ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ការបណ្ដុះបណ្ដាលជំនាញ ១លាន ៥សែននាក់ នឹងផ្ដោតលើវិស័យ ១០ ហើយមានមុខជំនាញចំនួន ៣៨
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់ នឹងផ្ដោតលើវិស័យចំនួន ១០ ហើយមានមុខជំនាញចំនួន ៣៨។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសដែលមានមូលដ្ឋាន ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់ មិនតម្រូវឲ្យបង់ប្រាក់នោះទេ ហើយចូលរួមបណ្ដុះបណ្ដាលពេញម៉ោង និងមានប័ណ្ឌក្រីក្រ នឹងទទួលបាននូវប្រាក់ឧបត្ថម្ភ ថែមទៀត ប្រមាណជា ២៨ម៉ឺនរៀល ក្នុងមួយខែ។ ក្នុងនោះដែរ ថវិកាជាតិរាប់រយលានដុល្លារ សម្រាប់ប្រើប្រាស់ក្នុងការរៀបចំការបណ្ដុះបណ្ដាលនោះ ក៏រាជរដ្ឋាភិបាល បានត្រៀមរួចរាល់ហើយដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «យើងបង្កើតឲ្យច្រើន កម្មវិធីគោលនយោបាយ ហើយកម្មវិធីមិនមែនលើ ក្រដាសទេ កម្មវិធីនឹងចាត់តាំងអនុវត្តនៅមូលដ្ឋាន បងប្អូននឹងទទួលផលជាក់ស្ដែង ថវិកាជាតិយើងបានត្រៀមហើយ រាប់រយលានដុល្លារ ដើម្បីត្រៀមផ្ដល់ដល់បងប្អូន ដើម្បីជួយបងប្អូនបង្កើនសមត្ថភាព ការបណ្ដុះបណ្ដាលកូនចៅប្រជាពលរដ្ឋយើង»។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់នេះ គឺផ្តោតទៅលើវិស័យចំនួន ១០ ហើយមានមុខជំនាញចំនួន ៣៨ នៅក្នុងវិស័យទាំង ១០នោះ។ វិស័យទាំង ១០នោះ រួមមាន៖ សំណង់, អគ្គិសនី, អេឡិចត្រូនិក, មេកានិកទូទៅ, ទេសចរណ៍, សេវាកម្ម, កសកម្ម, កសិឧស្សាហកម្ម, ធុរកិច្ច និងបច្ចេកវិទ្យាព័ត៌មាន ជាដើម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ក្នុងវិស័យទាំង ១០នេះ មានមុខជំនាញ ៣៨ សម្រាប់ឲ្យបងប្អូន ហើយតាមកន្លែងនីមួយៗ យើងមើលតាមតម្រូវការជាក់ស្ដែងឲ្យបងប្អូន ហើយសួរថា យើងចេញមកវិស័យ ១០ ជាមួយនឹងមុខជំនាញ ៣៨នេះ យើងចេញមកដោយក្ដីស្រម៉ៃ យប់មិញចាក់ឆ្នោត ចាប់លេខទៅ បើកចាក់គម្ពីទៅចេញទៅអី? អត់ទេ គឺសិក្សាវាយតម្លៃច្បាស់លាស់ ផ្អែកទៅលើមូលដ្ឋានជាក់ស្ដែងនៃតម្រូវការ»។
សូមជម្រាបថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ខាងមុខនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងប្រកាសអំពីគោលនយោបាយបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១លាន ៥សែននាក់ ជាផ្លូវការ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយបណ្ដុះបណ្ដាលនេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ ជាពិសេសយុវជនតែម្ដង៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


