ព័ត៌មានជាតិ
អនុវិស័យដំណាំនិងនេសាទ នឹងជំរុញឱ្យវិស័យ កសិកម្មមានកំណើន ១,១ ភាគរយនៅឆ្នាំ២០២៤
វិស័យកសិកម្ម ត្រូវបានរំពឹងថា នឹងបន្តមានកំណើនល្អក្នុងរង្វង់ ១,១% នៅឆ្នាំ ២០២៤ បើធៀបនឹងឆ្នាំ ២០២៣ ០,៩% ដោយពឹងផ្អែកលើនិន្នាការល្អនៃអនុវិស័យដំណាំ និងការបន្តងើបឡើងវិញនៃអនុវិស័យនេសាទ ខណៈដែលអនុវិស័យ ចិញ្ចឹមសត្វនៅបន្តមានស្ថិរភាព។ នេះបើយោងតាមសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២៤។

ការព្យាករកំណើនក្នុងរង្វង់ ១,១%នេះ ចូលរួមគាំទ្រពីអនុវិស័យដំណាំបន្តនិន្នាការល្អ ដោយសារការរំពឹងទុកនូវកំណើននៃ ផលិតកម្ម ដែលជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងៗរួមមាន «កិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)»ជាដើមគួបផ្សំនឹងការបង្កើនការវិនិយោគរបស់រាជរដ្ឋាភិបាលតាមរយៈការបន្តផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ការនាំ ចូលវត្ថុធាតុដើមកសិកម្ម និងការផ្តល់ហិរញ្ញប្បទានក្នុងការជំរុញផលិតកម្មក្នុងស្រុក។
ប្រភពដដែលបញ្ជាក់ទៀតថា សម្រាប់អនុវិស័យចិញ្ចឹមសត្វនៅបន្តរក្សាបានស្ថិរភាព ដោយសារការរំពឹងទុកនូវការកើន ឡើងនៃផលិតកម្ម ដែលជំរុញដោយតម្រូវការក្នុងស្រុកសម្រាប់បម្រើការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍ គួបផ្សំនឹង វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល និងការអនុវត្តគម្រោងរបស់ដៃគូអភិវឌ្ឍន៍នានា។
ចំពោះអនុវិស័យនេសាទនឹងបន្តងើបឡើងវិញ ក្រោមការរំពឹងទុកនូវកំណើនផលចាប់ទឹកសាប ដែលបន្តស្តារឡើងវិញ ដោយការដាក់ចេញនូវគោលនយោបាយបង្ក្រាបបទល្មើសនេសាទ គួបផ្សំនឹងការងើបឡើងបណ្ដើរៗមកវិញផលិតកម្ម វារីវប្បកម្ម ព្រមទាំងការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល តាមរយៈការដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ, ការគាំទ្រ ផ្នែកហិរញ្ញប្បទាន, ការផ្សព្វផ្សាយបច្ចេកទេស និងការប្រើប្រាស់ពូជត្រីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងគុណភាព។
យោងតាមសៀវភៅគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ ២០២២-២០៣០ បានឱ្យដឹងថា ផលិតភាព កសិកម្មកម្ពុជាមានកម្រិតទាប បើធៀបជាមួយប្រទេសដទៃទៀតក្នុងតំបន់ ក្នុងនោះការធ្វើទំនើបកម្មប្រព័ន្ធផលិតកម្ម ទើបតែចាប់ផ្ដើម និងក្នុងល្បឿនយឺត។ យន្តកម្មកសិកម្ម និងការប្រើប្រាស់ធាតុចូលកសិកម្មសមស្រប តម្រូវឱ្យមានការ លើកកម្ពស់ការយល់ដឹង ការបង្កើនសមត្ថភាពបច្ចេកទេស និងការទទួលបានឥណទាននៅក្នុងវិស័យនេះទាំងមូល។
បន្ថែមលើនេះ សមត្ថភាពក្នុងការផ្សព្វផ្សាយ បច្ចេកទេសកសិកម្មទំនើប និងសមស្របមិនទាន់មានលក្ខណៈគ្រប់គ្រាន់ នៅឡើយ ជាពិសេសការប្រើប្រាស់ធាតុចូលកសិកម្ម (គ្រាប់ពូជ ជី និងថ្នាំកសិកម្ម) គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យា ក្រោយប្រមូលផលជាដើម។ កត្តាទាំងនេះរួមចំណែកដល់ថ្លៃដើមផលិតកម្មខ្ពស់និងផលិតភាពទាប ដែលបណ្ដាលឱ្យ មានការលំបាក ក្នុងការប្រកួតប្រជែង។
ទន្ទឹមនឹងនេះប្រព័ន្ធផលិតកម្មកសិកម្មចាំបាច់ត្រូវសម្របតាមនិន្នាការកើនឡើងនៃការធ្វើចំណាកស្រុកពីជនបទមកទី ប្រជុំជន។ កសិករដែលមានដីកសិកម្មតិចតួច មិនអាចទទួលបានអត្ថប្រយោជន៍ពីសេដ្ឋកិច្ចវិមាត្រ និងអាចប្រកួតប្រជែង បានទេ ដោយសារតែការចំណាយលើផលិតកម្មខ្ពស់ ដែលនាំឱ្យមានប្រាក់ចំណេញទាប៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


