ ៣៧៧ និង ៣៧៧A មានប្រវែងសរុប ៤៨,៦គីឡូម៉ែត្រ ក្នុងនោះផ្លូវខេត្តលេខ ៣៧៧ មានប្រវែង ៣៥ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលព្រាប ស (ក្រុងក្រចេះ) ដល់ស្រុកសំបូរ និងផ្លូវខេត្តលេខ ៣៧៧A មានប្រវែង ១៣,៦​ គីឡូម៉ែត្រ ចាប់ពីផ្សារសណ្តាន់ ឃុំសណ្តាន់ ដល់ភូមិសង្គម ឃុំសណ្តាន់ នៃស្រុកសំបូរ។

ផ្លូវខេត្តលេខ៣៧៧ និង៣៧៧A គឺតភ្ជាប់ពីទីប្រជុំជនក្នុងខេត្ត​ក្រចេះ (ពីរង្វង់មូលព្រាបស) ឆ្ពោះទៅកាន់តំបន់ទេសចរណ៍​ធម្មជាតិព្រែកកាំពី និងទេសចរណ៍ប្រវត្តិសាស្រ្តវិហារសសរ​១០០ និងតភ្ជាប់ទៅកាន់​ផ្លូវជាតិលេខ ៧ ឆ្ពោះទៅខេត្តស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។

កំណាត់ផ្លូវជាតិលេខ ៧៣ សាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture។ ដោយឡែកផ្លូវខេត្ត​លេខ ៣៧៧ និង ៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd គ្រោងចំណាយ​រយៈពេល​សាងសង់ចំនួន ១៨ ខែ និងចំណាយថវិកាសាងសង់សរុបប្រមាណ​ ៤០ លាន​ដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក។

ផ្លូវ​ខេត្តលេខ ៣១២

ផ្លូវខេត្តលេខ៣១២ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយដែលឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្ត្រនៃស្រុកព្រះស្តេច ខេត្តព្រៃវែងរួមមាន៖ ឃុំល្វា ឃុំជ័យកំពក ឃុំអង្គររាជ និងឃុំបន្ទាយចក្រី។ ខ្សែផ្លូវនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងផ្លូវជាតិលេខ ១ ផ្លូវខេត្តលេខ ៣១២A និងផ្លូវក្រវាត់ព្រំដែន ដែលបានតភ្ជាប់តំបន់ទីប្រជុំជនទៅកាន់តំបន់ព្រំដែន (កម្ពុជា-វៀតណាម)។

ផ្លូវខេត្តលេខ៣១២ មានប្រវែង ២៨,៣៧២ គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី ភូមិសំរោង ឃុំល្វា (ត្រង់បំបែកផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៧៧+០៨២) រហូតដល់ភូមិករគោ ឃុំបន្ទាយចក្រី (ព្រំប្រទល់កម្ពុជា-វៀតណាម) នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង ដោយគ្រោងចំណាយថវិកាអស់ជាង ២៤ លានដុល្លារ។

ផ្លូវមួយខ្សែនេះសាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ ខែ និងរយៈពេលថែទាំចំនួន ៦០ ខែ ដោយប្រើប្រាស់កម្ចីពីធនគារអភិវឌ្ឍន៍អាស៊ី រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលប្រមាណ ២៤,៨៩ លានដុល្លារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម